ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ឆ្នាំ​២០២២​នេះ បាន​ឈានចូល​មកដល់​ហើយ ចាប់ពី​ថ្ងៃទី​​ ៧ ដល់​ថ្ងៃទី ​៩ ខែវិច្ឆិកា​។ ក្នុង​ឆ្នាំ​ ២០២២ នេះ​ពិធី​បុណ្យជាតិ​មួយ​នេះ​មិនបាន​រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ​ទេ​។ ប៉ុន្តែ​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បានរៀបចំ​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​ខែតុលា​មកម្ល៉េះ​។

​ពិធីបុណ្យ​អុំទូក ជា​ព្រះ​រាជពិធី​ដ៏​សំខាន់​មួយ​របស់​ជាតិខ្មែរ​។ ថ្ងៃនេះ​យើង​សូម​លើកយក​ពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​អុំទូក​មក​ចែកជូន​ប្រិយមិត្ត​អ្នកអាន​បាន​ស្វែងយល់​បន្ថែម​។​

​ប្រវត្តិសាស្ត្រ​ខ្មែរ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ពិធីបុណ្យ​អុំទូក​ដែល​តែងតែ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​១៤, ១៥​កើត និង​ថ្ងៃ​១​រោច ខែ​ក​ត្ដិក ជា​បុណ្យ​ប្រពៃណីជាតិ​របស់​ខ្មែរ​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ឡើងជា​ច្រើន​រយ​ឆ្នាំ​មកហើយ ដោយមាន​ប្រភពដើម​ចេញពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិតៗ​។ ពិធី​នេះ​មាន​ប្រវត្តិ​តាំងពី​បុរាណកាល​មក ហើយ​បានចែង​ទុក​ក្នុង​ឯកសារ​ជាតិ អន្តរជាតិ ពិសេស​បាន​ចារ​ទុក​លើ​សិលាចារឹក​ក៏ដូចជា​ជញ្ជាំង​ប្រាសាទខ្មែរ​នានា​ថែមទៀត​។

​ពិធីបុណ្យ​ប្រពៃណី​នេះ​មានការ​រីកចម្រើន​ជាខ្លាំង​ក្នុងសង្គម​ខ្មែរ​នា​សម័យអង្គរ ពិសេស​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​សតវត្សរ៍​ទី​១២ និង​សម័យ​លង្វែក ពុទ្ធសករាជ​ ២០៧១ គ្រិស្ដសករាជ​១៥២៨​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ស្ដេច​ខ្លាំងពូកែ​របស់​ខ្មែរ​ដែល​ធ្វើសង្គ្រាម​លើទឹក​បង្ក្រាប​បច្ចាមិត្ត ដោយ​កងទ័ព​ព្រះអង្គ​ប្រើ​ទូក​ធ្វើ​ចម្បាំង ដើម្បី​រំដោះ​ក្រុង​កម្ពុជា​ឱ្យ​រួច​ផុតពី​កណ្ដាប់ដៃ​ខ្មាំងសត្រូវ​។ រឿង​ចម្បាំង​ទាំងនេះ បុព្វបុរស​ខ្មែរ​បាន​ឆ្លាក់​លើ​ជញ្ជាំង​ប្រាសាទបាយ័ន និង​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ ដែល​ព្រះ​ឆាយា​លក្ខណ៍​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទ្រង់​ស្ថិត​លើ​នាវាចម្បាំង​កាន់​ធ្នូ ដំបង និង​មាន​កងទ័ព​យ៉ាងច្រើន​មហិមា​។ នៅ​សម័យ​លង្វែក ព្រះអង្គ​ចន្ទ​ទី​១ ទ្រង់​តាំង​ព្រះ​ពញា​តាត ងារ​ជា​សិទ្ធិ​ភូបាល ស្ដេចត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ឱ្យ​រៀបចំ​កងទ័ពជើងទឹក ចែកចេញជា​បី​ក្រុម​។ ក្រុមទី​១ ជា​ទ័ពស្រួច ហាត់​ច្បាំង​ដោយ​ទូកង​, ក្រុមទី​២ ជា​ទ័ព​ជំនួយ ហាត់​ច្បាំង​ដោយ​ទូក​ចែវ​ពីរ​ជួរ និង​ទី​៣ ជា​ទ័ព​បាសាក់ ប្រើ​ទូក​ធំ​មួយ​កាត់ មាន​ក្ដោង​ដូច​ទូក​ប៉ុកចាយ ប្រក់​ដំបូល មាន​រាង​ស្ដួច​វែង​សម្រាប់​ផ្ទុក​ស្បៀង​កងទ័ព​។

​កាលដើមឡើយ​ទូក​ដែល​ចូលរួម​ប្រណាំង​មានតែ​បី​ប្រភេទ​ប៉ុណ្ណោះ មាន​ទូក​ប៉ុកចាយ ទូក​អុំ និង​ទូក​ចែវ​។ ទូក​ទាំងបី​ប្រភេទ​នេះ​មាន​ទូក​បុរស និង​ទូក​នារី ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គណៈកម្មការ​បុណ្យជាតិ​បានអនុញ្ញាត​ឱ្យមាន​ទូក​បរទេស​ក្នុងការ​ចូលរួម​ប្រណាំង​ជា​លក្ខណៈ​ប្រពៃណី​ដែរ​។ ឯ​ចំណុះ​កីឡាករ​ក្នុង​ទូក​នីមួយៗ​មាន​លក្ខណៈខុសៗ​គ្នា​ទៅតាម​ប្រភេទ​ទូក​ដែរ គឺ​ទូកខ្លី​មាន​ចំនួន​ពី​ ២០ ទៅ ​៣០ ​នាក់ និង​ទូកវែង​មាន​ចំនួន​ពី​ ៤០ ទៅ​ ៥០ នាក់​។ មកដល់​សព្វថ្ងៃនេះ ចំណុះ​ទូក​មានការ​ប្រែប្រួល​ច្រើន គឺ​ទូកវែង​មាន​ចំនួន​កីឡាករ​រហូតដល់ ៧០​ នាក់​ក្នុង​មួយ​ទូក​។ ការចូលរួម​ភាគច្រើន​គឺ​មកពី​ខេត្ត​ដែល​នៅជាប់​ដង​ទន្លេ ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម ក្រចេះ ព្រៃវែង ស្ទឹងត្រែង​ជាដើម ហើយក៏​ខេត្ត​ទាំងនេះ​ជា​ខេត្ត​ដែលមាន​ចំនួន​ទូក​ច្រើនជាងគេ​។ ក្រៅពីនេះ​ក៏មាន​ទូក​មកពី​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្តកំពង់ឆ្នាំង កំពង់ធំ តាកែវ សៀមរាប ពោធិ៍សាត់ បាត់ដំបង ផងដែរ​។ អ្វីដែល​ពិសេស​គឺ​ទូក​ដែល​ចូល​រួមមាន​ស្ទើរ​ទូទាំងប្រទេស សូម្បីតែ​ខេត្ត​ដែល​គ្មាន​ទន្លេ ស្ទឹង សោះ​ក៏​ចូលរួម​ដែរ ដូចជា កំពង់ស្ពឺ រតនគិរី ត្បូងឃ្មុំ ជាដើម​។

​ចំពោះ​ការជ្រើសរើស​កីឡាករ​ប្រណាំងទូក ជា​ប្រការ​សំខាន់​តម្រូវឱ្យមាន​គុណសម្បត្តិ​ជា​ចម្បង​។ ថ្វីដ្បិតតែ​ការប្រណាំង​ទូក​ជាការ​កម្សាន្ត​តាមបែប​ប្រពៃណី ប៉ុន្តែ​ក៏​ទាមទារ​ឱ្យ​កីឡាករ​មាន​កាយសម្បទា​គ្រប់គ្រាន់ និង​រឹងមាំ​។ អ្វីដែល​ត្រូវការ​បំផុត​នោះ គឺ​កីឡាករ​ត្រូវតែ​ចេះ​ហែល​ទឹក​។ ការប្រកួត​ទៀតសោត កីឡាករ​គ្រប់រូប​ចាំបាច់​ត្រូវតែ​គោរព​វិន័យ​របស់​គណៈកម្មការ​រៀប​ចំ​អុំទូក​កំណត់ និង​ត្រូវ​ចេះ​យល់ចិត្ត​គ្នា ព្រោះថា​ការប្រកួត​អុំទូក​ត្រូវ​ប្រព្រឹត្ត​ជា​ក្រុម ប្រសិនបើ​គ្មាន​ការយល់​ចិត្ត​គ្នា ការ​អធ្យាស្រ័យ​គ្នា​ទេនោះ នឹង​អាច​ប៉ះពាល់​ដល់​ក្រុម​ខ្លួន អាច​ដូចនឹង​ពាក្យស្លោក​មួយ​ថា “​បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំ​យកជើងរាទឹក​”​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​គណៈកម្មការ​បុណ្យអុំទូក​បាន​ត្រៀម​រួចជាស្រេច​ក្នុងការ​ជួយសង្គ្រោះ​លើ​គ្រោះថ្នាក់​ណាមួយ​ដែល​នឹង​អាច​កើតមាន​ជាយថាហេតុ​។ ទាំង​សម្ភារ ទាំង​ឧបករណ៍​ជំនួយ​មានដូចជា កប៉ាល់ ទូក អូ​ប៊័រ និង​ក្រុម​ជួយ​អ្នករងគ្រោះ ជាដើម​។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​ ២០២២ នេះ​មាន​ខេត្ត​ជាច្រើន​ដែល​ប្រារព្ធ​ពិធី​ប្រណាំងទូក ក្នុងនោះ​មានដូចជា ខេត្តកណ្ដាល ព្រៃវែង ស្វាយរៀង កំពង់ចាម ពោធិ៍សាត់ តាកែវ កំពត កំពង់ធំ សៀម​រាម ជាដើម​។ ការប្រណាំង​ទូក​ក្នុង​ខេត្ត​នីមួយៗ​មិនបាន​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃ​ដូច​មានកំណត់​ក្នុង​ប្រតិទិន​ខ្មែរ​នោះទេ​៕