អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន គឺសំដៅលើការមានចំណេះដឹង មានការគិតស៊ីជម្រៅលើមាតិកាដែលចែករំលែកតាមបណ្ដាញសង្គម។ ជាគោលដៅរួមមួយរបស់ភាគីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការធ្វើយ៉ាងណាបញ្រ្ជាបចំណេះដឹងនេះទៅកាន់ពលរដ្ឋកម្ពុជា ជាពិសេសពីស្រទាប់យុវជន ដែលជាវ័យសកម្មក្នុងការប្រើប្រាស់បណ្ដាញសង្គម។
ជាការពិតដែលថា ការផ្លាស់ប្ដូរនេះមិនមែនជារឿងងាយស្រួលទេ តែក៏មិនមែនមានន័យថា វាមិនអាចសម្រេចបាននោះដែរ។ ការណ៍នេះអាចជោគជ័យទៅបាន ដោយទាមទារឱ្យមានពេលវេលាច្រើន និងត្រូវការការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។
នៅកម្ពុជា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩។ ការកើនឡើងនៃអ្នកប្រើប្រាស់ទាំងនេះ បានបង្កជាផលប៉ះពាល់មួយផ្នែកដល់ការចែកចាយព័ត៌មានមិនពិត ជាហេតុធ្វើឱ្យមានការភាន់ច្រឡំ និងចលាចលជាញឹកញាប់។
ដោយមូលហេតុនេះ ក្រសួងអប់រំ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្រៅរដ្ឋាភិបាលដើម្បីពង្រឹង ចំណេះដឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឡើងវិញ។ ក្នុងនោះមានការសហការជាមួយគម្រោង DW Akademie ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន ក្នុងការឈានទៅបណ្ដុះបណ្ដាលសិស្សនៅកម្រិតវិទ្យាល័យផងដែរ។
អ្នកស្រី សេង ស៊ីណែត អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ បានរៀបរាប់ថា៖ «យើងមិនត្រឹមតែបណ្ដុះបណ្ដាលក្នុងស្រទាប់សិស្សសាកលវិទ្យាល័យប៉ុណ្ណោះទេ ថ្មីៗនេះ យើងក៏បានពង្រីកចុះទៅថ្នាក់វិទ្យាល័យផងដែរ ដើម្បីឱ្យពួកគេបានយល់ដឹងតាំងពីវ័យនោះទៅ»។
ប៉ុន្តែយ៉ាងណា សកម្មភាពទាំងនេះក៏នៅប្រឈមនឹងបញ្ហាមួយចំនួន ក្នុងនោះគឺការយកចិត្តទុកដាក់ របស់សិស្សផ្ទាល់ ដោយហេតុថា ពួកគេមានកាតព្វកិច្ចត្រូវផ្ដោតសំខាន់លើការប្រឡងមធ្យមសិក្សាទុតិយភូមិ ដូច្នេះតិចឬច្រើន គុណភាពនៃការយល់ដឹងគឺនៅមានកម្រិត។
ក្រៅពីនោះ ក៏មានផងដែរនូវការចេញសៀវភៅសិក្សាគោល ដើម្បីជួយសម្រួលដល់ការបង្រៀន និងរៀនក្នុងកម្រិតមូលដ្ឋាន។ និងមានវេបសាយផ្លូវការរបស់នាយកដ្ឋានក្នុងការចែករំលែកមាតិកា គ្រប់ប្រភេទពាក់ព័ន្ធនឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផងដែរ។
ចំណែកអង្គការ យូណេស្កូ ប្រចាំនៅកម្ពុជាវិញ ក៏បានធ្វើការច្រើនផងដែរ លើការបញ្រ្ជាបចំណេះដឹងផ្នែកនេះ។ មួយក្នុងចំណោមសកម្មភាពជាច្រើនទៀតគឺ សហការជាមួយក្រសួង ប្រៃសនីយ៍ តាមរយៈការផ្ដល់ជាជំនួយបច្ចេកទេស ក្នុងការស្រាវជ្រាវកំណត់លើទិន្នន័យនៃកម្រិតយល់ដឹងរបស់ប្រជាជនកម្ពុជា ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីងាយស្រួលដល់ភាគីពាក់ព័ន្ធក្នុងការចេញជាសកម្មភាពឱ្យឆ្លើយតបទៅនឹងកម្រិតចំណេះដឹងជាក់ស្ដែង។
លោក ស ចាន់ដារ៉ា ប្រធានគម្រោង DW Akademie ប្រចាំកម្ពុជា ដែលជាអ្នកជំនាញធ្វើការរាប់ឆ្នាំ លើបញ្ហានេះបានមើលឃើញពីបញ្ហាជាក់ស្ដែង ព្រមទាំងទាមទារការចូលរួមពីបុគ្គលគ្រប់រូបដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម។
លោក ស ចាន់ដារ៉ា មានប្រសាសន៍ថា៖ «យើងមិនដាក់គំនាបលើនរណាម្នាក់ ឬទម្លាក់ថាជាកំហុសរបស់អ្នកណាទេ ប៉ុន្តែយើងឃើញសកម្មភាពនេះដូចគ្នា ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា... អ្នកទាំងអស់គ្នាសុទ្ធតែមានសេរីភាពក្នុងការចូលរួម»។
បន្ថែមពីការចូលរួម លោកក៏បានចែករំលែកនូវវិធីសាស្រ្តមួយចំនួនដែលអ្នកប្រើប្រាស់អាចអនុវត្ត ដើម្បីចៀសវាងនូវការធ្លាក់ចូលទៅជាជនរងគ្រោះនៃមាតិកាក្លែងក្លាយ។ លោកបានចែករំលែកពីមូលដ្ឋានគ្រឹះក្នុងការកំណត់សម្គាល់ថា ព័ត៌មាននោះជាព័ត៌មានមិនពិត តាមរយៈការពិនិត្យមើលលើចំណងជើង កាលបរិច្ឆេទ ទីតាំងនៃសាច់រឿង ខ្លឹមសារ និងចុងក្រោយការតាមដានលើស្ថាប័នព័ត៌មានគួរទុកចិត្ត តើមានផ្សព្វផ្សាយព័ត៌មានដែលអ្នកអានកំពុងតែឃើញនេះឬទេ?
លោកបញ្ជាក់ថា បើនោះជារឿងធំ ច្បាស់ជាមានស្ថាប័នព័ត៌មានធំៗចុះផ្សាយដែរ ប៉ុន្តែបើមិនមានចុះផ្សាយទេនោះ ភាគរយដែលព័ត៌មាននោះជាព័ត៌មានមិនពិតគឺមានកម្រិតខ្ពស់។ ត្រឡប់មកវិញ លោកគូសបញ្ជាក់ថា ពលរដ្ឋដើរតួសំខាន់ណាស់នៅក្នុងសង្គម ដូច្នេះហើយពួកគេត្រូវមានទំនួលខុសត្រូវក្នុងនាមជាពលរដ្ឋ បើមិនដូច្នោះទេ សង្គមកម្ពុជាពិបាកនឹងរីកចម្រើនទៅមុខណាស់។
តាមរយៈការរួមគ្នាធ្វើការលើអក្ខកម្មប្រព័ន្ធផ្សព្វផ្សាយនេះ ទាំងអង្គការសង្គមស៊ីវិល ទាំងរាជរដ្ឋាភិបាលសង្ឃឹមថា នឹងមានការចូលរួមកាន់តែច្រើនថែមទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឱ្យទៅមុខរួមជាមួយការបណ្ដុះបណ្ដាល ឈានឱ្យបានសម្រេចនូវគោលនយោបាយមួយ ប្រកបដោយចីរភាពដែលមានចែងនៅក្នុងផែនការ SDG ទី៤។
គួរបញ្ជាក់ថា វេទិកាពិភាក្សារួមគ្នារវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលនេះ ត្រូវបានរៀបចំឡើងដោយអង្គការយូណេស្កូប្រចាំកម្ពុជា សហការជាមួយដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ៕