ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា វៀតណាមគឺជាអ្នកជិតខាងល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ កាន់តែរីកចម្រើនជាបន្តបន្ទាប់។
ក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាមឆ្នាំ ២០២២ ដែលប្រារព្ធឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញពីថ្ងៃទី ៨ ខែវិច្ឆិកា លោក ហ៊ុន សែន ថ្លែងថា វៀតណាម និងកម្ពុជាមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងទំនាក់ទំនងជាប្រចាំនៃប្រជាជននៃប្រទេសទាំង ២ ។
លោកថ្លែងថា៖ «នេះបានបង្ហាញយ៉ាងប្រត្យក្សពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមកមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ និងការទូត»។
លោក ហ៊ុន សែន បន្តថា៖ «កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំង ២ កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈកំណើននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាពិសេសក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រដ្ឋាភិបាលយើងទាំង ២ បានផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមកទាំងស្មារតី ថវិកា និងសម្ភារសុខាភិបាល»។
លោកឱ្យដឹងថា កន្លងមក ប្រទេសកម្ពុជា និងវៀតណាមបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមប្រទេសនៅអាស៊ី នៅក្នុងសន្ទស្សន៍ស្ដារឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ ១៩ របស់កាសែតជប៉ុននីកកេ (NIKKEI) ដែលបានវាយតម្លៃ និងចាត់ថ្នាក់ប្រទេសជាច្រើនលើសកលលោកអំពីសមត្ថភាពក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ ១៩ ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំង និងការស្ដារសកម្មភាព សង្គមសេដ្ឋកិច្ចឡើងវិញជាដើម។
លោកនាយករដ្ឋមន្ត្រីបន្តថា ការវាយតម្លៃនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ប្រទេសកម្ពុជា និងវៀតណាមក្នុងការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចបានលឿនជាងគេ ក្រោយវិបត្តិនៃជំងឺកូវីដ ១៩ រហូតឈានទៅបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ និងធុរជនបរទេសមុនប្រទេសជាច្រើនដទៃទៀត ដោយបានលុបបំបាត់ការអនុវត្តវិធានការរឹតត្បិតមួយចំនួន។
លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាមថ្លែងក្នុងវេទិកានេះ តាមរយៈការបកប្រែថា ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា គឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ហើយត្រូវថែរក្សាដើម្បីពូនជ្រំឱ្យទំនាក់ទំនងនេះកាន់តែរីកធំធាត់។
លោក ផាម មិញជិញ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ២ ថ្ងៃចាប់ពីថ្ងៃទី ៨ ដល់ទី ៩ ខែវិច្ឆិកា។ លោកក៏នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញដែលគ្រោងនៅថ្ងៃទី ១០-១៣ ខែវិច្ឆិកា ផងដែរ។
លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ផាម មិញជិញ មកកម្ពុជាពេលនេះថាមិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានទៀតផង។
ក្នុងជំនួបជាមួយលោក ផាម មិញជិញ នៅថ្ងៃទី ៨ ខែវិច្ឆិកា លោក ហេង សំរិន បានបញ្ជាក់ថា វត្តមានលោក ផាម ម៉ិញជិញនាពេលនេះក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាពិសេសក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ ដែលរដ្ឋាភិបាលប្រទេសទាំង ២ តែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋសភាកម្ពុជាពីថ្ងៃទី ៨ ខែវិច្ឆិកា លោក ផាម មិញជិញបានអបអរសាទរ ចំពោះការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាថ្មីៗនេះដោយលោកបញ្ជាក់ថា ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់កន្លងមក ជាផ្នែកសំខាន់ដែលនឹងនាំឱ្យកម្ពុជានូវជោគជ័យក្នុងការរៀបចំបោះឆ្នោតសកលឆ្នាំ ២០២៣ ខាងមុខ។
លោក ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ លើគ្រប់វិស័យ មានវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើមនោះ។
លោកបញ្ជាក់ថា រដ្ឋសភាកម្ពុជាជានិច្ចកាលតែងបានធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរសភានានា៕