ភ្នំពេញៈ «យុទ្ធនាការអន្ទាក់សូន្យ» ដែលបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ។
ខេត្តទាំងនោះរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ ហើយគោលដៅចម្បងនៃយុទ្ធនាការគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ នេះគឺជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលជាដៃគូរៀបចំយុទ្ធនារអន្ទាក់សូន្យ។
លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់អង្គការដៃគូដែលបានចូលរួមជាមួយក្រសួងបរិស្ថានរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផលលំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃ និងមនុស្ស។
យោងតាមលទ្ធផលនៃការអនុវត្តការងារក្នុងរយៈពេល ៦ ខែបានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យនេះមានអ្នកចូលរួមដោយផ្ទាល់ជាង ៣ ពាន់នាក់ មានអត្ថបទព័ត៌មានជាង ៦០០ ចំណងជើងត្រូវបានសរសេរ និងចុះផ្សាយលើបណ្តាញព័ត៌មានជាតិ និងអន្តរជាតិ និងបានផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋជាង ៣ លាននាក់។
ជាមួយគ្នានេះ ភោជនីយដ្ឋានចំនួន ៥២ ក្នុងខេត្តទាំង ៦ នៃខេត្តគោលដៅយុទ្ធនាការអន្ទាក់សូន្យ បានប្រកាសជាកន្លែងមិនលក់មុខម្ហូបដែលធ្វើពីសាច់សត្វព្រៃ ហើយភោជនីយដ្ឋានទាំងនេះបានទទួលនូវបណ្ណសរសើរមេត្រីបរិស្ថានពីក្រសួងបរិស្ថានចំពោះការតាំងចិត្ត និងចូលរួមក្នុងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «យុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ ដោយរក្សាព្រៃឈើបាន នឹងសម្បូណ៌សត្វព្រៃ»។
លោកបានបន្តថា សាធារណជនទូទៅនៅកម្ពុជាបានដឹងពីយុទ្ធនាការ អន្ទាក់សូន្យ និងបានទទួលព័ត៌មានយ៉ាងទូលំទូលាយតាមរយៈការផ្សព្វផ្សាយចេញពីយុទ្ធនាការអន្ទាក់សូន្យ។ តាមរយៈការអនុវត្តយុទ្ធនាការអន្ទាក់សូន្យភាគីពាក់ព័ន្ធ និងដៃគូទាំងអស់បានផ្តល់ឆន្ទៈធ្វើការរួមគ្នាដោយឈរលើមូលដ្ឋាននៃការស្វែងរកដំណោះស្រាយរួមគ្នាចំពោះវិបត្តិដែលកំពុងកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយគឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពាររបស់កម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរលោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តបន្ថែមដល់ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងការបន្តប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូប្រកបដោយឆន្ទៈរួមនេះ ដើម្បីរៀបចំផែនការសម្រាប់ការអនុវត្តយុទ្ធនាការអន្ទាក់សូន្យបន្តទៀត ដោយផ្តោតលើធាតុ ៣ សំខាន់ៗគឺ៖ ទី ១) គួររៀបចំផែនការសកម្មភាពជាក់លាក់ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ដើម្បីចូលរួមបង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យបានប្រសើរ ដែលជាការបន្តលើកទឹកចិត្តដល់សហគមន៍ក្នុងការចូលរួមការងារអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងសត្វព្រៃសម្រាប់បម្រើឱ្យការអភិវឌ្ឍវិស័យអេកូទេសចរណ៍។ ទី ២) បង្កើនការរៀបចំសកម្មភាពអប់រំជាក់លាក់បន្ថែមទៀតដល់អ្នកនិយមបរិភោគ អ្នកលក់ អ្នកទិញ និងអ្នកជួញដូរសត្វព្រៃ ដើម្បីសំដៅកែប្រែឥរិយាបថរបស់អ្នកទាំងនោះឱ្យបញ្ឈប់នូវទង្វើ ដែលសង្គមជាតិទូទៅមិនផ្តល់តម្លៃសោះ ហើយប្រែក្លាយសកម្មភាពខុសច្បាប់ទាំងនោះមកជាការចូលរួមក្នុងការការពារសត្វព្រៃ និងអភិរក្សជីវចម្រុះរបស់កម្ពុជាឱ្យស្ថិតនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់កូនចៅច្រើនជំនាន់តទៅថ្ងៃអនាគត។ និងទី ៣) គួររៀបចំនិងពង្រឹងផែនការអភិរក្សឱ្យមានប្រសិទ្ធភាពថែមទៀត ដើម្បីស្រាវជ្រាវតាមដាន ពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់ការពារ និងស្តារចំនួនសត្វព្រៃឱ្យមានស្ថានភាពប្រសើរឡើងវិញដោយលើកទឹកចិត្តឱ្យប្រជាជនសហគមន៍មូលដ្ឋានចូលរួមក្នុងសកម្មភាពទាំងនេះ ក្នុងគោលបំណងបញ្ចៀសឱ្យបាននូវការពង្រាយអន្ទាក់ថ្មីទៀត និងការបរបាញ់សត្វព្រៃខុសច្បាប់។
ក្រោមឆ័ត្រនៃ «យុទ្ធនាការអន្ទាក់សូន្យ» ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធបានមកធ្វើការរួមគ្នាក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានភាពជាដៃគូជាមួយអង្គការ WWF ទីភ្នាក់ងារជំនួយអាមេរិក USAID សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ BirdLife និង អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (Wild Earth Allies) អង្គការ FFI អង្គការ RECOFT អង្គការ ACCB គម្រោង Green Prey Lang, Morodok Baitong, Cambodia Green Future និងអង្គការដៃគូនៅកម្រិតមូលដ្ឋានផ្សេងទៀត ដោយបានរៀបចំជាសកម្មភាពយុទ្ធនាការ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមតំបន់នានាក្នុងខេត្តគោលដៅនៃតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។
ក្នុងរយៈពេលយុទ្ធនាការ ដៃគូពាក់ព័ន្ធទាំងអស់បានប្តេជ្ញាលុបបំបាត់ការដាក់អន្ទាក់ និងការជួញដូរសត្វព្រៃតាមរយៈយុទ្ធនាការជាតិនេះ។ ក្រសួងបរិស្ថាន ព្រមទាំងដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ធ្វើការរួមគ្នា ដើម្បីផ្តល់ជម្រើសមុខរបរ រួមទាំងគំនិតផ្តួចផ្តើម កសិកម្ម និងអេកូទេសចរណ៍ដល់សមាជិកសហគមន៍ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ ដែលមានទំនៀមទម្លាប់ពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃតាមបែបប្រពៃណី ដើម្បីយកសាច់បរិភោគ និងជួញដូរផ្សេងៗ។
ទាំងមន្ត្រីក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិលដែលធ្វើការងារអភិរក្សបានបង្ហាញការពេញចិត្តចំពោះលទ្ធផលដែលទទួលបានពីយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែមកនេះដោយបានគូសបញ្ជាក់ថាវាជាកិច្ចការងារចាំបាច់បំផុតដែលក្រសួងបរិស្ថាន និងអង្គការដៃគូរួមគ្នាធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបបំបាត់អន្ទាក់ ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជាជារៀងរាល់ថ្ងៃ។
គេមិនដឹងថាក្នុងមួយឆ្នាំមានអន្ទាក់ប៉ុន្មាននោះទេដែលត្រូវបានដាក់ក្នុងតំបន់ការពារធម្មជាតិកម្ពុជា តែយោងតាមទិន្នន័យនៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺនត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅ។ តាមការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូ បរិមាណអន្ទាក់ត្រឹមតែ ២០% ប៉ុណ្ណោះដែលដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។
អន្ទាក់សម្លាប់ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វដំរី ពពួកពានរ ក៏ដូចជាសត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ សត្វព្រៃដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។ អន្ទាក់គឺជាកត្តារួមចំណែកដ៏ធំមួយដល់ភាពផុតពូជនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា និងជាកត្តារួមចំណែកដ៏ចម្បងមួយនៃការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់នៃចំនួនសត្វខ្លារខិន។ នៅកម្ពុជា សត្វខ្ទីង ទន្សោង ប្រើស និងសត្វក្រចកជើងចម្ពាមច្រើនប្រភេទទៀតកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជ ដោយសារតែវិបត្តិអន្ទាក់នេះ។ រីឯសត្វត្មាត និងសត្វត្រយងយក្សដែលសុទ្ធសឹងជាប្រភេទសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជបំផុតក៏រងគ្រោះដោយវិបត្តិអន្ទាក់នេះ និងការបំពុលផងដែរ។
លោក នេត្រ ភក្ត្រា ក៏បានថ្លែងផងដែរថា៖ «យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្តធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
តួអង្គពាក់ព័ន្ធទាំងអស់បានរំពឹងទុកថា យុទ្ធនាការនេះនឹងដឹកនាំឱ្យឈានទៅដល់ការពិនិត្យឡើងវិញ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធនានាទាក់ទងទៅនឹងការដាក់ទោសចំពោះការកាន់កាប់អន្ទាក់ និងការប្រើសត្វឆ្កែនៅក្នុងតំបន់ការពារធម្មជាតិ ការបង្កើតឱ្យមានអង្គភាពអនុវត្តច្បាប់ចម្រុះនៅថ្នាក់ខេត្តទទួលបន្ទុកការប្រឆាំងនឹងឧក្រិដ្ឋកម្មសត្វព្រៃ និងការអនុម័តយកវិធានការបង្ការដែលបានណែនាំដោយអង្គការសុខភាពពិភពលោកកាលពីខែមេសា ឆ្នាំ ២០២១ ស្តីពីហានិភ័យសុខភាពសាធារណៈពាក់ព័ន្ធនឹងការលក់សត្វព្រៃរស់សម្រាប់ជាអាហារ និងការបរិភោគសាច់សត្វព្រៃ៕