ភ្នំពេញៈ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា និង លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី ៤ ខែវិច្ឆិកា បានពិភាក្សាគ្នាអំពីកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានភាពធន់ (CAP-RED)។
លោក ឌិត ទីណា បានសរសេរនៅលើហ្វេសប៊ុក ក្រោយជំនួបនេះថា៖ «ខ្ញុំបានទទួលជួបឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លើវិស័យកសិកម្មនៅកម្ពុជា និងកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានភាពធន់»។
ក្រៅពីនេះ ភាគីទាំង២ក៏បានពិភាក្សាគ្នាអំពីគម្រោង CAP-RED ដែលជាគម្រោងថ្មីដោយប្រើថវិការបស់អូស្ត្រាលីដើម្បីឱ្យត្រូវនឹងតម្រូវការកម្ពុជា។
គួរបញ្ជាក់ថា បន្ទាប់ពីកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលត្រូវបានបញ្ចប់កាលពីខែមិថុនា រដ្ឋាភិបាលអូស្ត្រាលីបានបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅលើគម្រោងថ្មីមួយទៀត គឺការធ្វើពិពិធកម្មវិស័យកសិកម្មរបស់កម្ពុជា ក្រោមកម្មវិធីថ្មីគឺ CAP-RED ដែលផ្តោតលើវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងអប់រំ៕