ភ្នំពេញៈ គម្រោង​សិក្សា​មួយ​ស្តីពី​ការយល់ដឹង​ពី​ការប្រើប្រាស់​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដែល​រៀបចំ​ដោយ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​បាន បង្ហាញថា ៣០% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​ទូទៅ ក្នុង​ទីក្រុង​ភ្នំពេញ បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រហ័ស អង់ទីហ្ស៊ែន​រក​ជំងឺ​កូវីដ ១៩ ក្នុង​រយៈពេល ៦ ខែ​កន្លងមក។​

​ការប្រមូល​នេះ​ធ្វើឡើង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​, ទួលគោក ៧​មករា ចំការមន ច្បារអំពៅ មានជ័យ ជ្រោយចង្វារ ព្រែក​ព្នៅ និង​ឫស្សីកែវ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខា​ភិបាល កាលពី​ថ្ងៃទី ២ ខែ​វិច្ឆិកា បាន​ឱ្យដឹង​ថា ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ការងារ​ស្រាវជ្រាវ ដែលមាន​ការចូលរួម​ពី​សាកល​វិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា និង​សាកល​វិទ្យាល័យ New South Wales នៃ​ប្រទេស​អូស្ត្រាលី ដោយ​បាន​រកឃើញ​លទ្ធផល​សំខាន់ៗ មួយ​ចំនួន​ពី​ការយល់​ដឹង​ពី​ការប្រើប្រាស់​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​ទូទៅ។​

​លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​បញ្ជាក់ថា​៖ «៣០% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ប្រជាជន​ទូទៅ ក្នុង​ទីក្រុង​ភ្នំពេញ បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រហ័ស​ដែលមាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន ២៨០ នាក់ ហើយ​និង​ប្រជាជន​ទូទៅ​ចំនួន ២៨០ នាក់ ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម ក្នុងការ​អង្កេត​បែប​បរិមាណ»។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ស្រាវជ្រាវ​នៃ​គម្រោង​សិក្សា​នេះ​ថា ការងារ​ស្រាវជ្រាវ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់។​

​លោក​ថ្លែងថា​៖ «​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ នឹង​ក្លាយជា​ធាតុ​ចូល​យ៉ាង​សំខាន់ សម្រាប់​ក្រសួង​សុខាភិបាល ក្នុងការ​បង្កើតជា​យុទ្ធសាស្ត្រ ដើម្បី​ធ្វើឱ្យ​ការប្រើប្រាស់​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ក្នុង​ប្រទេស​កម្ពុជា​យើង​កាន់តែ​ប្រសើរឡើង និង​កាន់តែ​ទូលំ​ទូលាយ សមស្រប និង​ត្រឹមត្រូវ​តាម​បទ​និយាម​ស្តង់ដារ​បស់​តេស្ត​រហ័ស»។​

​លទ្ធផល​សិក្សា​ស្រាវជ្រាវ​នេះ ក៏បាន​បង្ហាញ​ផងដែរ​ថា មានតែ ២០% នៃ​អ្នក​ចូលរួម​ការសិក្សា ដែល​ធ្លាប់​ទិញ​តេស្ត​រហ័ស អង់ទីហ្ស៊ែន​រក​ជំងឺ​កូវីដ ១៩ យល់ថា តេស្ត​រហ័ស​នេះ​មាន​តម្លៃ​ថោក ខណៈដែល​អ្នក​ចូលរួម​ការសិក្សា​ប្រហែល​ជា​ពី ៤០-៥០% ទទួល​បាន​តេស្ត​រហ័ស​រក​ជំងឺ​កូវីដ ១៩ ដោយ​មិន​បង់​ប្រាក់​កម្រៃ ពី​កន្លែង​ធ្វើការ​របស់​គាត់។

​សេចក្តី​ប្រកាសថា​៖ «​តម្លៃថោក និង​ការណែនាំ​ពី​ឱសថការី គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ជ្រើសរើស​តេស្ត​រហ័ស​អង់ទីហ្ស៊ែន រក​ជំងឺ​កូវីដ ១៩​បើ​យោងតាម​ចម្លើយ​ផ្តល់​ដោយ​អ្នកចូលរួម​ការសិក្សា​របស់​យើង»។​

​លោក ម៉ម ប៊ុនហេង ក៏បាន​បង្ហាញ​ដែរ​ថា នេះ​ជា​ជ័យជម្នះ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​ជំងឺ​កូវីដ ១៩​ដោយ​បាន​ដាក់ចេញ​វិធានការ​ផ្សេងៗ​ទាន់ពេល​វេលា និង​មាន​ប្រសិទ្ធភាព​រហូត​កម្ពុជា​អាច​បើក​ប្រទេស​ឡើងវិញ​ទាំងស្រុង និង​ស្តារ​នូវ​ខឿន​សេដ្ឋកិច្ចជាតិ​បាន​ឡើង​វិញ​ផងដែរ​។​លោក​ថា​៖ «​ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៤ ក្នុង​សន្ទស្សន៍​នៃ​ការ​ងើបឡើង​វិញ​រួច​ផុតពី​ការ​ចម្លង​នៃ​វីរុស​កូវីដ ១៩ របស់ Nikkei និង​ក្នុង ៤ ខែ​ជាប់ៗ​គ្នា​ចុងក្រោយ​នេះ៕