ភ្នំពេញៈ អ្នកអភិរក្សបរិស្ថានកម្ពុជាចំនួន ៦ នាក់ត្រូវបានទទួលស្គាល់ជា «បុគ្គលឆ្នើមអភិរក្សទន្លេមេគង្គ» ពីគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដោយពួកគេបានធ្វើសកម្មភាពថែទាំបរិស្ថានរាប់ទាំងការងារអភិរក្សប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ដូចជាផ្សោតទន្លេមេគង្គ ត្រីរាជ កន្ធាយក្បាលកង្កែប។
បុគ្គលឆ្នើមទាំង ៦ នាក់បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់សហគមន៍ក្នុងមូលដ្ឋានពីកិច្ចការពារធនធានដែលមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា រួមមាន ព្រៃឈើ និងមច្ឆជាតិ ខណៈកម្មវិធីផ្តល់ពានរង្វាន់ដល់បុគ្គលឆ្នើមត្រូវបានប្រារព្ធធ្វើឡើងនាថ្ងៃទី ៣ ខែវិច្ឆិកា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដើម្បីទទួលស្គាល់ពីស្នាដៃរបស់បុគ្គលឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ និងបង្ហាញខ្សែវីដេអូខ្លីៗដែលបង្កើតឡើង ដើម្បីបង្ហាញពីស្នាដៃរបស់បុគ្គលឆ្នើមទាំងនេះ។
កម្មវិធីបុគ្គលឆ្នើមអភិរក្សទន្លេមេគង្គត្រូវបានផ្តួចផ្តើមឡើងដោយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដើម្បីបង្ហាញបុគ្គលគំរូក្នុងតំបន់ទន្លេមេគង្គ ដែលធ្វើការសិក្សាស្រាវជ្រាវ ការពារ ឬលើកកម្ពស់ចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ ជម្រក និងមរតកវប្បធម៌នៅទន្លេមេគង្គ។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងថា សុខុមាលភាពទន្លេ គឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនានាទូទាំងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ការទទួលស្គាល់ និងបង្ហាញជាសាធារណៈចំពោះអ្នកដឹកនាំគាំពារបរិស្ថាន គឺមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងយើងទាំងអស់គ្នាក្នុងការទទួលខុសត្រូវថែរក្សាសម្បត្តិធម្មជាតិដែលមានតម្លៃដ៏មហាសាលនៃប្រទេសកម្ពុជា»។
លោក ហ្សេប ហូហ្គេន មច្ឆវិទូ នៃសាកលវិទ្យាល័យណេវ៉ាដា នៃទីក្រុងរីណូ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានថ្លែងថា តំបន់ទន្លេមេគង្គ និងពិភពលោកត្រូវការបុគ្គលឆ្នើមដែលធ្វើការងារលើតំបន់ទឹកសាប។
លោកថ្លែងថា៖ «ការងាររបស់បុគ្គលឆ្នើមទាំង ៦ នេះបានបណ្តុះគំនិតដល់យើងទាំងអស់ និងក្រើនរំឭកយើងពីសារៈសំខាន់នៃការផ្សារភ្ជាប់គ្នារវាងទន្លេ និងជីវិតដែលរស់នៅក្នុងទឹក»។
លោកស្រី ហូយ ស្រីនៅ គឺជាមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផលកម្ពុជា។ លោកស្រីសិក្សាពីការលូតលាស់របស់ត្រីជិតផុតពូជ ដែលកូនត្រីទាំងនោះ ប្រមូលបានពីក្នុងទន្លេមេគង្គនឹងត្រូវបានចិញ្ចឹម និងថែបំប៉នក្នុងស្រះពិសោធន៍ មុនពេលលែងពួកវាចូលទៅក្នុងជម្រកធម្មជាតិវិញ។
លោក សោម ស៊ីថា គឺជាប្រធានគម្រោងមេគង្គ និងស្រែអំបិលនៅសមាគមអភិរក្សសត្វព្រៃ (WCS) ។ ចាប់តាំងពីការរកឃើញសត្វកន្ធាយក្បាលកង្កែបក្នុងទន្លេមេគង្គរវាងខេត្តក្រចេះ និងស្ទឹងត្រែងកាលពី ១០ ឆ្នាំមុនមក លោកបានចូលរួមចំណែកក្នុងការងារអភិរក្សប្រភេទដ៏កម្រនេះ រួមទាំងធ្វើការជាមួយសហគមន៍ ដើម្បីការពារសម្បុកអណ្តើកបានជាង ៥០ សម្បុកក្នុង ១ ឆ្នាំៗ។
លោកស្រី ប៊ុត ច័ន្ទមេត្តា គឺជាមន្ត្រីជាន់ខ្ពស់ផ្នែកអប់រំ និងផ្សព្វផ្សាយនៃអង្គការ ដោយមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា។ តាមរយៈសកម្មភាពលើកកម្ពស់ការយល់ដឹងនៅក្នុងភូមិចំនួន ៩០ តាមដងទន្លេមេគង្គ លោកស្រី ច័ន្ទមេត្តា ជួយទំនាក់ទំនងគុណតម្លៃនៃជីវៈចម្រុះតាមដងទន្លេមេគង្គ និងសារៈសំខាន់នៃការការពារផ្សោតក្បាលត្រឡោកដែលជាប្រភេទជិតផុតពូជ ព្រមទាំងត្រី សត្វស្លាប និងសត្វព្រៃដទៃទៀតទៅកាន់សាធារណជន ចំនួនប្រមាណ ១ ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
លោក ហោ សំអាត គឺជាអនុប្រធានសហគមន៍នេសាទស្តីក្រោមរហាលសួង។ លោកបានចូលរួមជាមួយសមាជិកសហគមន៍ និងដៃគូរដ្ឋាភិបាល ដើម្បីអភិរក្សបឹងធម្មជាតិនៅក្នុងសហគមន៍របស់គាត់ រាប់ទាំងកិច្ចការពារត្រីមេពូជនារដូវប្រាំង អភិរក្សតំបន់ត្រីពងកូន ស្តារព្រៃលិចទឹក និងការពារជម្រករបស់ស្វាខ្មៅ ឬស្វាព្រាម និងសត្វភេ។
លោកស្រី លុយ រស្មី គឺជានាយិកាប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌។ លោកស្រី ធ្វើការងារដើម្បីជំរុញការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងការអភិរក្សធនធានធម្មជាតិនៅភាគឦសាននៃប្រទេសកម្ពុជា ដោយបង្កើត និងពង្រឹងសហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍អេកូទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជីវភាពរស់នៅ។
លោក ឡោ គឹមសាន គឺជាមន្ត្រីគម្រោងស្រាវជ្រាវនៃអង្គការ WWF កម្ពុជា។ លោកបានចំណាយពេល ១៥ ឆ្នាំ ដើម្បីសិក្សា និងអភិរក្សជីវៈចម្រុះនៅតាមដងទន្លេមេគង្គរវាងខេត្តក្រចេះ និងស្ទឹងត្រែង រួមទាំងការស្រាវជ្រាវ និងតាមដានប្រភេទសត្វជិតផុតពូជជាសកល ដូចជាផ្សោតក្បាលត្រឡោក សត្វក្តាន់ សត្វរំពេទន្លេ និងសត្វត្រយ៉ងចង្កំសជាដើម៕