ភ្នំពេញៈ ថ្នាក់ដឹកនាំកំពូល កម្ពុជា-វៀតណាម ឯកភាពគ្នាឱ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក និងជំរុញការតភ្ជាប់រវាងប្រទេសទាំង ២ តាមផ្លូវគោកផងដែរ។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៨ ខែវិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅកម្ពុជា ២ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។
លោក អ៊ាង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនេះថា ថ្នាក់ដឹកនាំកំពូលទាំង២ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង ២ ជាពិសេស លើវិស័យសេដ្ឋកិច្ច។
លោកបញ្ជាក់ថា ភាគីទាំង ២ បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំង ២ ទាំងយុវជន ទាំងប្រជាជននៃប្រទេសទាំង ២ ក្នុងការធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ទាំងផ្នែកទន់ ទាំងផ្នែករឹង។
លោក អ៊ាង សុផល្លែត បន្តថា ថ្នាក់ដឹកនាំទាំង២ ក៏បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំង ២ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឱ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឱ្យមានទំនិញចេញចូលរវាងប្រទេសទាំង ២ ផង។
លោកបញ្ជាក់ថា៖ «លើសពីនោះទៀត ក៏មានការឯកភាពគ្នារវាងថ្នាក់ដឹកនាំទាំង ២ ជំរុញការតភ្ជាប់រវាងប្រទេសទាំង ២ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាសតាមរយៈការឱ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះ ក៏មានការឯកភាពគ្នាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងទៅលើវិស័យឌីជីថល និងជាពិសេសលើវិស័យដទៃទៀតផងដែរ»។
លោក ហ៊ុន សែន អរគុណវៀតណាមដែលតែងតែផ្ដល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជានិងបានអបអរសាទរដល់វៀតណាម ដែលទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ និងទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងល្អ៕