អ្នកចរចា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ​សន្និបាត​ភាគី​លើក​ទី​ ២៧ (COP27) នឹងមិន​ត្រឹមតែ​បញ្ចុះបញ្ចូល​មេដឹកនាំ​ប្រទេស​ឱ្យ​ចំណាយលុយ​បន្ថែម​ទៅលើ​ដំណោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ស្នើឱ្យ​ដាក់ចេញ​នូវ​មធ្យោបាយ​ថ្មីៗ​ ដើម្បី​បង្កើត​ផល​ជះ​វិជ្ជមាន​បាន​លឿន​ជាង​មុន​។

ការវិវត្ត​យឺតយ៉ាវ​ជាច្រើន​ទសវត្សរ៍​លើ​ដំណោះស្រាយ​បញ្ហា​អាកាសធាតុ បាន​បន្ត​អូសបន្លាយ​ដោយសារ​តែ​មេដឹកនាំ​នយោបាយ​តែងតែ​ពន្យារពេល​ផែនការ​ហិរញ្ញវត្ថុ ហើយ​សូម្បី​ពេលខ្លះ ការជជែក​វែកញែក​ថា​តើ​ការប្រែប្រួល​អាកាសធាតុ​ពិត​ជាមាន​មែន​ឬក៏​យ៉ាងណា​នោះ ក៏​ធ្លាប់​កើតមានឡើង​ដែរ​កន្លងមក​។ អាកាសធាតុ​ឡើង​ក្ដៅ​ខ្លាំង​ក្នុង​ឆ្នាំនេះ​បានបង្ហាញ​ពិភពលោក​ថា ស្ថានភាព​បាន​ឈានដល់​ចំណុច​កំពូល​មួយចំនួន​ដែល​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​បាន​ព្រមាន​យើង​កន្លងមក​។

ការស្លាប់​មនុស្ស​ជាង ១ ៧០០ នាក់​នៅក្នុង​គ្រោះទឹកជំនន់​នៅ​ប្រទេស​ប៉ាគីស្ថាន ក៏ដូចជា​ការស្លាប់​បាត់បង់​ជីវិត​ចំនួន ៤ ០០០ នាក់​ដែល​បណ្តាល​មកពី​គ្រោះរាំងស្ងួត និង​ទឹកជំនន់​នៅ​ទូទាំង​ទ្វីបអាហ្វ្រិក គឺជា​ព្រឹត្តិការណ៍​ដ៏អាក្រក់ ជាពិសេស​បញ្ហា​សំណង​អាកាសធាតុ​ផងដែរ​នឹង​ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អំពី​អាកាសធាតុ​នៅ​ប្រទេស​អេហ្ស៊ីប​ចាប់ពី​ថ្ងៃទី​ ៦ ដល់​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​។

លោក Saleemul Huq នាយក​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បង់ក្លាដែស បាន​មាន​ប្រសាសន៍​ថា «​ប្រសិនបើ​ប្រទេស​នានា​បាន​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការបំភាយ​កាបូន​របស់​ពួកគេ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​យុទ្ធសាស្ត្រ​បន្សាំ​ខ្លួន នោះ​គ្រោះថ្នាក់​មួយចំនួន​អាច​នឹង​មិន​ត្រូវ​បានកើត​ឡើង​នោះទេ​»​។ លោក​បន្តថា​៖ «​ប៉ុន្តែ​ជា​អកុសល យើង​មិនបាន​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​នោះទេ​។ នៅពេលដែល​មនុស្ស​បាត់បង់​ជីវិត បាត់បង់​ជីវភាព​រស់នៅ និង​បាត់បង់​ផ្ទះសម្បែង​របស់​ពួកគេ នោះ​ការ​សម្រប​ខ្លួន​នឹង​មិន​អាច​ធ្វើ​ទៅបាន​ទៀត​ទេ​»​។

យោងតាម​ការស្រាវជ្រាវ​របស់​អង្គការ Oxfam តម្រូវការ​ជំនួយ​ហិរញ្ញវត្ថុ​ បន្ទាប់ពី​គ្រោះមហន្តរាយ​អាកាសធាតុ​បាន​កើនឡើង ៨ ដង​ធៀប​ទៅនឹង ២០ ឆ្នាំមុន ការខ្វះខាត​ថវិកា​គឺ​ចេះតែ​កើនឡើង​ជា​លំដាប់​ផងដែរ​។

អង្គការ Oxfam បាន​ធ្វើការ​គណនា​កង្វះ​ថវិកា​បាន​កើនឡើង​រហូត​ដល់ ៣៣ ប៊ីលាន​ដុល្លារ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ​។ តួលេខ​នេះ​ជា​ចំនួន​តិចតួច​នៅឡើយ បើ​ធៀប​ទៅ​នឹង​ការចំណាយ​នៃ​ការបាត់បង់ និង​ខូចខាត ដោយសារ​គ្រោះមហន្តរាយ​នាពេល​ថ្មីៗ​នេះ ដូចជា​គ្រោះទឹកជំនន់​នៅ​អឺរ៉ុប​ឆ្នាំ​ ២០២១ ដែល​បណ្តាលឱ្យ​មាន​ការ​ខូចខាត​ស្មើនឹង​តម្លៃ ៤៥ ប៊ីលាន​លាន​ដុល្លារ និង​ព្យុះ Hurricane Maria ឆ្នាំ​ ២០១៧ ដែល​បាន​បំផ្លិច​បំផ្លាញ​ស្មើនឹង ២២៦ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ដូមីនីក​។

ក្រុម​អ្នកស្រាវជ្រាវ​នៅ​ប្រទេស​អេស្បាញ​បាន​ប៉ាន់ប្រមាណ​ថា​គិត​ត្រឹម​ឆ្នាំ​ ២០៤០ តម្លៃ​នៃ​ការបាត់បង់​ និង​ការខូចខាត​ ដោយសារ​គ្រោះធម្មជាតិ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍​អាចឈាន​ដល់ ១ ទ្រីលាន​ដុល្លារ​។ តើ​អ្នកណា​ជា​អ្នក​ទូទាត់​ការចំណាយ​ដ៏ច្រើន​មួយ​នេះ​? វា​គឺជា​សំណួរ​មួយ​ដែល​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​អ្នកមាន​ត្រូវ​ទទួល​ខុស​ត្រូវចំ​ពោះ​ការ​បំភាយ​ឧស្ម័ន​ពុល​នាពេល​កន្លងមក ដែល​ធ្វើឱ្យ​មាន​ការឡើង​កំដៅ​ផែនដី​នាពេល​បច្ចុប្បន្ន​។

យ៉ាងណា​ក៏ដោយ អ្វីៗ​អាច​នឹង​ផ្លាស់ប្តូរ​នៅ​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នៃ​សន្និបាត​ភាគី​លើក​ទី​ ២៧ ​។ កាលពី​ខែកញ្ញា តំណាង​ក្រុម​អ្នកចរចា​ចំនួន ៣០ ក្រុម ក្រោម​ក្របខ័ណ្ឌ​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​មួយ​ផ្តោតលើ​បញ្ហា «​ការបាត់បង់ និង​ការខូចខាត​» ទាំងអស់នោះ​។

ជា​លទ្ធផល គណៈប្រតិភូ​បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់បញ្ចូល​ផែនការ​ហិរញ្ញវត្ថុ​ សម្រាប់​ការបាត់បង់ និង​ការខូចខាត​នៅក្នុង​របៀបវារៈ​បណ្ដោះអាសន្ន​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ឆ្នាំនេះ ដើម្បី​ពិភាក្សា​អំពី​ទិដ្ឋភាព​ដូចជា ការកំណត់​ពេលវេលា វិសាលភាព និង​ផែនការ​ចំណាយ​ហិរញ្ញវត្ថុ ព្រមទាំង​ប្រភព​សក្តានុពល និង​លក្ខណៈវិនិច្ឆ័យ​សិទ្ធិ​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​។

គួរ​រំឭក​ផងដែរ​ថា កាលពី​ឆ្នាំមុន កិច្ចពិភាក្សា​ស្តីពី​អាកាសធាតុ​ដែល​បាន​ធ្វើ​ឡើង​នៅ​អង់គ្លេស​បាន​បរាជ័យ​ក្នុង​ការ​ផ្តល់នូវ​មធ្យោបាយ​ហិរញ្ញវត្ថុ ដែល​ក្រុម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ចំនួន ១៣៤ ប្រទេស ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រទេស G77 និង​ប្រទេស​ចិន ក្រោម​ការដឹកនាំ​របស់​ប៉ាគីស្ថាន បាន​ទាមទារ​ឱ្យ​ប្រទេស​អ្នកមាន​ដាក់ចេញ​នូវ​មធ្យោបាយ​ហិរញ្ញវត្ថុ​ទាំងនោះ​។

លោក Harjeet Singh ប្រធាន​យុទ្ធសាស្ត្រ​នយោបាយ​សកល និង​អង្គការ​បណ្តាញ​សកម្មភាព​អាកាសធាតុ​អន្តរជាតិ (CAN) បាន​ពន្យល់ថា​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​សំណង​អាកាសធាតុ​មិនមាន​នៅក្នុង​របៀបវារៈ​របស់​កិច្ចប្រជុំ​កំពូល​នៃ​សន្និបាត​ភាគី​លើក​ទី​ ២៦ នោះទេ​។ កន្លងមក ការបាត់បង់ និង​ការខូចខាត​ទាំងអស់ ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ការ​សម្រប​ខ្លួន បើទោះបី​ជា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​បាន​បញ្ជាក់​ថា​វា​ជា​បញ្ហា​ដាច់​ដោយឡែក​ក៏ដោយ​។

លោក Singh បាន​បន្ថែមថា​៖ «​ប្រទេស​ទាំងនោះ​មាន​ការមិន​សប្បាយចិត្ត​ជាមួយនឹង​គំនិត​នៃ​សំណង​រូបិយវត្ថុ​នោះទេ ដែល​សូម្បីតែ​ការដាក់​ពាក្យ​ថា ការបាត់បង់ និង​ការខូចខាត​លើ​គេហទំព័រ ក៏​ពួកគេ​មិនអាច​ទទួល​យក​បានដែ​រ ហើយ​កំពុង​ប្រើ​លេស​ថា​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មិនទាន់​បាន​ដំណើរការ​នោះទេ​»​។

លោក Singh បាន​បន្តថា​៖ «​បន្ទាប់ពី​ឆ្នាំមុន​មក នៅពេល​ដែល​សៀវភៅ​ច្បាប់​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ ដើម្បី​ណែនាំ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ការជំទាស់​នឹង​គ្មាន​ប្រសិទ្ធភាព​ទៀត​នោះទេ​។ ដូច្នេះ ហិរញ្ញវត្ថុ​សម្រាប់​ការបាត់បង់ និង​ការខូចខាត​ត្រូវ​បាន​គេ​រំពឹងទុក​ថា​នឹង​លេចចេញ​រូបរាង​ឡើងជា​លើក​ដំបូង​នៅក្នុង​របៀបវារៈ​នៃ​សន្និបាត​ភាគី​លើក​ទី​ ២៧ នេះ​។

អ្នកស្រី Nisha Krishnan អ្នកជំនាញ​អាកាសធាតុ និង​វិទ្យាស្ថាន​ធនធាន​ពិភពលោក​នៅ​អាហ្វ្រិក​បាន​លើកឡើង​ថា «​ប្រសិនបើ​ជំនួយ​ហិរញ្ញវត្ថុ​ត្រូវបាន​អនុម័ត​នៅ​ឆ្នាំនេះ វា​នឹង​អាស្រ័យ​លើ​ភាគី​នានា​ក្នុង​ការ​ចរចា​លើ​ការអភិវឌ្ឍ​គម្រោង​បន្ត ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​»​។ អ្នកស្រី​បន្តថា​៖ «​ខ្ញុំ​គិតថា​ដំណើរការ​ប្រកបដោយ​បរិយាប័ន្ន​គឺជា​រឿង​សំខាន់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ វា​នឹង​មិន​មាន​ភាពស្របច្បាប់​ចំពោះ​ជំនួយ​នេះ​នោះទេ​»​។

គួរ​បញ្ជាក់ថា ខណៈ​ដែល​ការទូត​អាកាសធាតុ​អាច​ដំណើរការ​ទៅមុខ​បាន​បន្តិច​ម្តងៗ ជាពិសេស​គឺ​ការ​មូលមតិ​គ្នា និង​បង្កើត​ក្របខ័ណ្ឌ​គោលនយោបាយ​ដ៏​រឹងមាំ ភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះមហន្តរាយ​ដោយ​អាកាសធាតុ​ក៏​កាន់តែ​កើនឡើង​ផងដែរ​។

នេះហើយ​ជា​មូលហេតុ​ដែល​អ្នកចរចា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​មិន​ត្រឹមតែ​បញ្ចុះបញ្ចូល​មេដឹកនាំ​ប្រទេស​ឱ្យ​ចំណាយលុយ​បន្ថែម​ទៅលើ​ដំណោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ស្នើឱ្យ​ដាក់ចេញ​នូវ​មធ្យោបាយ​ថ្មីៗ​ ដើម្បី​បង្កើត​ផល​ជះ​វិជ្ជមាន​បាន​លឿន​ជាង​មុន​។ ជាក់ស្ដែង ក្រុមការងារ​ស្តីពី​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​អាកាសធាតុ​គឺជា​ឧទាហរណ៍​ដ៏ល្អ​មួយ​។ ក្រុម​ការងារ​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ខែមីនា ឆ្នាំ​ ២០២១ ដើម្បី​ជួយ​សម្រួល និង​បង្កើនល្បឿន​នៃ​ការទទួល​បាន​ហិរញ្ញប្បទាន​ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។

ប្រទេសមួយ​ចំនួន​ដូចជា បង់ក្លាដែស ហ្វីជី ហ្សាម៉ាអ៊ីក រវ៉ាន់ដា និង​ អ៊ូហ្គង់ដា បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ដំណាក់កាល​ពិសោធន៍​នៃ​កម្មវិធី​មួយ​នេះ​។ គួរ​ដឹង​ដែរ​ថា អ្នកស្រី Krishnan ក៏បាន​លើកឡើង​ផងដែរ​អំពី​បណ្តាញ Santiago ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៩ ក្នុង​គោលបំណង​ជួយ​ប្រទេស​នានា​ឱ្យ​ទទួល​បាន​ជំនួយ​បច្ចេកទេស ដើម្បី​ដោះស្រាយ​ការបំផ្លិច​បំផ្លាញ​អាកាសធាតុ​ក្នុង​ប្រទេស​របស់ខ្លួន​។

នៅពេល​និយាយ​អំពី​ការចរចា​ជា​ផ្លូវការ ដើម្បី​បន្ថែម​ពីលើ​គោលដៅ​សំខាន់​នៃ​ការបង្កើត​ផែនការ​ជំនួយ​ហិរញ្ញវត្ថុ អ្នកស្រី Krishnan ក៏បាន​លើកឡើងថា «​វា​គួរតែមាន​ការបើកឱកាស​ឱ្យ​មាន​ការប្រើប្រាស់​មូលនិធិ​ ដែល​មាន​ស្រាប់​កន្លងមក រួមទាំង​ពិនិត្យ​ឡើងវិញ​នូវ​កិច្ចសន្ទនា Glasgow Dialogue»​។ កិច្ចសន្ទនា​នេះ​ជា​វេទិកា​ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំមុន ដើម្បី​ពិភាក្សា​អំពី​ភាព​រេចរឹល​បរិស្ថាន​ដែល​មិនអាច​ជួសជុល​បាន​។ អ្នកស្រី​បន្តថា​៖ «​តើ​មាន​លទ្ធផល​ដែល​អាច​ត្រូវបាន​កំណត់​ពេលវេលា​ជាក់លាក់​ដែរឬទេ​? តើ​អាចមាន​ការពិភាក្សា​ឱ្យ​លម្អិត​ជាង​នេះ​ជាជាង​ការជួបគ្នា​ម្តង​ក្នុង​មួយឆ្នាំ​ឬទេ​? នេះ​ជា​រឿង​មួយចំនួន​ដែល​យើង​ចង់ឃើញ​ចេញ​ពី​កិច្ចប្រជុំ​កំពូល​នៃ​សន្និបាត​ភាគី​លើក​ទី​ ២៧ (COP27)»៕