ភ្នំពេញៈ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានបណ្តេញជនបរទេសចំនួន ១៣០ នាក់ចេញពីកម្ពុជា និងបានហាមចូលកម្ពុជារយៈពេល ៣ ឆ្នាំ បន្ទាប់ពីរកឃើញថា ជនបរទេសទាំងនោះបានលួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៨ ខែវិច្ឆិកា ឱ្យដឹងថា នៅថ្ងៃទី ៧ និង ៨ វិច្ឆិកា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសចំនួន ១៣០ នាក់ ស្រី ៣ នាក់ មាន ២ សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន ១១០ នាក់ និងជនជាតិវៀតណាម ២០ នាក់ចេញពីកម្ពុជា។ ការបណ្តេញចេញនេះធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ពួកគេត្រូវបានបណ្តេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍គូសបញ្ជាក់ថា៖ «ជនបរទេសចំនួន ១៣០ នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស លួចឆ្លងដែនខុសច្បាប់ និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល ៣ ឆ្នាំ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថា មួយរយៈចុងក្រោយនេះ លោកសង្កេតឃើញអាជ្ញាធរកម្ពុជាបានបណ្តេញចេញជនអន្តោប្រវេសន៍ដែលចូលកម្ពុជាដោយខុសច្បាប់ជាច្រើនគឺជារឿងល្អ ប៉ុន្តែវាក៏បង្ហាញពីភាពចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ផងដែរ។
លោកថា៖ «អ៊ីចឹងលំហូរជនបរទេសដោយខុសច្បាប់មានកត្តាច្រើន ដូចជាការអនុវត្តច្បាប់មានភាពធូររលុង និងមានលក្ខណៈប្រចាំគ្នា បានន័យថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធអត់ទាន់បានល្អប្រសើរអំពើពុករលួយអាចកើតមានទាំងសងខាងនៃប្រទេស ដែលជាប់ព្រំដែនគ្នា ជាពិសេសអាជ្ញាធរព្រំដែនដែលប្រចាំការ»។
លោកថា ការហូរចូលជនបរទេសដោយខុសច្បាប់នេះបង្កផលលំបាកជាច្រើនដល់កម្ពុជា ដែលអាចបង្កឱ្យមានការជួញដូរមនុស្សទៅតាមទម្រង់រូបភាពផ្សេងៗដូចជាការជួញដូរកម្លាំងពលកម្ម ដែលកន្លងមករាជរដ្ឋាភិបាលបានបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា នេះមិនមែនជាលើកទី ១ ទេ ដែលកម្ពុជាបណ្តេញជនបរទេសចេញពីកម្ពុជា និងមានច្រើនសញ្ជាតិដែលភាគច្រើនមិនមានលិខិតឆ្លងដែន ការស្នាក់នៅលើសទិដ្ឋាការកំណត់ និងជនបរទេសដែលលួចឆ្លងដែនជាដើម។ «ជនបរទេសដែលប្រព្រឹត្តបទល្មើសច្រើនជាងគេគឺជនជាតិចិនដោយពួកគេត្រូវតែទទួលទោសពីតុលាការកម្ពុជាសិន មុននឹងបញ្ជូនមកផ្នែកអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញចេញ»។
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) ចេញកាលពីថ្ងៃទី ៧ តុលា ឆ្នាំ ២០២២ ឱ្យដឹងថា ក្នុងរយៈពេល ៥១ ថ្ងៃដោយគិតចាប់ពីថ្ងៃ ១៨ ខែសីហា ដល់ថ្ងៃទី ៤ តុលា ឆ្នាំ ២០២២ ក្រុមការងារបានសហការចុះត្រួតពិនិត្យទីតាំងចំនួន ១០ ក្នុងខេត្តព្រះសីហនុ។
គជបជ បន្តថា ក្នុងពេលចុះពិនិត្យ ១០ ទីតាំងនោះ រកឃើញមានជនបរទេសចំនួន ២ ៧៦០ នាក់ ក្នុងនោះជនបរទេសដែលមានលិខិតឆ្លងដែនត្រឹមត្រូវចំនួន ១ ៩៤៦ នាក់ ប៉ុន្តែ គ្មានបណ្ណការងារ ១ ៥១២ នាក់។ ក្នុងចំណោមជនបទល្មើសទាំងនោះមានជនបរទេស ៦៨៥ នាក់ សមត្ថកិច្ចកំពុងរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា ហើយចំនួន ៩២០ នាក់ទៀតកំពុងស្នាក់នៅក្នុងទីស្នាក់ការដែលត្រៀមរៀបចំបណ្ដេញពីកម្ពុជា៕