ភ្នំពេញៈ តំណាងរដ្ឋាភិបាលកម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ក្នុងការអភិវឌ្ឍរួមគ្នាបង្កើតឱ្យមានកម្មវិធីសិក្សាភាសាចិនសាកល្បងនៅក្នុងសាលារដ្ឋមួយចំនួនដែលជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ។ MoU នេះ ត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ជួន ណារ៉ុន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
អនុស្សរណៈយោគយល់គ្នានេះ គឺជាឯកសារមួយក្នុងចំណោមឯកសារចំនួន ១៨ ដែលត្រូវបានចុះហត្ថលេខាដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោក លី កេឈាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅរាជធានីភ្នំពេញ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែវិច្ឆិកានេះថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងអប់រំនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នានៅតាមសាលាមធ្យមសិក្សា បានឈានដល់ដំណាក់កាលសាកល្បងអនុវត្តកម្មវិធីអប់រំភាសាចិន នៅតាមវិទ្យាល័យចំនួន ២០ វិទ្យាល័យ នៅក្នុងខេត្ត ២ ទៅ ៣ ប៉ុណ្ណោះ។
លោកថ្លែងថា ក្រសួងអប់រំនឹងបង្កើតគណៈកម្មការដើម្បីបន្តការសិក្សាការងារលម្អិតជាមួយភាគីចិនសម្រាប់កិច្ចការបច្ចេកទេស។លោក ហង់ជួន ណារ៉ុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ ផងដែរថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រាប់បណ្តុះបណ្តាលតែគ្រូប៉ុណ្ណោះ។
លោកថ្លែងថា៖ «តាមពិតយើងមានសាលាចិនច្រើន (យើង) បណ្តុះបណ្តាល (តែ) គ្រូសម្រាប់សាលារដ្ឋចំនួន ២០ សាលា ព្រោះសាលាចិន (មាន) រាប់ពាន់រាប់រយឯណោះ»។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី បានថ្លែងថា ការបង្កើតឱ្យមានការសិក្សាភាសាបរទេសគឺជារឿងល្អ ប៉ុន្តែទន្ទឹមនឹងភាពវិជ្ជមាន អាចនឹងជួបហានិភ័យ បើសិនជាកម្ពុជាបាត់បង់ម្ចាស់ការនោះ។
លោកស្រីថា៖ «យើងដឹងហើយថាចិនជាប្រទេសកុម្មុយនីស្តគេដាក់បញ្ចូលភាសា ចំណេះ ជំនាញ អ៊ីចឹងនៅ ថ្ងៃអនាគតប្រទេសយើងនៅក្រោមអាណានិគមចិន។ ការសិក្សា ការចាប់យកជំនាញភាសាជាការល្អ និងយកតម្រិះនោះទៅបម្រើជាតិមាតុភូមិ ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យខ្មែរយើងស្ថិតនៅអាណានិគមចិន ធ្វើយ៉ាងណាកុំឱ្យបាត់បង់ម្ចាស់ការខ្លួនឯង កុំឱ្យជាន់ដានចាស់ព្រោះកម្ពុជាធ្លាប់នៅក្រោមអាណានិគមបរទេសកន្លងមក»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ ថ្លែងថា ការចុះអនុស្សរណៈស្តីពីការបញ្ចូលភាសាចិននៅក្នុងកម្មវិធីសិក្សាគឺជាចំណុចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាផ្ទាល់។ ប៉ុន្តែដើម្បីឱ្យដំណើរប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា គឺរដ្ឋាភិបាលចិនត្រូវតែគាំទ្រ បច្ចេកទេសអប់រំ ឱ្យបានសមស្របទៅតាមសាលាគោលដៅសាកល្បងនោះ។
លោកបានបន្តថា៖ «បើយើងមើលទៅចំណុចជ្រុងមួយទៀត ការបណ្តុះបណ្តាលភាសាចិននៅមធ្យមសិក្សានេះ មិនមានអ្វីចម្លែកទេ បើក្រឡេកមើលប្រទេសសិង្ហបុរី មានសេដ្ឋកិច្ចទី១ នៅក្នុងអាស៊ាន ការ បណ្តុះបណ្តាលភាសាចិនយូរមកហើយ ដែលបានដាក់ឱ្យសិស្សសិក្សានៅមធ្យមសិក្សាព្រមគ្នាមាន ៣ ភាសា អង់គ្លេស ចិន និងភាសាម៉ាឡេស៊ី អ៊ីចឹងហើយប្រទេសគេដើរលឿន រីកចម្រើនលឿន ព្រោះយើងដឹងហើយចិនបច្ចុប្បន្ន មិនមែនចិននៅក្នុងសម័យសង្គ្រាមត្រជាក់ ឬសង្គ្រាមលោកលើកទី២ ដែលជាចិនក្រីក្រនោះទេ។ ឥឡូវនេះចិនបានពង្រីកខ្លួនក្លាយជាមហាអំណាចទាំងសេដ្ឋកិច្ច និងនយោបាយលំដាប់ទី២ ផងដែរ អ៊ីចឹងប្រាកដណាស់ការបណ្តុះបណ្តាលភាសាចិននេះ មានប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជា ទាំងសេដ្ឋកិច្ច និងនយោបាយ»។
លោកបន្តថា ផ្អែកតាមប្រវត្តិសាស្ត្រ កម្ពុជាបានទទួលយកភាសាចិននេះ តាមរយៈប្រវត្តិទំនាក់ទំនងយូរលង់ណាស់មកហើយ និងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរ រៀនភាសាចិន និងមានសមាគមចិន ដែលមិនផ្លូវការយូរមកហើយ។ លោកថា៖ «អ៊ីចឹងបើយើងទទួលយកហើយ គឺទទួលយកបែបផ្លូវការ បែបវិទ្យាសាស្ត្រ បែបអប់រំតាមផ្លូវការ វាល្អជាជាងអប់រំដែលមិនផ្លូវការ ដែលយើងចេះមិនសមស្របទៅតាមគរុកោសល្យ»។
លោកបានបន្ថែមថា ១ ជ្រុង ទៀត កម្ពុជាក៏ទទួលយកការបណ្តុះបណ្តាលភាសាបរទេសដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋរួចទៅហើយ ដូចជា បណ្តុះបណ្តាលភាសាអង់គ្លេស បារាំង ជាពិសេសអង់គ្លេស ដែលបានបណ្តុះបណ្តាលដល់ថ្នាក់ទី ៤-១២ មកម្ល៉េះ។ លោកថា៖ «ការបណ្តុះបណ្តាលនេះគឺយើងទទួលយកតាំងពីក្រោយសម័យអ៊ុនតាក់ចូលមក គឺយើងរៀនដោយមិនផ្លូវការច្រើនណាស់ យើងទទួលយកបណ្តុះបណ្តាលអង់គ្លេសបាន បារាំងបាន អ៊ីចឹងការទទួលយកបណ្តុះបណ្តាលភាសាចិនក៏ត្រូវតែបាន មិនមានបញ្ហានោះទេ គឺមានប្រយោជន៍ទៅវិញទេ»។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំបានឯកភាពជាគោលការណ៍ឱ្យបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម ឬថ្នាក់មូលដ្ឋានភាសាវៀតណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីងាយស្រួល ក្នុងការផ្លាស់ប្តូរ និស្សិតអាហារូបករណ៍ ទៅវិញទៅមករវាងប្រទេស ២។ បច្ចុប្បន្ននេះ កម្ពុជាបានដាក់បញ្ចូលភាសាបរទេសចំនួន ២ ជាផ្លូវការ នៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ ក្នុងនោះមានភាសាអង់គ្លេស និងបារាំង៕