ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ១០ ​វិច្ឆិកា បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ និង​រីកចម្រើន​។

ជាកិច្ច​ចាប់ផ្តើម លោក ​ស៊ុន ចាន់ថុល បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ​ថៃ និង​គណៈប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ទ្វេភាគី​នាឱកាស​នេះ​។

បើតាម​ហ្វេសប៊ុក​ក្រសួង​សាធារណការ​ក្នុង​ជំនួប​នេះ លោក​ ស៊ុន ចាន់ថុល ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​តែងតែ​ជួយ​គាំទ្រ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ​។

បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​តួនាទី​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការលើក​កម្ពស់​សេដ្ឋកិច្ចជាតិ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន និង​ច្រកទ្វារ​ព្រំដែន​ទ្វេភាគី និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សាធារណការ ក្នុង​នាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​វិស័យ​មួយ​នេះ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ និង​រីកចម្រើន​។

លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​អំពី​សកម្មភាព​ការងារ​សំខាន់ៗ​ជាច្រើន ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ព្រះរាជាណាចក្រ​ថៃ​នៅតាម​ព្រំដែន ក្នុង​នោះ​រួមមាន​៖ ១- ​គម្រោង​រៀបចំ​ច្រកទ្វារ អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​ ៥ ដែល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​សាងសង់​សម្រេច​បាន​ជិត ៧០%​ ហើយ គិត​ត្រឹម​ថ្ងៃទី​ ៣១ តុលា ឆ្នាំ​ ២០២២ និង​កំពុង​ជំរុញ​ការងារ​បន្ត​។

២- ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ព្រំដែន​ចំណុច​ស្ទឹង​បត់​បានណងអៀន ត្រូវ​បាន​បញ្ចប់​ការសាងសង់​រួចរាល់ ប៉ុន្តែ​មិនទាន់​មាន​ការឯកភាព​គ្នា​លើ​ការយក​កម្រៃ​សេវា​ពី​អ្នកប្រើប្រាស់​ស្ពាន​នៅឡើយ​។

ទាក់ទង​នឹង​បញ្ហា​នេះដែរ ភាគី​ថៃ​នឹង​ស្នើសុំ​ការឯកភាព​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​ភាគី​កម្ពុជា ដែល​មិន​តម្រូវឱ្យ​យក​កម្រៃ​សេវា​ពី​អ្នកប្រើប្រាស់​ស្ពាន ដែល​ត្រូវបាន​សាងសង់​ឡើង​ក្រោម​ជំនួយ​ឥតសំណង​នោះ​។

៣- ​គម្រោង​សាងសង់​ច្រក​ទ្វារព្រំដែន​អន្តរជាតិ​ថ្មដា (​ច្រក​ស្ពាន​ជ័យជំនះ​) ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ការសិក្សា​គំនូស​ប្លង់​នៃ​អគារ​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​នេះ ត្រូវ​បាន​បញ្ចប់​រួចរាល់ និង​កំពុង​ពិនិត្យ​ស្វែងរក​លទ្ធភាព​ក្នុង​ការស្ថាបនា​។

ជាមួយ​គ្នា​នេះដែរ លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ថៃ អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន បាន​បង្ហាញ​ទស្សនៈ​យល់ស្រប​ចំពោះ​លោក ​ស៊ុន ចាន់ថុល ដែល​បាន​លើកឡើង​ខាងលើ និង​បាន​បញ្ជាក់ថា វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​បាន​ចូលរួម​ចំណែក​ក្នុង​ការរឹតបន្តឹង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ជិតខាង ជាក់ស្តែង​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​នេះ​ស្រាប់​។

លោក​ថ្លែង​បន្ថែម​ទៀត​ថា ទោះបីជា​ស្ថិត​ក្នុង​បរិបទ​ដែលមាន​ជំងឺ​កូវីដ​ ១៩ រាតត្បាត​ក៏ដោយ ក៏​វិស័យ​ដឹកជញ្ចូន​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ក៏​មិនបាន​ទទួល​រង​ការប៉ះពាល់​ខ្លាំង​នោះទេ ដោយសារ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​គុណភាព និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។

នៅ​ចុងបញ្ចប់​ភាគី​ទាំង​ ២ បាន​បង្ហាញ​សុឆន្ទៈ​ក្នុង​ការជំរុញ​គម្រោង​នានា ដែល​បាន​លើក​យក​មក​ពិភាក្សា ខាងលើ​ឱ្យ​សម្រេច​បាន​លទ្ធផល​លេចចេញ​ជា​រូបរាង​នាពេល​ខាងមុខ​ឆាប់ៗ និង​បាន​ប្តេជ្ញា​ខ្ពស់​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​ថៃ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ថែមទៀត​៕