កំពង់ឆ្នាំងៈ ជនសង្ស័យ​ចំនួន ​២ ​នាក់​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកផុស​ចាប់​ឃាត់ខ្លួន ករណី​លួច​ក្របី​ចំនួន​ ៤ ​ក្បាល (​ញី​ចំនួន ៣ ​ក្បាល និង​កូនឈ្មោល​ចំនួន ១​ ក្បាល​) ដោយបាន​ដឹក​ឡើង​រថយន្ត នៅ​ចំណុច​ព្រែកជីក ស្ថិត​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ក្តុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាលពី​វេលា​ម៉ោង​ ១ និង​ ៣០ ​នាទី​រំលង​អាធ្រាត្រ ឈានចូល​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​។

មន្ត្រីនគរបាល​ស្រុក​ទឹកផុស​បានឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​ ២ ​នាក់​មាន​ឈ្មោះ​ ១-​ ម៉េន បាវ ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ និង ២-​ ឈ្មោះ ឈន ដានឹត ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ ។

ជនសង្ស័យ​ទាំង​ ២​ នាក់​រស់នៅ​ភូមិ​អណ្តូង​តាជោ ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

វត្ថុតាង​ដកហូត​បានរួម​មាន រថយន្ត​សាំយ៉ុង​ ១ ​គ្រឿង (​កែឆ្នៃ​) និង​ក្របី ៤ ក្បាល ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​២ ​នាក់ រួមទាំង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រុក កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ៕