ភ្នំពេញៈ លោក កាំង តុង​ងី ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​​មីក្រូ​ហរិញ្ញវត្ថុ​កម្ពុជា បាន​ឱ្យដឹង​ថា ប្រជា​ពលរដ្ឋ​ដែល​ទិ​ញ​កាក់ ឬ​ដាក់​លុយ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន PAYEER សូម​បញ្ឈប់ ដោយ​សារ​ក្រុមហ៊ុន​នេះ​ជា​ក្រុម​ហ៊ុន​បោក​ប្រាស់។

លោកបញ្ជាក់ថា​ ដោយ​សង្កេត​ឃើញ​​ក្រុមហ៊ុន PAYEER នេះ បាន​ផ្សព្វ​ផ្សាយ​អំពី​ការ​ដាក់ប្រាក់​​នៃ​ការ​វិនិយោគ​ទៅ​កាន់​ប្រជា​ពលរដ្ឋ ដោយ​ប្រើ​ប្រាស់​ឈ្មោះ​គ្រឹះ​ស្ថាន​ធនាគារ និង​ហរិញ្ញ​វត្ថុ​នៅ​កម្ពុជា ដើម្បី​ទាក់​ទាញ​ឱ្យ​មាន​អ្នក​វិនិយោគ និង​មាន​អ្នក​ដាក់​ប្រាក់​ជា​ដើម។

ក្រៅ​​ពី​នេះ​​ទៀត ក្រុម​ហ៊ុន PAYEER នេះ គឺ​មិន​បាន​ធ្វើ​ការ​ជា​ផ្លូវ​ការ​ជា​មួយ​នឹងគ្រឹះ​ស្ថាន​​ធនាគារ​កម្ពុជា​ឡើយ គឺ​ក្រុម​ហ៊ុន​នេះ​បាន​លួច​យក​ឈ្មោះ និង​ឡូហ្គោ​របស់​ក្រុមហ៊ុន​អ្នក​ផ្សេង មក​ប្រើ​ប្រាស់​ទៅ​លើការ​ផ្សព្វ​ផ្សាយ​របស់​ពួក​គាត់។

លោក កាំង តុងងី បញ្ជាក់ថា៖ «ក្រុមហ៊ុន PAYEER ជា​ក្រុម​ហ៊ុន​បោក​ប្រាស់ អ៊ីចឹង​កាល​ណា​បើ​​ប្រជា​ពលរដ្ឋ​អត់​ដឹង ហើយ​ចូល​រួម​យក​លុយ​ទៅ​ដាក់​វិនិយោគ ទិញ​កាក់ ទិញ​អី គឺ​វា​បាត់​បង់​លុយ ឬ​បាត់​បង់​ទ្រព្យ​ហ្នឹង ដែល​ជា​បញ្ហា​ដែល​យើង​ចង់​ផ្សព្វ​ផ្សាយឱ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​មុន ដើម្បី​ចៀស​វាង​រឿង​នេះកើត​ឡើង»។

លោក​ក៏សង្ឃឹម​ផង​ដែរថា ប្រ​ជា​ពលរដ្ឋ​កម្ពុជា​នឹង​លែងទទួល​រង​​​ការ​បោក​ប្រាស់ពី​​ក្រុមហ៊ុន PAYEER នេះ ដោយសារ​គ្រឹះ​ស្ថាន​ធនាគារ និង​កន្លែង​ដែល​ទូ​ទាត់​ទឹក​ប្រាក់​ទាំង​អស់ គឺ​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ហ្នឹង​ទេ ដូច្នេះ​ហើយ​សូម​ប្រជា​ពលរដ្ឋ​កុំ​យល់​ច្រឡំ។

លោក​តុងងី​ បន្ថែម​ថា កន្លង​មក​ទម្រង់​នៃ​ការ​បោក​ប្រាស់​នេះ គឺ​មាន​ច្រើន​ណាស់ ដូច​ជា​បាន​កើត​ឡើង​ជា​រឿយៗ រួម​មាន៖ ក្រុមហ៊ុន ABC ក្រុមហ៊ុន OL Football និង​ថ្មីៗនេះ​​ មាន​ក្រុមហ៊ុន PAYEER ជាដើម។

ចំណែក​លោក សុខ ចាន់ ជានាយក​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ទំនាក់​ទំនង​សាធារណៈ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​បាន​លើក​ឡើងដែរ​ថា ក្រុមហ៊ុន PAYEER នេះ​បាន​ប្រកាស​ថា ខ្លួន​បាន​សហ​ការ​ជា​មួយ​សមាគម និង​គ្រឹះ​ស្ថាន​ធនាគារ​ទាំង​អស់ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាក់​ទាញ​ដល់​អ្នក​វិនិយោគ ដោយ​ការ​ប្រើ​ប្រាស់​បណ្ដាញ​តេឡេ​ក្រាម​ក្នុង​ការ​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​នេះ​ផង​ដែរ។

លោក សុខ ចាន់ បានប្រាប់ថា ៖ «យើង​ឃើញ​ថា វា​ប៉ះ​ពាល់​ដល់​កេរ្តិ៍​​ឈ្មោះ​របស់​គ្រឹះ​ស្ថាន​ដែល​គាត់​បាន​យកមក​ផ្សព្វ​ផ្សាយ​ហ្នឹង ហើយ​ដែល​ពួក​គាត់​មិន​បាន​ចូល​រួម​ពាក់​ព័ន្ធ​ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​ជួញ​ដូរ​ហ្នឹង​ទេ។ ដូច្នេះ​សូម​បញ្ឍប់​ការ​ដាក់​លុយ​វិនិយោគ​ជា​មួយ​ក្រុមហ៊ុន​នេះ ដើម្បី​ការ​ពារ​គ្រឹះ​ស្ថាន​ធនាគារ និង​ការ​ពារ​ការ​ខាត​បង់​ប្រាក់​របស់​ប្រជា​ពលរដ្ឋ»។

សមាគម​ចំនួន​៣ គឺ សមាគម​សហព័ន្ធ​ហិរញ្ញ​វត្ថុ និង​បច្ចេក​វិទ្យា​នៃ​កម្ពុជា, សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នាមួយ​ កាល​ពី​ថ្ងៃទី​១២ ខែវិច្ឆិកា ​ដោយបាន​បដិសេធ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​ហ៊ុន​ PAYEER នេះ​ដែល​ថា ក្រុម​ហ៊ុននេះ​មាន​ការ​ពាក់​ព័ន្ធ​នឹង​សមាគម​ទាំង​៣។

សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​បាន​លើក​ឡើង​ថា ៖ «សមាគម​ទាំង​៣ បាន​ដឹង​អំពី​ផ្លេត​ហ្វម​ទាក់​ទង​នឹង​រូបិយ​វត្ថុ​គ្រីបតូ​មួយ​ចំនួន ជា​ពិសេស PAYEER ដែល​បាន​ប្រើ​ប្រាស់​ឈ្មោះ​គ្រឹះ​ស្ថាន​ធនាគារ ​និង​ហិរញ្ញ​វត្ថុ​ដែល​ជា​សមាជិក​របស់​សមាគម​ទាំង ​៣ ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បាន​ផ្សព្វ​ផ្សាយ​ពី​កិច្ច​សហការ​ជាមួយ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​មួយ​ចំនួន ​ក្នុង​ការ​ទូទាត់ ការ​​ដាក់​ប្រាក់ ការ​ដក​ប្រាក់​លើ​ការ​វិនិ​យោគ​ និង​ការ​ជួញដូរ​លើ​រូបិយ​វត្ថុ​គ្រីបតូ រួមមាន Bitcoin Ethereum និង កាបូប Crypto ជា​ដើម។

ពុំមានប្រភពទាក់ទង​តំណាងក្រុមហ៊ុន PAYEER ក្រុមហ៊ុន ABC និង​ក្រុមហ៊ុន OL Football ដើម្បីស្នើសុំ​ពន្យល់​លើបញ្ហា​ទាំងនេះបានទេ៕