ភ្នំពេញៈ អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ ​និង​ភូមិ​សាស្ត្រ​នយោ​បាយ​យល់​ថា​ កម្ពុជា​គួរ​ជំរុញ​ឲ្យមា​នការ​ដាក់​ស្ថាន​ទូត​រវាង​កម្ពុជា​ និង​កាណាដា ​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការទ្វេ​ភាគីទាំង​ទំនាក់​ទំនង​និង​ពាណិ​ជ្ជ​​កម្ម ដែល​កាណាដា​ក៏ជា​មហា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជឿន​លឿន​ទាំង​ ២០(G-20)​ ក្នុង​សកល​លោកផងដែរ។

អ្នក​តាម​ដាន​នយោបាយ​អន្តរ​ជាតិយល់​ឃើញ​ថា កម្ពុជា​គួរ​ចាប់​យក​ឱកាស​បង្កើន​កិច្ច​សហប្រតិ​បត្តិការ​ទ្វេភា​គី កម្ពុជា-​កាណាដា​ ក្នុង​ពេល​ដែល​នាយក​រដ្ឋមន្រ្តី​កាណាដា​លោក ​Justin Trudeau មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ក្នុង​ក្រប​ខ័ណ្ឌអាស៊ាន​នារាជ​ធានី​ភ្នំពេញ​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃរាជ​បណ្ឌិត្យ​សភាក​ម្ពុជា ​លោក​ គិន ភា មើល​ឃើញ​ថា វត្ត​មាន​របស់​នាយក​រដ្ឋ​មន្ត្រីកា​ណាដានៅ​កម្ពុជា​ ជា​ការ​សបញ្ជាក់ឱ្យ​ឃើញ​ពី​ការ​វិវត្ត​ជាវិជ្ជ​មាន​ នៃទំនាក់​ទំនង​រវា​ងប្រទេស​ទាំង ​២​ ទោះបី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក្តី​ ។

ប៉ុន្តែ​វាជាការ​ឲ្យ​តម្លៃដល់​កម្ពុជា​ជាម្ចាស់​ផ្ទះពី​សំណាក់​ប្រទេស​មហាអំណាច​ទាំង​នោះតួយ៉ាង​កាណាដា​ សហរដ្ឋ​អាមេរិ​ក ចិន ឥណ្ឌាជា​ដើម ​ដែលយល់​ព្រម​ទទួ​លកា​រអញ្ជើញ​របស់​កម្ពុជា ហើយ​កម្ពុជា​ក្លាយ​ជានិយតករ​សំខាន់​ក្នុង​បញ្ហា​តំបន់ និង​ពិភព​លោក​ក្នុង​កែវ​ភ្នែក​​​ប្រទេស​មហា​អំណាច។

លោក​ គិន ភា ថ្លែងថា៖ «វត្តមាន​របស់​មេដឹកនាំ​កាណា​ដា​ ស្រប​ជាមួយ​មេដឹក​នាំពិភព​លោក​សំខាន់ៗ​ផ្សេងៗ​ទៀត រាប់​ទាំង​សហរដ្ឋ​អាមេ​រិក ចិន សហភាព​អឺរ៉ុប អង្គការ​សហ​ប្រជា​ជាតិ បង្ហាញ​ពីសមត្ថ​ភាព​ក្នុង​ការ​សម្រប​សម្រួល​របស់​កម្ពុជា​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ទាំង​នេះ ហើយជា​នយោបាយ​ការបរទេស​មួយដែលយើង​មា​ន​ភាព​ចម្រុះ »។

សម្រាប់​ស្ថានភាព​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-កាណាដា​ លោក ​គិន ភា យ​ល់​ថា ទំនាក់​ទំន​ងនៃរដ្ឋ​ទាំង២​កំពុង​វិវត្ត​ទៅមុខ​ជាសហ​វិជ្ជមាន​ដោយ​មិន​មាន​ភាព​រកាំរកូស​ណាមួយ​ឡើយ ក្នុងពេ​លបច្ចុប្បន្ន​នេះ ហើយ​កាណាដា​ក៏ជាដៃគូ​​អភិវឌ្ឍន៍​ប្រទេស​ដ៏សំខាន់​សម្រាប់​កម្ពុជា​ផង ក្នុង​វិស័យ​កសាងធ​នធាន​មនុស្ស វិស័យ​បរិស្ថាន និង​សង្គ​មសេដ្ឋកិច្ច​។

លោក​ គិន ភា ផ្តល់​យោបល់​ដូច្នេះ​ថា​៖«កម្ពុជា​គួរជំរុញ​ការលើក​កម្ពស់​ទំនាក់​ទំន​ង​រវាង​ប្រទេស​ទាំង២​រហូត យើង​អាច​ថា​ នឹង​មានកា​រដាក់​នូវស្ថាន​ទូតរៀងៗ​ខ្លួន ហើយ​ជំរុញ​ការ​បំផ្លាស់​ប្តូរវិស័យ​ពាណិជ្ជកម្ម​ពីកម្ពុជា​ទៅ​កាណា​ដាបន្ថែម​ទៀត ហើយ​ជំរុញ​ឲ្យកាណាដា​ជួយកម្ពុជា​បន្ថែម​ទៀត​ លើវិស័យ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ ព្រោះតម្រូវ​ការកាណាដា​មិន​សូវ​ខុស​គ្នាទៅ​ទីផ្សារ​សហរដ្ឋ​អាមេរិ​កនោះ​ទេ»​ ។

ជាមួយ​គ្នានេះ​ដែរ លោក​​ យង់ ពៅ យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការរ​បស់នា​យករដ្ឋ​មន្ត្រីកាណា​ដា លោក Justin Trudeau នៅក្នុង​លក្ខខណ្ឌ​ដៃគូ​សន្ទនា​របស់​អាស៊ាន​ក្តី ក៏ជាការ​ចូល​រួម​ចំណែក​ដ៏សំខាន់នៅ​ក្នុង​លម្ហភូមិ​សាស្ត្រ​នយោបាយ​បច្ចុប្បន្ន។

ការ​ណ៍នេះបង្ហាញ​ពីឥទ្ធិពល​ការ​ទូត​ដែល​កម្ពុជា​ជោគ​ជ័យ ព្រោះ​បាន​អញ្ជើញ​ភាគី​ពាក់​ព័ន្ធ ជាពិសេស​មហា​អំណាច​របស់​ពិភព​លោក​មក​អង្គុយ​ពិភាក្សាគ្នា​នៅរាជធានី​ភ្នំពេ​ញ។

អ្នក​ជំនាញ​ភូមិ​សាស្ត្រ​នយោបាយ​រូប​នេះ បានមើ​លឃើញ​ពីកាលានុ​វត្តភាព​នៃនយោ​បាយកា​របរទេស​កម្ពុជា ​និង​មធ្យោ​បាយ​ដែល​កម្ពុជា​អាចធ្វើ​ពិពិធ​កម្ម​ការទូត​ជាមួយ​ប្រទេសធំៗ​បានក្នុងពេ​លបច្ចុប្ប​ន្ន​ ដូច្នេះ​ថា៖​ «វា​បង្ហា​ញ​ថា​ កម្ពុជាពេ​លនេះ​ ខុស​ពីកម្ពុជា​នៅទ​សវត្សរ៍មុន​ៗ ដែល​គេមើល​ឃើញ​គ្រាន់​តែជាប្រទេស​ទន់​ខ្សោយ ខ្សោ​យ​ទាំង​នយោបាយ ទាំង​ការទូត និង​សេដ្ឋកិច្ច តែប​ច្ចុប្បន្ន​នេះ ទោះបីកម្ពុ​ជាជាប្រទេស​តូច តែន​យោបាយ​ការទូត​របស់​កម្ពុ​ជា​បាន​ទទួល​លទ្ធផល​ជោគ​ជ័យ​ »។

លោក​ យ​ង់ ពៅ ចង់​ឃើញ ការ​ដាក់​ស្ថានទូត ឬស្ថាន​តំណាង រវា​ងកា​ណាដា និង​កម្ពុជា ដើម្បី​បង្កើន​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២​ក្នុង​ស្ថាន​ភាព​លម្ហភូមិ​សាស្ត្រន​យោបាយ​ថ្មី​នេះ បើទោះ​បីទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ២ ​នារយៈ​ពេលចុង​ក្រោយ​នេះ ហាក់​មិន​សូវមាន​ភាព​សកម្ម​និង​នៅមាន​កម្រិត​ក្តី តែត្រូវ​ចាប់​ផ្តើម​ទំព័រ​ទំនាក់​ទំនង​ថ្មី។​

គួររំឭក​ថា នាយករដ្ឋ​មន្ត្រីកាណា​ដា លោក Justin Trudeau នឹង​មាន​វត្តមាន​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ានលើ​កទី​៤០ និង​៤១ ដែល​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះក្នុងឆ្នាំ​នេះ នៅ​ថ្ងៃទី​ ១២ ដល់​ ១៣ ខែវិច្ឆិកា ឆ្នាំ​ ២០២២។

នាយករដ្ឋមន្ត្រី​កាណាដា​នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​ពិភពលោក​ជាមួយ​សមភាគី​អាស៊ាន និង​បណ្តា​រដ្ឋ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ជាពិសេស​លោក​នឹងចូលរួម​កិច្ចប្រជុំ​អនុស្សាវរីយ៍​អាស៊ាន​-​កាណាដា ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន​-​កាណាដា​។

លោក Justin Trudeau បានបញ្ជាក់ពី​បំណង​របស់លោក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​ខាងមុខថា លោក​នឹង​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ពាណិជ្ជកម្ម​ដែល​ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់ កំណើនសេដ្ឋកិច្ច​ដែល​ផ្តល់​ផលប្រយោជន៍​រួម​ដល់​មនុស្ស​គ្រប់គ្នា និង​ដើម្បី​រឹតចំណង​ទំនាក់ទំនង​ឱ្យ​រឹងមាំ​រវាង​ប្រជាជន​ និង​ប្រជាជន​រវាងកា​ណាដា​និង​ប្រជា​ជាតិ​អាស៊ីអា​គ្នេយ៍ ៕