ភ្នំពេញៈ រាប់​ចាប់​តាំង​ពី​កម្ពុជា​បាន​ចូល​ជា​សមា​ជិក​នៃ​អង្គការ​សមា​គម​ប្រជា​ជាតិ​អាស៊ី​អាគ្នេ​យ៍​ហៅ​កាត់ ​អាស៊ាន​ពី​ឆ្នាំ​ ១៩៩៩​ មក ​កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ចំនួន ​២ ​លើក​រួចមក​ហើយ​ មុន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ទី​៣ ​នៅ​ឆ្នាំ​ ២០២២ ​នេះ​។​

​តាម​រយៈ​បទពិសោធ​ធ្វើ​ជា​ប្រធាន​អាស៊ាន​កន្លង​មក ​អ្នកឃ្លាំ​មើល​សង្កេត​ឃើញ​ថា កម្ពុជា​ធ្លាប់​បាន​ឆ្លង​កាត់​ឧបសគ្គ​ជាច្រើន​ដើម្បី​ហែល​ឆ្លង​ជាមួយ​សមា​ជិក​ទាំង​ ៩ ​ទៀត ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​តំបន់​អា​ស៊ាន ក៏ដូច​ជា​វិបត្តិ​របស់​សកល​លោក​។

​អ្នក​តាម​ដាន​នយោ​បាយ​អន្តរជាតិ​យល់​ថា ​កម្ពុជា​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ប្រសើរ​ដែល​បាន​ដើរតួ​ជា​អ្នក​សម្របសម្រួល​វិបត្តិ​នយោ​បាយ​ទាំង​ក្នុង​តំបន់​និង​ពិ​ភ​លោក​ ក្នុងនា​ម​ជា​ប្រធាន​អាស៊ាន​ បើទោះបី​កម្ពុជា​ជា​ប្រទេស​តូចក្ដី ប៉ុន្តែ​អាច​មាន​ទឹក​មាត់​ប្រៃ​ក្នុង​ការ​ជជែក​សន្ទនា​ជាមួយ​មហា​អំណាច​ជុំវិញ​វិបត្តិ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ជ​ម្លោះ​ឧបទ្វីប​កូរ៉េ វិបត្តិ​ភូមា វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ជា​ដើម​។​

​ទោះ​បី​មាន​ភាព​រអាក់​រអួល​ខ្លះៗ​ក្តី ប៉ុន្តែ​កម្ពុជា​ក៏បាន​ប្រើ​ប្រាស់​វេទិកា​អាស៊ាន​ដើម្បី​ទាញ​យក​ប្រយោ​ជន៍​សេដ្ឋ​កិច្ច​សម្រាប់​តំបន់​ខ្លួន​ផង​ដែរ។ជាក់​ស្តែង​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​ផ្នែក​សេដ្ឋ​កិច្ច​គ្រប់​ជ្រុង​ជ្រោយ​និង​តំបន់ ​(RCEP) នៅ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​ជា​ដើម​​។​

​លោក ​ពុ​យ ​គា អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន​របស់​ទីភ្នាក់ ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ (Kyodo News Agency) លើក​ឡើង​ថា​ ដោយ​សារ​តួនាទី​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នេះ​ហើយ​ដែល​ជា​កត្តា​លើក​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ដែល​ជា​តំណាង​សម្រាប់​តំបន់​អា ស៊ាន​ទាំង​មូល​និង​តាម​រយៈ​វេទិកា​នានា​ទៀត​។​

លោក​បន្ត​ថា ​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ជា​អ្នក​សម្រប​សម្រួល​ជម្លោះ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក​ពោល ​គឺ​វិបត្តិ​នៅ​ភូមា​។កម្ពុជា​ទទួល​បាន​ឱកាស​ចូល​អង្គុយ​ស្មើ​មុខ​ស្មើមា​ត់​នៅ​សេត​វិមាន​ (The White House) ទល់​មុខ​នឹង​ប្រធានា​ធិ​បតី​សហ​រដ្ឋ​អាមេ​រិក ដែល​ធ្វើជា​សហប្រ​ធាន​កិច្ច​ប្រជុំ​អាស៊ាន​-​សហ​រដ្ឋ​អាមេ​រិក​។​

​លោក​បន្ថែម​ថា តាមរយៈ​តួនាទី​ជា​ប្រធាន​អាស៊ាន​ កម្ពុជា​នាពេល​ថ្មីៗ​នេះ ត្រូវបាន​អញ្ជើញ​ជា​ប្រធាន​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​បន្ទាន់​ពិសេស​ស្តីពី​វិបត្តិ​ភូមា​នៅ​ទីក្រុង​ហ្សា​ការតា ​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ចុងខែ​តុលា ឆ្នាំ​ ២០២២ ​និង​កម្ពុជា​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យ​​ចូលរួម​ក្នុង​កិច្ច​ប្រជុំពេ​ញអង្គ​នៃ​ក្រុម​ប្រទេស​ធំៗ​ទាំង ​២០ G-20 នាទី​ក្រុង​បាលី ​ឥណ្ឌូនេ​ស៊ី​ ក្នុងពេល​ខាង​មុខ​នេះ​ដែរ​ ព្រមទាំង​មាន​លទ្ធ​ភាព​អាច​ថ្លែង​ការណ៍​របស់ខ្លួ​ន​ថែម​ទៀត​។

​លោក ​ពុ​យ គា គូស​បញ្ជាក់​ដូច្នេះ​ថា​៖ «​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​លើក​ទី​១ ជោគ​ជ័យ​ល្អ លើក​ទី​២ ជោគ​ជ័យ​ដែរ​ តែ​មាន​បញ្ហា​រឿង​ឯកសា​រ ដោយ​សារ​កាល​នោះ មាន​ប្រទេស ​២ បាន​ប្រើ​ប្រាស់​ពាក្យពេ​ចន៍​ដូចជា​ចាប់​បង្ខំ​ឱ្យ​កម្ពុជា​តតាំង​ជាមួយ​ចិន ហើ​យ​ធ្វើ​ឱ្យ​ឯកសារ​មាន​បញ្ហា​ដែល​មិន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួ​ម​នោះ​រួច ហើយ​បានជា​ជាប់​ឈ្មោះ​មិន​សូវ​ល្អ​ផង ក្នុង​ឆ្នាំ​ ២០១២ តែ​ជារួម​ល្អ​ទេ លើក​លែង​តែ​ឯកសារ​ ១​ ហ្នឹង​»​។​

​កម្ពុជា​ក្នុង​​នាម​ជា​ប្រធាន​អាស៊ាន​លើក​​ទី​៣ ក្នុង​ឆ្នាំ​ ២០២២ នេះ លោក​ ពុ​យ គា បញ្ជាក់​ថា ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ហាក់​ថម​ថយ​ឥទ្ធិពល​ហើយ​ ប៉ុន្តែ​បញ្ហា​ឧបទ្វីប​កូរ៉េ​ជា​បញ្ហា​ចាស់​នោះ​នៅតែ​មាន​កម្តៅ​ដដែល​ ខណៈ​កូរ៉េខាង​ជើង​បន្ត​សកម្ម​ភាព​សាក​ល្បង​មី​ស៊ី​លឥត​ស្រាក​ស្រាន្ត​។ ប៉ុន្តែ​កម្ពុជា​ត្រូវ​ពើបប្រទះ​នឹង​បញ្ហា​ធំៗ​៣​វិញ ពោល​គឺ ​ទី​១ វិបត្តិ​ភូមា ទី​២ បញ្ហា​ជម្លោះ​តៃ​វ៉ាន់​និង​ចិន និង​ទី​៣ បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​។​

​គួរ​រំឭក​ផង​ដែរ​ថា ​ជាក់​ស្តែង​នៅក្នុង​សន្និ​សីទ​សារព័ត៌​មាន​ស្តីពី​លទ្ធ​ផល​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ (AMM) និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នា​ឆ្នាំ​ ២០២២​ នេះ លោ​ក​ ប្រាក់ ​សុខុន ​រដ្ឋមន្ត្រីការ​បរទេស​កម្ពុ​ជាបាន​សារ​ភាពថា​ កិច្ច​ប្រជុំ​ដែលមា​ន​រយៈពេល​​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៣ ដល់​ថ្ងៃទី​ ៥ ខែសីហា ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ធំៗ​នៅ​ក្នុង​តំបន់​និង​ពិភព​លោក​បាន​ភ្លាមៗ​ដូច​ការ​ចង់​បាន​នោះទេ​​។​

​ជាមួ​យគ្នានេះ​ដែរ ​លោក​ វណ្ណ ប៊ុន​ណា អ្នកស្រា​វជ្រាវ​នៅ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិប​ត្តិ​ការនិង​សន្តិ​ភាព ​(CICP) បាន​បង្ហាញ​ជាការ​កត់​សម្គាល់​របស់​លោក​ចំពោះ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ ដោយ​លោក​ថា​ ក្នុង​ឆ្នាំ​ ២០២២ ​កម្ពុជា​បាន​សម្រេច​ការ​ចរចា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្រេច​បាន​ជាសេ​ចក្តីថ្លែង​ការណ៍​ស្តីពី​ការប្រតិ​បត្តិ​នៃ​ភាគី​នានា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ DOC (Declaration on the Conduct of Parties in the South China Sea) ដែលជា​កិច្ច​ព្រម​ព្រៀង​មិន​មែន​ផ្លូវ​ច្បាប់​សម្រាប់​យក​ទៅ​ជជែក​ចរចា ​ដើម្បី​សម្រេច​ក្រម​ប្រតិ​បត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ​COC (Code of Conduct for the South China Sea)​។​

លោក​បាន​បន្ថែម​ថា​ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​លើក​ទី​២ ក្នុង​ឆ្នាំ​ ២០១២ ​ទទួល​រង​ការ​ចំអក​ដោយ​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រួមជា​ប្រ​វិ​ត្តិ​សាស្ត្រ​ដំបូង​រយៈពេ​ល​ជាង​ ៤៥​ ឆ្នាំ ដែល​អាស៊ាន​មិន​អាច​ចេញ​សេច​ក្តី​ថ្លែងការណ៍​រួមដែល​កាលនោះ​​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ថា​ មាន​ភាព​លម្អៀង​ទៅរក​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដដែល​។សម្រាប់​តួនាទី​ជា​ប្រធាន​អា​ស៊ាន​លើក​ទី​៣របស់​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​វិបត្តិ​នៅ​ភូមា​បញ្ហា​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ការ​ប្រកួត​ប្រជែ​ង​ភូមិ​សាស្ត្រ​នយោ​បាយ​របស់​មហាអំ​ណាច​។​

​លោក ​វណ្ណ ប៊ុន​ណា ព​ន្យល់​ដូច្នេះ​ថា​៖ «​សម្រាប់​វិបត្តិ​ភូមា ជាការ​លំបាក​សម្រាប់​ក​ម្ពុ​ជា​ព្រោះ​ក្រុម​របប​សឹក​ភូមា​ខ្វះ​ការស​ហការ​ និង​គ្មាន​ឆន្ទៈ​ដោះស្រាយ​វិបត្តិ​នយោ​បាយ​នៅ​ភូមា​ខ្លួនឯង​។ សម្រាប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​វិញ​ដែល​កំពុង​បង្ក​ឱ្យ​ពិភព​លោក​​ជួប​ប្រទះ វិបត្តិ​ស្បៀង ថាម​ពល ព្រម​ទាំង​វិបត្តិ​សេដ្ឋកិ​ច្ច​ជា​សកល​។បញ្ហា​ប្រណាំង​ប្រជែង​ភូមិ​សាស្ត្រ​នយោ​បាយ​របស់​សហ​រដ្ឋ​អាមេរិ​កនិង​ចិនក៏​ជា​បញ្ហា​ចោទដែល​មហា​អំណាច​ទាំងនេះ​ តោង​ជ្រើស​យក​វេទិកា​នៃ​កិច្ច​ប្រជុំ​នៅ​អាស៊ី​បូព៌ា​ដើម្បី​តឹង​សរ​សៃក​ដាក់​គ្នា ក្នុង​បញ្ហា​នានា​»​។​

​ទោះជា​យ៉ាង​ណាក៏ដោ​យ អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំ​នង​អន្តរ​ជាតិ​រូបនេះយ​ល់ថា​ បើទោះបី​​កម្ពុជា​ជា​ប្រទេស​តូចក្តី កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​អាស៊ាន​អាច​ប្រើ​លទ្ធភាព​ខ្លួន​ក្នុង​ការ​ចូលខ្លួ​ន​ទៅ​សម្រប​សម្រួល​​វិបត្តិ​នានា​ជាពិសេស​អាច​ឱ្យម​ហាអំ​ណាច​នានា​អង្គុយ​ទល់​មុខ​គ្នា​ចរចា តាម​រយៈ​វេទិកា​អាស៊ាន​។​

​លោក ​វណ្ណ ​ប៊ុន​ណា មើល​ឃើញ​ពី​ទិដ្ឋភាព​ជា​វិជ្ជមាន​៣​យ៉ាង ​ដែល​កម្ពុជា​ចំណេញ​ពី​អង្គ​ការ​តំបន់​អាស៊ាន រួមមាន​ ទី​១ ផ្នែក​នយោ​បាយ​ការ​បរទេស ទី​២ ផ្នែក​សេដ្ឋ​កិច្ច និង​ទី​៣ គឺ​ការ​ពង្រឹង​សមត្ថ​ភាព​ការ​ទូត​។

ទី​១ កម្ពុជា​មានល​ទ្ធភាព​អាច​ចូល​អង្គុយ​ជជែក​ជាមួយ​ប្រទេស​មហា​អំណាច​នានា​ទាំង​ក្នុង​តំបន់​និង​ពិភព​លោក​ដោយ​ស្មើមុ​ខស្មើមា​ត់​។ទី​២កម្ពុជា​អាច​ប្រើ​ប្រាស់​វេទិកា​អាស៊ាន​ដើម្បី​ទា​ញយ​ក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ពី​អាស៊ាន និង​អាច​មាន​លទ្ធភាព​ចរចា​ជា​មួយ​កិច្ចព្រ​មព្រៀង​ពាណិជ្ជក​ម្ម​ផ្សេងៗ​ទៀតជា​ពិសេស​កិច្ច​ព្រម​ព្រៀង R​CEP ចុងក្រោយ​នេះ​។ទី​៣​កម្ពុជា​អាច​កសាង​និង​ពង្រឹង​បន្ថែម​លើ​សមត្ថ​ភាព​ការទូត​បន្ថែម​ទៀតដើម្បី​​ដើរ​ឱ្យទាន់​សម័យ​កាល ប្រឈម​នឹង​វិបត្តិ​និង​កា​រប្រែ​ប្រួល​ឥតឈ​ប់ឈ​រ​នូវ​ស្ថានការ​ណ៍​ពិភព​លោក​។​

​លោក ​វណ្ណ ​ប៊ុន​ណា សង្កត់​ធ្ងន់​ថា​៖ «អាច​ស្រ​មៃថា ​បើសិន​ជា​កម្ពុជា​មិនមែ​នជា​សមាជិក​អាស៊ាន ក​ម្ពុជា​នឹង​​គ្មាន​ឱកាស​អង្គុយ​ទល់​មុខ​មហា​អំណាច​ទ្វេ​ភាគី​ក្នុងការ​ជជែក​ពី​បញ្ហា​នានា​ហើយ​ប្រទេស​អំណាច​ហ្នឹង​ទៀត​សោត​ក៏​នឹងមិន​ឱ្យ​តម្លៃ​ដល់​កម្ពុជា​ផង​ដែរ »​។​

​គួរ​ជម្រាប​ជូន​ថា ​កម្ពុជា​បាន​ចូល​សមាជិក​អាស៊ា​ន​ចុងក្រោ​យ​គេ ដែលជា​​សមាជិក​កូនពៅ​ទី​១០ ​កាលពី​​ខែមេសា ឆ្នាំ​ ១៩៩៩ មក​ដល់​ពេលនេះ​មាន​រយៈ​ពេល ​២២ ​ឆ្នាំ​ហើយ​ ដែល​កម្ពុជា​ជា​សមា​ជិក​អាស៊ាន និង​បាន​ធ្វើជា​ប្រធាន​អា​ស៊ាន​ចំនួន ​៣ ​លើក រួម​មាន ​ក្នុង​ឆ្នាំ​ ២០០២ ​២០១២ ​និង​ ២០២២​ នេះ​៕