ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធបានប្រជុំលើកទី ៤ នៃភាពជាដៃគូក្នុងវិស័យភ័ស្តុភារកម្មបៃតងប្រចាំឆ្នាំ ២០២២ (4th Green Logistics Partnership Conference 2022) ដើម្បីពិភាក្សា និងចែករំលែកបទពិសោធ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភ័ស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរ ឡើងវិស័យភ័ស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។
ក្រសួងសាធារណការបាន ឱ្យដឹងកាលពីថ្ងៃទី ៥ ខែវិច្ឆិកាថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្ដីការ ក្រសួងនាថ្ងៃសុក្រទី ៤ ខែវិច្ឆិកា ហើយលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជាបានដឹកនាំកិច្ចប្រជុំលើកទី ៤ នៃភាពជាដៃគូក្នុងវិស័យភ័ស្តុភារកម្មបៃតងប្រចាំឆ្នាំ ២០២២ ។ ក្នុងនោះការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីលេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍន៍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាភ័ស្តុភារកម្មអន្តរជាតិនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វិទ្យាស្ថានប្រព័ន្ធភ័ស្តុភារកម្មជប៉ុន និងវិស័យឯកជនផងដែរ។
ភ័ស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយសារបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាជាប់ពាក់ព័ន្ធនឹងវិស័យជាច្រើននៃសេដ្ឋកិច្ច វិស័យសាធារណៈ និងឯកជនចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធគោលនយោបាយទាក់ទងនឹងភ័ស្តុភារកម្មបៃតង បញ្ហាប្រឈម និងការអនុវត្តល្អៗពីវាគ្មិនសំខាន់ៗ សំដៅស្វែងរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់សកម្មភាពទាក់ទងនឹងភ័ស្តុភារបៃតង។
លោកអគ្គនាយកបានថ្លែងកត់សម្គាល់ពីការចូលរួមយ៉ាងផុលផុសលើការពិភាក្សា និងការចែករំលែកបទពិសោធ ការអនុវត្តល្អៗ ការផ្តល់នូវធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភ័ស្ភុភារកម្មបៃតងពីអង្គប្រជុំទាំងមូល ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គមផងដែរ។
ក្រសួងបានសម្គាល់ឃើញថា អ្នកចូលរួមបានយល់ដឹងច្រើនអំពីវិធីគ្រប់គ្រងសកម្មភាពទាក់ទងនឹងភ័ស្ភុភារកម្មបៃតង ជាពិសេសផែនការមេនៃគោលនយោបាយភ័ស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន ដែលផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីធ្វើឱ្យការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គម៕