ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា អាស៊ាន​សម្រេចបាន​នូវ​កិច្ចសន្ទនា​ប្រកបដោយ​ផ្លែផ្កា ដើម្បី​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន ក្នុង​កិច្ចទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ ស្របពេល​សកលលោក កំពុង​ជួបប្រទះ​នឹង​បញ្ហា​ស្មុគស្មាញក្នុង​តំបន់ និង​ជា​អន្តរជាតិ​។​

​លោក ​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ថ្ងៃទី​ ១៣ ខែវិច្ឆិកាថា ខណៈដែល​អាស៊ាន​បាននិងកំពុង​ខិតខំ​ស្តារឡើងវិញ ពី​ផល​​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ ​១៩ និង​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​នោះ ស្ថាន​ភាពមិន​រំពឹងទុក ក៏បាន​កើតមានឡើង ដែលមាន​ផលប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​។ ទោះជា​យ៉ាងនេះ​ក្តី អាស៊ាន​បាន​គ្រប់គ្រង និង​សម្រប​​សម្រួល​លើ​បញ្ហា​ប្រឈម​ទាំងនោះ រហូត​ទទួលបាន​លទ្ធផល​ជាច្រើនគួរ​ជាទី​គាប់ចិត្ត​។ អាស៊ាន​ពិតជា​បាន អនុវត្តតាម​មូលបទ​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុងឆ្នាំនេះ «​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​»​។​

​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល ​៤ ​ថ្ងៃនេះ យើង​សម្រេចបាន​នូវ​កិច្ចសន្ទនា​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយផ្លែ​ផ្កា​លើ​កិច្ច​ការបន្ត​ទៅមុខ ​ដើម្បី​ពង្រឹង​ម​ជ្ឈ​ភាព​អាស៊ាន​ និង​គុណ​​តម្លៃ​របស់​យើង ក្នុង​កិច្ច​ទំនាក់​​ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ​ជា​ពិ​​សេស​នៅពេលដែល​សកលលោក កំពុង​ជួបប្រទះ​នឹង​បញ្ហា​ស្មុគស្មាញ ក្នុង​តំបន់ និង​ជា​អន្តរជាតិ ដែល​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​»​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​អាស៊ាន​បានអនុម័ត និង​កត់​​សម្គាល់​នូវ​ឯកសារ​សមិទ្ធផល និង​សេចក្តីប្រកាស​ចំនួន ៧០ ដែល​គ្របដណ្តប់​ទៅលើ​សសរ​​ស្តម្ភ​ទាំង​ ៣ របស់​សហគមន៍​អា​​ស៊ាន និង​បានអនុម័ត​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ជាមួយនឹង​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ អាស៊ាន​បានចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិ​​ប​ត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ដើម្បី ប្រារព្ធ​ពិធី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០ ​នៃ​ការចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិ​នេះ​នា​ឆ្នាំ​ ២០០២​។​

​អាស៊ាន​បានអនុម័ត​សេចក្តី​ថ្លែងការណ៍​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​អាស៊ាន​រួម​​គ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្តីពី​ខួប​លើក​ទី​៥៥ របស់​អាស៊ាន និង​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន ស្តីពី​របៀបវារៈ​នៃ​ការតភ្ជាប់​អាស៊ាន​ក្រោយ​ឆ្នាំ ២០២៥​។ អាស៊ាន​ក៏បាន​អនុ​​ម័តសេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការកសាង​អនាគត​ប្រកបដោយ​ចីរភាព បរិ​យា​ប័ន្ន និង​ភាព​ធន់ តាមរយៈ​ការ​បំផុស​សហគ្រិនភាព​ស្ត្រី​អាស៊ាន​។​

​លោក​ ហ៊ុន សែន​ ថ្លែង​ទៀតថា​៖ «​ការបញ្ចប់​នូវ​កិច្ចប្រជុំ​កំពូល ចំនួន ១៦ ក្នុង​រយៈពេល​ត្រឹម ៤ ថ្ងៃ គឺជា​រឿង​ដ៏​លំបាក​មួយ ជា​​ពិសេសនៅ​ចំ​ពេលដែល​ពោរពេញ​ដោយ​បញ្ហា​ប្រឈម​។ ដូចនេះ ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង​នៃ​ក្រុមការងារ​យើង​ដើម្បី​ធានា​ដល់​ភាព​ងាយ​​ស្រួល និង​ផាសុកភាព សម្រាប់ យើង​រាល់គ្នា និង​ដើម្បី​ការបញ្ចប់​ភាពជា​ប្រធាន​អាស៊ាន​ប្រកប​ដោយ​ជោគជ័យ​»​។ ក្នុងឱកាស​នោះ​លោក​ ហ៊ុន សែន​ ក៏បាន​ថ្លែង​អញ្ជើញ​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​មក​ចូលរួម បើក​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម​ជា​ផ្លូវការ លើក​ទី​៣២ នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​ ២០២៣ និង​ពិធី​បើក​កម្មវិធី​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម​អាស៊ាន លើក​ទី​១២ នៅ​ថ្ងៃទី ​៣ ខែមិថុនា ឆ្នាំ ​២០២៣ ដែល​លោក​ចាត់ទុកថា ជាស​មិទ្ធ​​ផល​មួយទៀត​សម្រាប់​សាមគ្គី​ភាព កិច្ចខិតខំ​ប្រឹងប្រែង និង​មិត្ត​ភាព​របស់​អាស៊ាន​។​

​លោក ថុង ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ សម្រាប់​ការសិក្សា​យុទ្ធ​សាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​​អាស៊ី (AVI) ថ្លែងថា កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ គឺជា​កិច្ចប្រជុំ​ដោយ​ជោគជ័យ​ទទួលបាន​លទ្ធ​ផល​ផ្លែផ្កា និង​ប្រកបដោយ​ការ​​ស្ថាបនា ដែល​មេដឹកនាំ​ពិភព​​លោក​ និង​អង្គការ​អន្តរជាតិ​កំពូលៗ​ជាច្រើន​បាន​ចូលរួម និង​ដោះ​​ស្រាយ​បញ្ហា​របស់​ពិភពលោក​ជាមួយគ្នា​។

លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​កិច្ចប្រជុំ​ទល់មុខ​គ្នា​ជា​លើកដំបូង ចាប់តាំងពី​ការផ្ទុះ​​ឡើង​នៃ​ជំងឺ​កូ​វីដ ​១៩​ កាលពីដើមឆ្នាំ ​២០២០ ហើយ​កិច្ចប្រជុំ​កំពូល​នេះ​ត្រូវបាន​រៀបចំ​បាន​យ៉ាង​ល្អ និង​មិនមាន​ឧប្បត្តិហេតុ​នៃ ​«​ភាព​តានតឹង​ខ្ពស់​» នោះទេ នៅក្នុង​ចំណោម​ប្រទេស​មហាអំណាច​ពិភពលោក ដូចជា​សហរដ្ឋ​អា​​មេ​រិ​ក និង​ចិន​ជាដើម​»​។

​លោក​ ម៉េង​ដា​វិត បន្ថែមថា កម្ពុជា​បាន​បំពេញការងារ​ដ៏​អស្ចារ្យ​តាមរយៈ​យុទ្ធសាស្ត្រ​ដ៏​ឆ្លាត​វៃ និង​អាច​បត់បែន​បាន រួម​​ទាំង​កិច្ចប្រជុំ​អម​ទ្វេភាគី​ផ្សេងៗ ដែល​នឹង​ជួយ​ពង្រឹង​កិច្ច​សហ​​ប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ដទៃទៀត​។​

លោក Joko Widodo ទទួល​ញញួរ​ប្រធាន​អាស៊ាន​ពី​លោក ​ហ៊ុន សែន ​នៅ​ថ្ងៃទី​១៣ វិច្ឆិកា​។ ហុង មិនា

​បន្ទាប់ពី​បានទទួល​ញញួរ​អាស៊ាន​ពី​លោក ហ៊ុន សែន ជា​និមិត្តរូប​នៃ​ការធ្វើជា​ប្រធាន​អា​​ស៊ាន​នៅ​ឆ្នាំ​ ២០២៣ លោក Joko Widodo ប្រធានាធិបតី​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ថ្លែងថា ប្រទេស​ឥណ្ឌូនេស៊ី ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២៣ នឹង​ធ្វើឱ្យ​អាស៊ាន ក្លាយជា​តំបន់​ដែលមាន​កំណើន​។ អាស៊ាន​ត្រូវតែ​ក្លាយជា​តំបន់​សន្តិភាព និង​ជា​អង្គការ​តំបន់​សម្រាប់​ស្ថិរ​ភាព​ពិភពលោក ដោយ​ប្រកាន់​​ខ្ជាប់​នូវ​ច្បាប់​អន្តរជាតិ និង​មិន​​មែន​ជា​កូនជឹង​របស់​មហាអំណាច​ណាមួយ​ឡើយ​។

លោក​ថ្លែងថា​៖ «​អាស៊ានត្រូវតែ​ជា​តំបន់​មួយ ដែលមាន​សេចក្តីថ្លៃថ្នូរ និង​លើក​​តម្កើង​តម្លៃ​នៃ​មនុស្សជាតិ និង​លទ្ធិប្រជាធិបតេយ្យ​។ អាស៊ាន​មិនគួរ​ជាទី​តាំង​សម្រាប់​ភូមិ​សា​​ស្ត្រ​នយោបាយ​ក្នុងការ​ប្រែ​ក្លាយទៅជា​សង្គ្រាមត្រជាក់​ថ្មី​ក្នុង​តំបន់​របស់ខ្លួន​ឡើយ​។ អាស៊ាន​ក៏ត្រូវ​​តែ​ជា​តំបន់​ដែលមាន​កំណើនសេដ្ឋកិច្ច​រឹងមាំ ប្រកបដោយ​និរន្តរភាព​»​។​

​លោក Widodo បាន​បញ្ជាក់ថា កំណើនសេដ្ឋកិច្ច​តែងតែ​ជា​កិច្ចការ​របស់​អាស៊ាន​។ សមត្ថ​​ភាព​អាស៊ាន​ក៏ត្រូវ​ពង្រឹង​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ​២០ ​ឆ្នាំ​ខាងមុខ ក្នុងការ​​ត្រៀមខ្លួន​ក្នុងការ​សម្រប​ខ្លួន ឆ្លើយតប និង​ការប្រកួតប្រជែង​។

លោក​បន្ថែមថា​៖ «​យើង​ត្រូវតែ​ព្យាយាម​សម្រេច​ឱ្យបាន​នូវ​អ្វីៗ​ទាំងអស់នេះ តាមរយៈ​វិធី​​សាស្ត្រ​របស់​អាស៊ាន ស្របតាម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​ធម្មនុញ្ញ​អាស៊ាន​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​​ខាងត្បូង លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​ថា អាស៊ាន​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការរក្សា​និង​លើកកម្ពស់​សន្តិភាព សន្តិសុខ សុវត្ថិភាព ស្ថិរភាព និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ការហោះ​​ហើរ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​តម្រូវការ​នៃ​ការអនុវត្ត​ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នៃ​សេចក្ដីថ្លែងការណ៍ ស្ដីពី​ការ​​ប្រតិបត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

លោក​បន្តថា​៖ «​ចំពោះ​ស្ថានការណ៍​នៅ​អ៊ុយ​ក្រែ​ន ខ្ញុំ​អាចនិយាយបានថា ជា​ដុំថ្ម​ក្ដៅ​បំផុត ដែល​អាច​មើលឃើញថា មាន​ជំហរ​ផ្សេងៗ​គ្នា​ជាពិសេស​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​កម្ពុជា​អាចធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ​ដែល​ភាគី​មាន​ជំហរ​ផ្សេងៗ​គ្នា អាច​ផ្លាស់ប្តូរ​ទស្សនៈ​ដ៏​ស្មោះត្រង់​លើ​បញ្ហា​នេះ​»​។ លោក​បន្តថា អាស៊ាន​បានបញ្ជាក់​ឡើងវិញ​នូវ​ការគោរព​ចំពោះ​អធិបតេយ្យភាព ឯករាជ​​ភាព និង​បូរណភាព​ទឹកដី​។

អា​ស៊ាន​បានបញ្ជាក់​ពី​សារៈសំខាន់ នៃ​ការបញ្ឈប់​ជាបន្ទាន់ នូវ​អរិភាព​ និង​ការបង្កើត​បរិយាកាស​អំ​ណោ​យ​​ផល​សម្រាប់​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។ អាស៊ាន​ក៏​អំពាវ​​នាវ​ឱ្យមាន​ការជួយ​សម្រួល​ដ​ល់​ការទទួលបាន​នូវ​ជំនួយ​មនុស្សធម៌​យ៉ាង​ឆាប់រហ័ស​សុវត្ថិភាព​ដោយ​គ្មាន​ការរារាំង ទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក​បាន​ថ្លែងថា​៖ «​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ប្រទេស​ជប៉ុន ហើយ​បានចាត់ទុក​សកម្ម​ភាព​បែបនេះ ជាការ​គំរាមកំហែង​ដល់​សន្ដិសុខ​នៅក្នុង​តំបន់​។ យើង​បាន​អំពាវនាវ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ គោរព​សេចក្ដីសម្រេច ពាក់ព័ន្ធ​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​ចៀស​​វាង​ការសាកល្បង​អាវុធ​នុយ​ក្លេ​អ៊ែរ​បន្ថែមទៀត​»​។​

​លោក ហ៊ុន សែន បញ្ជាក់ថា អាស៊ាន​បាន​ទទូច​ឱ្យ​ភាគី​ពាក់​​ព័ន្ធ​ទាំងអស់​ចៀសវាង​ការធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង និង​បន្ត​អត់ធ្មត់​បំផុត​ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​កិច្ចសន្ទនា​ដោយ​សន្តិវិធី​៕​

វីដេអូ៖