សៀមរាបៈ អាជ្ញាធរជាតិអប្សារារំពឹងថា ភ្ញៀវទេសចរកាន់តែច្រើន នឹងចូលសាលរបាំនៃប្រាសាទតាព្រហ្ម បន្ទាប់ពីត្រូវបានក្រុមអ្នកជំនាញជួសជុលរួចរាល់មកនោះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់នៅថ្ងៃទី ១៤ វិច្ឆកា ឆ្នាំ ២០២២ ថា សាលរបាំនៃប្រាសាទតាព្រហ្មជាផ្នែកមួយដែលនាំឱ្យមានភ្ញៀវទេសចរចូលមកទស្សនាបន្ថែមទៀត។ ប្រាសាទតាព្រហ្ម ក៏ជាគោលដៅទេសចរមួយចម្បងនៅតំបន់នានានៃអង្គរ និងជាប្រាសាទដែលនៅជាប់ជាមួយនឹងដើមឈើ និងធម្មជាតិផងដែរ។
លោកបន្ថែមថា ការជួសជុលសាលរបាំនៃប្រាសាទនេះ ជាចំណុច ១ ដែលសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ដែលចូលមកទស្សនាឱ្យចំណាយពេលកាន់តែច្រើនស្វែងយល់ពីបរិវេណប្រាសាទ។
លោក ឡុង កុសល ថា៖ «ការជួសជុលសាលរបាំនៃប្រាសាទនេះ គឺយើងប្រើរយៈពេលយូរណាស់ ដល់តែ ២ ឆ្នាំ ហើយមូលហេតុនៃការប្រើរយៈពេលយូរ គឺដោយសារយើងត្រូវកសាងឯកសារ និងត្រូវលើកជាជម្រើសបែបបទនៃការជួសជុល។ បន្ទាប់យកបែបបទដែលបានជ្រើសរើស ត្រូវយកទៅពិភាក្សា ឯកភាព ផ្ដល់មតិពីគណៈកម្មាការអង្គរ»។
លោកបន្ថែមថា ចំណែកឯថវិកាក្នុងការជួសជុល គឺបានមកពីភាគីប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការពីអាជ្ញាធរជាតិអប្សរា មានន័យថា រាល់ការចំណាយទាំងអស់ គឺប្រទេសឥណ្ឌាជាអ្នកគ្រប់គ្រង ប៉ុន្តែប្រសិនបើមានការខ្វះខាត គឺខាងអាជ្ញាធរជាតិអប្សរា ជាអ្នកជួយគាំពារ និងឧបត្ថម្ភផងដែរ។
ជាមួយគ្នានេះលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ បានប្រាប់ថា សាលរបាំនៃប្រាសាទតាព្រហ្មដែលបានជួសជុលរួចរាល់ ដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា និងក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ពេលនេះត្រូវបានសម្ពោធ និងដាក់ឱ្យចូលទស្សនាជាសាធារណៈហើយ ដោយអាចសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកើនឡើងជាងមុន។
លោកស្រី ឆាយ ស៊ីវលីន ថា៖ «យើងសង្ឃឹមថា អាចនឹងមានភ្ញៀវទេសចរចូលមកទស្សនាច្រើន ពីព្រោះអីលើកមុនមានការទាក់ទាញដែរ ប៉ុន្តែនៅក្នុងមានតែ ១ ចំណែកអ៊ីចឹងណា ហើយយើងក៏អត់ដែលបានឃើញសាលរបាំហ្នឹងទេ។ ដូច្នេះវាហ្នឹងទាក់ទាញអ្នកមកលើកមុន ចង់មកឃើញ ដោយសារលើកមុនមានតែគំនរថ្ម ហើយគេចង់ឃើញសាលរបាំហ្នឹងវាមានលក្ខណៈបែបម៉េច ស្អាតយ៉ាងម៉េច អ៊ីចឹងវាទាក់ទាញអ្នកទស្សនាបានច្រើនជាងមុន»។
លោកស្រីបន្តថា ជាពិសេស អាចនឹងទាក់ទាញឱ្យអ្នកទស្សនា មកស្នាក់នៅបានយូរជាងមុន ក្នុងការគយគន់សាលរបាំនេះ។
សូមបញ្ជាក់ថា សាលរបាំនៃប្រាសាទតាព្រហ្មដែលបានជួសជុលដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ត្រូវបានសម្ពោធដាក់ឱ្យចូលទស្សនាជាសាធារណៈ ចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
មុននឹងមានការជួសជុលសាលរបាំប្រាសាទតាព្រហ្មនេះ កាលពីមុនសាលប្រាសាទនេះត្រូវបានដួលរលំជាគំនរថ្ម ហើយដំបូលត្រូវជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់និងបានចាប់ផ្តើមជួសជុលចាប់តាំងពីឆ្នាំ ២០១០ និងបានបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២២ នេះ៕