ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាលជលផល បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា ព្រៃលិចទឹកដែលបានដាំស្ដារឡើងវិញលើផ្ទៃដីជាង ៦,៣ ម៉ឺនហិកតា ក្នុងតំបន់ជុំវិញបឹងទន្លេសាប ក្រោយការដកហូតត្រឡប់មកវិញពីប្រជាពលរដ្ឋ និងក្រុមឈ្មួញទុច្ចរិត ដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ កាលពីដើមឆ្នាំនេះ មានអត្រារស់ប្រមាណពី ៦០-៧០ ភាគរយ។
លោក អ៊ឹង ទ្រី អ្នកនាំពាក្យរដ្ឋបាលជលផល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រោមយន្តការថែទាំ និងត្រួតពិនិត្យ កូនឈើព្រៃលិចទឹក រួមទាំងគ្រាប់ត្នោត កូនត្នោត និងឫស្សី ដែលបានដាំស្ដារឡើងវិញ នៅលើទីតាំងនៃព្រំប្រទល់ដីតំបន់៣ ជុំវិញបឹងទន្លេសាប កាលពីដើមឆ្នាំ ២០២២ នេះ ជាលទ្ធផល មានអត្រារស់គួរជាទីកត់សម្គាល់ បើទោះជាមានគ្រោះទឹកជំនន់ជន់លិចខូចខាតខ្លះក្ដី។
លោកថ្លែងថា៖ «នៅពេលនេះ កូនឈើព្រៃលិចទឹក រួមទាំងគ្រាប់ត្នោត កូនត្នោត និងឫស្សី ដែលយើងបានដាំស្ដារឡើងវិញ លើផ្ទៃដីជាង ៦,៣ ម៉ឺនហិកតា ដែលបានរឹបអូសមកវិញកាលពីដើមឆ្នាំនេះ វាមានអត្រារស់ និងធំលូតលាស់ល្អប្រមាណពី ៦០-៧០ ភាគរយ »។
បើតាម លោក អ៊ឹង ទ្រី កូនឈើព្រៃលិចទឹក ដែលបានដាំស្ដារឡើងវិញនោះ ភាគច្រើនជាប្រភេទដើមរាំង រំដេញ ផ្ទោល និងសណ្ដាន់ សរុបជាង ១០ ម៉ឺនដើម ដែលកូនឈើទាំងនេះ អាចបន្សាំជាមួយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយពួកវាត្រូវបានដាំនៅលើដីតំបន់៣ ដែលត្រូវបានការពារ និងអភិរក្សដោយអនុក្រឹត្យ។
ក្រៅពីប្រភេទកូនឈើទាំងនេះ ក៏បានដាំគ្រាប់ត្នោតជាង៣៨ម៉ឺនគ្រាប់ កូនត្នោត ៣៦៤ ដើម និងឫស្សីចំនួនជាង ១,៥ ម៉ឺនដើម នៅលើទីតាំងព្រំប្រទល់ដីតំបន់៣សម្រាប់ធ្វើជារបងការពារ ការរំលោភបំពានពីបុគ្គល ឬក្រុមឈ្មួញទុច្ចរិតណាមួយនាពេលអនាគត។
លោកបានបន្តថា ជាយន្តការបន្ទាប់ រដ្ឋបាលជលផល នឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធនានា រួមទាំងអាជ្ញាធរដែនដី និងប្រជាសហគមន៍មូលដ្ឋាន ធ្វើការថែទាំ ត្រួតពិនិត្យនូវកូនឈើដែលទើបដាំថ្មីនេះជាបន្តទៀត ដើម្បីឱ្យវាឆាប់ធំ និងក្លាយជាគម្របព្រៃលិចទឹកឡើងវិញ ហើយនឹងបន្តធ្វើការដាំជួសឡើងវិញនូវកូនឈើដែលងាប់នៅក្នុងតំបន់ ៣។
លោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលនេះ ការប៉ាន់ប្រមាណអំពីអត្រារស់នៃកូនឈើព្រៃលិចទឹកក្នុងតំបន់៣ គឺ រស់សឹងតែ ១០០ ភាគរយ ព្រោះនៅពេលដាំកូនឈើទាំងនេះធំៗ អស់ទៅហើយ ដែលអាចបន្សាំជាមួយទឹកជំនន់។
ប៉ុន្តែគ្រាប់ត្នោត ភាគច្រើននៅមិនទាន់ឃើញមានដុះនោះទេ មូលហេតុទីតាំងដីដែលត្រូវបានកប់ដាំគ្រាប់ត្នោតភាគច្រើនត្រូវបានលោកនាយករដ្ឋមន្ត្រីសម្រេចឱ្យធ្វើការកាត់ឆ្វៀល និងប្រគល់ជូនពលរដ្ឋបង្កបង្កើនផលឡើងវិញ។
លោកថ្លែងថា៖ «កូនឈើព្រៃលិចទឹកដែលយើងបានដាំ គឺរស់សឹងតែទាំងអស់ហ្នឹង លើកលែងតែ កូនឈើដែលបានដាំនៅលើដី ដែលសម្ដេចនាយករដ្ឋមន្ត្រី លោកបានសម្រេចឱ្យកាត់ឆ្វៀលប្រគល់ជូនប្រជាពលរដ្ឋវិញតែប៉ុណ្ណោះ »។
បើតាមលោក សុភា ព្រៃលិចទឹកងាយដុះ និងលូតលាស់ឡើងវិញ ប្រសិនបើមានការចូលរួមការពារ និងអភិរក្សពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាសហគមន៍មូលដ្ឋាន។ ការកាប់ទន្ទ្រានព្រៃលិចទឹក គឺជាអំពើខុសច្បាប់៕