នៅមុន​ដំណើរការ​កិច្ចប្រជុំ​ជា​ផ្លូវការ​អាស៊ាន​បូក​បី ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង គឺ​ថ្នាក់ដឹកនាំ​អាស៊ាន​បើ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ​ដោយឡែក ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ និង​បង្ហាញ​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​ក្នុង​តំបន់​។

នៅ​ថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ មេដឹកនាំ​អាស៊ាន បាន​បើក​កិច្ចប្រជុំ​ដោយឡែក​ជាមួយ​ប្រទេស​ចិន ប្រទេស​កូរ៉េខាងត្បូង និង​អង្គការ​សហប្រជាជាតិ​។ សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​ផ្លូវការ​អាស៊ាន​បូក​បី ចិន ជប៉ុន និង​កូរ៉េខាងត្បូង លើក​ទី​ ២៥ នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​ ១២ ខែវិច្ឆិកា​នេះ​។

លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​ជា​អ្នកនាំពាក្យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​ថ្លែងថា​កិច្ចប្រជុំ​កំពូល​អាស៊ាន ចិន លើក​ទី​ ២៥ គឺ​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​ចូលរួម​អបអរសាទរ​ភាពជោគជ័យ ​ចំពោះ​កិច្ចប្រជុំ​មហាសន្និបាត​កុម្មុយនិស្ត ចិន លើក​ទី ២០ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នាពេល​ថ្មីៗ​នេះ និង​បាន​គាំទ្រ​ចង្ខុវិស័យ​ដែល​បាន​ដាក់ចេញ​ឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ។

លោក​បន្តថា ថ្នាក់ដឹកនាំ​អាស៊ាន ចិន បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន ចិន ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​បន្ថែមទៀត ដោយ​ត្រូវ​ឈរលើ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ និង​វិបុលភាព​ក្នុង​តំបន់​។

លោក​គូសបញ្ជាក់​ថា​៖ «​កិច្ច​ប្រជុំ​បាន​វាយតម្លៃ​ខ្ពស់ និង​ស្វាគមន៍​គំនិត​ផ្តួចផ្តើម​ថ្មី ដែល​នឹង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ និង​ពេញលេញ ក្នុង​ភាព​ជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន ចិន ដើម្បី​សន្តិភាព និង​វិបុលភាព សម្រាប់​ឆ្នាំ ២០២១ រហូតដល់​ឆ្នាំ ២០២៥ ព្រមទាំង​សម្រេច​ឱ្យបាន​នូវ​រាល់​គោលដៅ​នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​»​។

លោក​បន្ថែមថា ថ្នាក់ដឹកនាំ​អាស៊ាន ចិន បាន​អនុម័ត​នូវ​ឯកសារ​សំខាន់ៗ​ចំនួន បី គឺ​សេចក្តី​ថ្លែងការណ៍​រួម​អាស៊ាន ចិន ខួប​លើក​ទី​ ២០ នៃ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង សេចក្តី​ថ្លែងការណ៍​រួម​អាស៊ាន​ចិន ស្តីពី​ការពង្រឹង​ការអភិវឌ្ឍន៍​រួម និង​ប្រកប​ដោយ​ចីរភាព និង​សេចក្តី​ថ្លែងការណ៍​រួម​អាស៊ាន ចិន ស្តីពី​ការ​សហប្រតិបត្តិការ​សន្តិសុខ​ស្បៀង​។

លោក គង់ ភោគ ឱ្យដឹង​ទៀត​ថា ដោយឡែក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង លើក​ទី ២៣ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​បង្ហាញ​នូវ​ភាពសោកស្តាយ​ចំពោះ​សោកនាដកម្ម​នៅ​តំបន់ Itaewoon ដែល​បាន​កើតឡើង​នាពេល​ថ្មីៗ​នេះ នាំ​ដល់​ការបាត់បង់​ជីវិត​មនុស្ស​ជាច្រើន​។

លោក​ថ្លែងថា ថ្នាក់ដឹកនាំ​អាស៊ាន​ស្វាគមន៍​ចំពោះ​ការបង្កើត​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅ ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ឆ្នាំនេះ និង​ស្នើឱ្យ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​បន្ត​ចែករំលែក​ជំនាញ និង​បទពិសោធ​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​ទៅលើ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​សម្រាប់​មូលដ្ឋាន ក្នុង​ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​រចនាសម្ព័ន្ធ ហិរញ្ញវត្ថុ​ក្នុង​តំបន់​»​។

លោក​បន្តថា​៖ «​ថ្នាក់ដឹកនាំ​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​បង្ហាញ​ឆន្ទៈ ក្នុង​ការបន្ត​ជំរុញ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​វប្បធម៌ និង​សង្គម ក៏ដូចជា​ជំរុញ​បន្ថែមទៀត​នៃ​ការផ្លាស់ប្តូរ​ទៅវិញ​ទៅមក​រវាង​ប្រជាជន​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​។

ដោយឡែក​ពាក់ព័ន្ធ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាមួយ​អង្គការ​សហប្រជាជាតិ លោក គង់ ភោគ ថា​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ ដោយសារ​នៅមាន​កែប្រែ​ខ្លឹមសារ​មួយ​ចំនួន​៕