ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសជួញដូរមនុស្ស ខណៈទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួល ដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍។
លោកបញ្ជាក់ដូច្នេះក្នុងជំនួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី៤ ខែវិច្ឆិកា។
ហ្វេសប៊ុកក្រសួងមហាផ្ទៃបញ្ជាក់ក្រោយជំនួបថា លោក Murphy បានកត់សម្គាល់ទៅលើយុទ្ធនាការ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកម្ពុជាបានអនុវត្តក្នុងរយៈពេលកន្លងមក។ លោកថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។
ហ្វេសប៊ុកដដែលបានដកស្រង់សម្ដី លោក Murphy ថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការងារនេះជាមួយអន្តរក្រសួងផ្សេងៗទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។
លោក ស ខេង ថ្លែងថា៖ «នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។ បច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស»។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តនូវកិច្ចការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ជាដើម។
លោក ស ខេង បញ្ជាក់ថា៖ «អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាននិងកំពុងតែបន្តអនុវត្ត ដើម្បីសង្គ្រោះជនរងគ្រោះ ព្រមទាំងផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។ សមត្ថកិច្ចក៏បន្តពង្រីកការស្រាវជ្រាវបទល្មើសទាំងនេះ ដើម្បីរកឱ្យឃើញ ក្នុងករណីមានការពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់»។
លោកបន្តថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់៕