ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើជាសហអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន១១ នាថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីជំនួបទ្វេភាគី នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ឯកសារទី១ គឺអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីប្រភេទ និងបរិមាណយានយន្តពាណិជ្ជកម្មដើម្បីអនុវត្តកិច្ចព្រមព្រៀង និងពិធីសាររវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមសម្រាប់ការដឹកជញ្ជូនតាមផ្លូវគោក។
ឯកសារទី២ គឺ MoU រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម។ ទី ៣ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២។
ឯកសារទី ៤ គឺកិច្ចអនុវត្តរួមគ្នារវាងប្រទេសទាំង ២ ស្តីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នាក្រោមក្របខ័ណ្ឌនៃមាត្រា ៥៦ (១)(ក) នៃបទប្បញ្ញត្តិរបស់គណៈកម្មាធិការដែលទទួលបានប្រតិភូកម្មអំណាច (សហភាព អឺរ៉ុប) ២០១៥/២៤៤៦ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៥ បំពេញបន្ថែមបទប្បញ្ញត្តិ (សហភាពអឺរ៉ុប) លេខ ៩៥២/២០១៣ នៃសភា និងក្រុមប្រឹក្សាអឺរ៉ុប ទាក់ទងទៅនឹងវិធានលម្អិតស្តីពីបទប្បញ្ញត្តិជាក់លាក់នៃក្រមគយរបស់សហភាព សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
ទី៥ គឺកិច្ចអនុវត្តរួមគ្នារវាងរដ្ឋាភិបាល កម្ពុជា-វៀតណាម ស្ដីពីកិច្ចប្រតិបត្តិការរដ្ឋបាលរួមគ្នា អនុលោមតាមផ្នែក ១៨ (៣)(ខ), នៃបទប្បញ្ញត្តិគយ ២០២០ (ដើមកំណើតទំនិញដែលអាចគិតពន្ធ៖ គម្រោងអនុគ្រោះពន្ធ) (ការចាកចេញពីសមាជិកភាព នៃសហភាពអឺរ៉ុប) សម្រាប់គ្រឿងបង្គុំ និងផ្នែករបស់ទោចក្រយាន។
ទី៦ MoU រវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមនៃប្រទេសវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍សម្រាប់ឆ្នាំ ២០២២-២០២៥។ ទី៧ MoU រវាងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាមស្ដីពី ការធ្វើសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ទូរគមនាគមន៍ បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល។
ទី៨ MoU ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួង ធម្មការ និងសាសនាកម្ពុជា និងគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម។ ទី៩ MoU រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
ទី១០ MoU ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម និងទី១១ MoU រវាងក្រុមហ៊ុនវៀតថល ខេមបូឌា (Viettel Cambodia) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក Pham Minh Chinh មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែវិច្ឆិកា។ លោកក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញដែលគ្រោងនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ផងដែរ៕