ភ្នំពេញៈ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិចំនួន ២ ៦៦១នាក់ មកពី ៦អង្គការ សមាគម ដែលបានដាក់ពាក្យស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់របស់ គ.ជ.ប។
គ.ជ.ប បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៨ ខែវិច្ឆិកា ថា អង្គការ សមាគមទាំង ៦ រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សម្រាប់ខេត្តកំពង់ចាម គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សមាគមបណ្តាញសង្គមស៊ីវិលកម្ពុជា សមាគមរាជសីហ៍ និងសមាគមសហព័ន្ធសិស្ស និស្សិតអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ។
គ.ជ.ប បានបើកឱ្យដំណើរការដាក់ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕