ភ្នំពេញៈ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានអំពាវនាវដោយជំរុញឱ្យមេដឹកនាំនៃប្រទេសភាគីនៃវេទិកាគំនិតផ្តួចផ្តើមតំបន់រ៉ាមសារ ឥណ្ឌូ-ភូមា មានចំណាត់ការឆ្លើយតបជាបន្ទាន់ ដើម្បីការពារ និងអភិរក្សដីសើមនៅក្នុងតំបន់ទន្លេមេគង្គក្រោម ប្រកបដោយនីរន្តរភាព។
ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញថា ការបំប្លែងដីសើមយ៉ាងទូលំទូលាយទៅជាផលិតកម្មស្រូវ និងស្រះវារីវប្បកម្ម បានបណ្តាលឱ្យតំបន់ដីសើមធម្មជាតិជាច្រើន នៅតំបន់ទន្លេមេគង្គក្រោមត្រូវបានបាត់បង និងបង្កជាផលវិបាកសម្រាប់ជីវចម្រុះ អាកាសធាតុ និងសុខុមាលភាពរបស់មនុស្ស ប្រមាណ ២៥០ លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ IUCN ដែលបានចេញផ្សាយកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រុមជំនាញការ នៅក្នុងវិស័យនេះ បានផ្តល់អនុសាសន៍ដល់មេដឹកនាំនៃវេទិកាគំនិតផ្តួចផ្តើមតំបន់រ៉ាមសារឥណ្ឌូ-ភូមា ឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌតំបន់ដីសើមជាតិសម្រាប់ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីផ្តល់នូវទិដ្ឋភាពបច្ចុប្បន្ននៃទំហំដីសើមនៅក្នុងប្រទេសនីមួយៗ ដែលចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ចំពោះការបាត់បង់ដីសើមដែលនាំទៅរកការចុះខ្សោយនៃលក្ខណៈអេកូឡូស៊ីនៃតំបន់ដីសើមទាំងអស់ ជាពិសេសតំបន់រ៉ាមសារ។
ក្រុមជំនាញការដែលបានសិក្សាស្រាវជ្រាវលើបញ្ហានេះ ក៏បានគូសបញ្ជាក់ផងដែរថា៖ «តំបន់ឥណ្ឌូ-ភូមា គឺជាផ្នែកមួយក្នុងចំណោមផ្នែកជីវចម្រុះដ៏ធំបំផុតនៃពិភពលោក ប៉ុន្តែមានឯកសារមិនល្អអំពីភាពចម្រុះ និងកម្រិតនៃការបញ្ចប់នៃប្រភេទសត្វដែលពឹងផ្អែកលើដីសើម។ ចាំបាច់ត្រូវពង្រឹងឯកសារ និងការរាយការណ៍អំពីភាពចម្រុះ និងការចែកចាយប្រភេទសត្វដីសើមនៅក្នុងតំបន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តផែនការអភិរក្សប្រភេទសត្វ ដែលមានហានិភ័យបំផុត»។
បើគ្មានការឆ្លើយតបជាបន្ទាន់ និងការសម្របសម្រួលនៅទូទាំងតំបន់ទេ ជោគវាសនានៃប្រភេទសត្វព្រៃដែលរស់នៅអាស្រ័យលើតំបន់ដីសើម និងសុខុមាលភាពទូទៅរបស់ប្រជាជនជិត ២៥០ លាននាក់ នឹងត្រូវជួបប្រឈមការលំបាកយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឱ្យមានការសម្របសម្រួលដំណោះស្រាយប្រកបដោយបរិយាប័ន្នបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ។ នេះបើយោងតាមរបាយការណ៍ ទស្សនវិស័យតំបន់ដីសើមឥណ្ឌូ-ភូមា ឆ្នាំ ២០២២ (Indo-Burma Wetland Outlook 2022) ដែលជារបាយការណ៍សំយោគដំបូងនៃស្ថានភាព និងនិន្នាការសម្រាប់តំបន់ដីសើមនៅទូទាំងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
របាយការណ៍នេះត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃដែលត្រូវបានប្រកាសផ្សព្វផ្សាយជាសាធារណៈ (៩-១១-២០២២) ដែលវាជាផ្នែកមួយនៃកិច្ចប្រជុំលើកទី១៤ នៃសន្និសីទនៃភាគីជាប់កិច្ចសន្យាអនុសញ្ញា Ramsar ស្តីពីដីសើមនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ អនុសញ្ញា Ramsar គឺជាសន្ធិសញ្ញាអន្តរជាតិសម្រាប់ការអភិរក្សនិងការប្រើប្រាស់តំបន់ដីសើមប្រកបដោយនិរន្តរភាព ដែលមានភាគីជាប់កិច្ចសន្យាចំនួន ១៧២ នៅទូទាំងពិភពលោក។
ទស្សនវិស័យតំបន់ដីសើមឥណ្ឌូ-ភូមា ត្រូវបានបង្កើតឡើងដោយ គំនិតផ្តួចផ្តើមតំបន់រ៉ាមសារឥណ្ឌូ-ភូមា(Indo-Burma Ramsar Regional Initiative) ដែលជាវេទិកាតំបន់ប្រមូលផ្តុំរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលនិងអ្នកសិក្សាមកពីប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម និងការិយាល័យតំបន់អាស៊ីរបស់ IUCN ដើម្បីគាំទ្រដល់ការងារនេះ។ ការអនុវត្តផែនការយុទ្ធសាស្រ្តនៃអនុសញ្ញា Ramsar ។
ទស្សនវិស័យនេះ នាំមកជាមួយគ្នានូវទិន្នន័យចុងក្រោយបង្អស់ដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងអនាគតនៃតំបន់ដីសើមនៅក្នុងតំបន់។ វាគឺជាលទ្ធផលនៃការសម្ភាសន៍ ការពិនិត្យទាំងផ្នែកអក្សរសាស្ត្រ និងចំណេះដឹងពីរដ្ឋាភិបាល អ្នកគ្រប់គ្រងតំបន់ដីសើម សាកលវិទ្យាល័យ អង្គការសង្គមស៊ីវិល និងសហគមន៍ដែលកំពុងធ្វើការ និងរស់នៅក្នុងតំបន់។
ប្រទេសទាំង ៥ ធ្វើជាម្ចាស់ផ្ទះនៃតំបន់ដីសើមដ៏សម្បូរបែប ចាប់ពីតំបន់ដីសើម ដែលមានរយៈកម្ពស់ខ្ពស់នៅក្នុងផ្នែកទឹកនៃទន្លេអៃយ៉ាវ៉ាឌី (Ayeyarwady River) រហូតដល់តំបន់ទំនាបលិចទឹក យ៉ាង ទូលំទូលាយក្នុងទន្លេមេគង្គ រហូតដល់ថ្មប៉ប្រះទឹក ផ្កាថ្ម ដីភក់ ព្រៃកោងកាង និងវាលស្មៅសមុទ្រ នៅតាមឆ្នេរសមុទ្រ។ តំបន់នេះគឺជាផ្នែកមួយក្នុងចំណោមផ្នែកដែលមានជីវចម្រុះបំផុតនៃពិភពលោក ដែលឆ្លុះបញ្ចាំងពីភាពចម្រុះនៃលក្ខណៈជីវសាស្ត្រ ភូមិសាស្ត្រ និងអាកាសធាតុរបស់វា។
លើសពីនេះសម្រាប់ជីវចម្រុះ ដីសើមក្នុងតំបន់ដើរតួជាដំណោះស្រាយផ្អែកលើធម្មជាតិនិងផ្តល់នូវអាហារូបត្ថម្ភ ការគាំទ្រជីវភាពរស់នៅ និងអត្ថប្រយោជន៍អាកាសធាតុ ដល់ជិត១ភាគ៤នៃប្រជាជនរាប់ពាន់លាននាក់នៅក្នុងប្រទេសទាំង ៥។ ជាឧទាហរណ៍ តំបន់ដីសើមនៃទន្លេមេគង្គគាំទ្រដល់ការនេសាទដែលផ្តល់ប្រូតេអ៊ីនចាំបាច់សម្រាប់ប្រជាជនជាង ៦០ លាននាក់ ដែលភាគច្រើនពឹងផ្អែកលើធនធានទាំងនេះជាច្រើនជំនាន់។ លើសពីនេះ ដីសើមជួយដល់ការផលិតស្រូវ ដែលជាប្រភពអាហារូបត្ថម្ភ និងប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រជាជនក្នុងតំបន់ឥណ្ឌូ-ភូមា និងជាទំនិញនាំចេញដ៏សំខាន់ ជាមួយនឹងមីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្នុងចំណោមប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក។
របាយការណ៍នេះក៏បានគូសបញ្ជាក់ពីការគំរាមកំហែងសំខាន់ៗ ដែលកំណត់ដោយទស្សនវិស័យមួយចំនួនរួមមានការទន្ទ្រានយកដីកសិកម្មឬនគរូបនីយកម្ម ការផ្លាស់ប្តូរជលសាស្ត្រដោយសារវារីអគ្គិសនី ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធពណ៌ប្រផេះផ្សេងទៀត ការបំពុលពីកសិកម្ម និងប្លាស្ទិក និងការប្រមូលផល ដ៏ច្រើនហួសប្រមាណពីធនធានដីសើម។ បម្រែបម្រួលអាកាសធាតុគឺជាកត្តារួមនៃការបាត់បង់ដីសើម ជាពិសេសដោយសារការកើនឡើងនៃគ្រោះរាំងស្ងួតដែលកើតឡើងក្នុងរដូវប្រាំង។
របាយការណ៍ដ៏ដែលនោះបានបន្ថែមថា៖ «ការគំរាមកំហែងទាំងនេះ ប៉ះពាល់ដល់សេវាកម្ម ដែលផ្តល់ដោយដីសើម ហើយនាំឱ្យបាត់បង់ជីវចម្រុះ និងជលផល ការកើនឡើងនៃគ្រោះមហន្តរាយទាក់ទងនឹងទឹក និងផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់»។
របាយការណ៍នេះបានស្នើនូវវិធានការបន្ទាន់មួយចំនួន ដែលត្រូវអនុវត្តដើម្បីការពារការរេចរឹលបន្ថែមទៀត ចាប់ពីការកែលម្អប្រសិទ្ធភាពនៃអភិបាលកិច្ចតំបន់ដីសើម ដល់ការកែលម្អការត្រួតពិនិត្យ និងការរាយការណ៍អំពីប្រភេទសត្វដែលពឹងផ្អែកលើដីសើម ដើម្បីជូនដំណឺងសម្រាប់រៀបចំផែនការគ្រប់គ្រង។
«ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ននៃដីសើមក្នុងតំបន់ វាគឺជាគន្លឹះក្នុងការធ្វើសមាហរណកម្មតំបន់ដីសើមប្រកបដោយប្រសិទ្ធភាពក្នុងរបៀបវារៈរបស់ប្រទេសស្តីពីជីវចម្រុះ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង និងទឹក»។ នេះបើតាមប្រសាសន៍របស់លោកស្រី ស៊ុនលាង ប្រធាន ឥណ្ឌូ-ភូមា រ៉ាមសារ ប្រចាំតំបន់ (IBBRI) និងជាអគ្គនាយករង អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន ។
ទន្ទឹមជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃកម្មវិធីទឹកនិងដីសើម នៃការិយាល័យប្រចាំតំបន់អាស៊ី របស់IUCN លោក Raphael Glemet បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់មួយ សម្រាប់ពិភពលោក ដោយសន្និសីទនៃភាគីចុះកិច្ចសន្យានៃអនុសញ្ញារ៉ាមសារស្តីពីតំបន់ដីសើម UNFCCC និង CBD បានកើតឡើង។
លោកបានបញ្ជាក់ថា៖«យើងសង្ឃឹមថា អនុសាសន៍នៅក្នុងទស្សនវិស័យសម្រាប់តំបន់ដីសើម នឹងធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់ប្រទេសនិងដៃគូអភិវឌ្ឍន៍ ដើម្បីបញ្ជ្រាបសារៈសំខាន់នៃតំបន់ដីសើមជាដំណោះស្រាយផ្អែកលើធម្មជាតិនៅគ្រប់កម្រិតនិងចាត់វិធានការចាំបាច់ដើម្បីបញ្ច្រាសការបាត់បង់ដីសើមនៅក្នុងតំបន់»។
សូមបញ្ជាក់ថា ទស្សនវិស្ស័យដីសើម ឥណ្ឌូ-ភូមា បានរក្សាទុកនូវស្ថានភាពបច្ចុប្បន្ន និងនិន្នាការនៅក្នុងតំបន់ Ramsar និងតំបន់ដីសើមផ្សេងទៀតក្នុងប្រទេសទាំង៥។ ទស្សនវិស័យនេះមានគោលបំណងផ្តល់ការណែនាំ និងអនុសាសន៍ដើម្បីគាំទ្រដល់ប្រទេសនានាក្នុងការការពារជីវចម្រុះនិងធានានូវភាពបន្តនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីដែលតំបន់ដីសើមផ្តល់ដល់មនុស្សរាប់លាននាក់៕