ភ្នំពេញៈ អាស៊ាន និងចិនបញ្ជាក់ជាថ្មីថា បណ្តាប្រទេស-អាស៊ាន និងចិន គឺជាប្រទេសចូលរួមយ៉ាងសកម្ម និងដ៏សំខាន់ចំពោះសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ដោយអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យពង្រឹងសន្តិសុខស្បៀង។
សេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន នាថ្ងៃទី ១១ វិច្ឆិកា នៅទីក្រុងភ្នំពេញ បានបញ្ជាក់ថា ភាគីទាំង ២ ទទួលស្គាល់ថា សន្តិសុខស្បៀង គឺជាសិទ្ធិជាមូលដ្ឋាន មូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិសុខជាតិ និងការធានាជាយុទ្ធសាស្ត្រសម្រាប់សន្តិភាព និងការអភិវឌ្ឍពិភពលោក។
ភាគីទាំង ២ បានរំឭកឡើងវិញនូវរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ចិន គំនិតផ្តួចផ្តើមសហប្រតិបត្តិការលើសន្តិសុខស្បៀងសកល ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំឭកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន។
អាស៊ាន និងចិន បានកត់សម្គាល់ឃើញថា ការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ ១៩ ជម្លោះភូមិសាស្ត្រនយោបាយ និងការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់អភិបាលកិច្ចសកល នៃសន្តិសុខស្បៀង ហើយថាវិបត្តិស្បៀងអាហារត្រូវបានរំពឹង និងអូសបន្លាយ និងរីករាលដាលកាន់តែខ្លាំងឡើង។
សេចក្តីថ្លែងការណ៍រួមដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននាថ្ងៃទី ១៤ ខែវិច្ឆិកា បញ្ជាក់ថា៖ «យើងសូមបញ្ជាក់សាជាថ្មីថា បណ្តាប្រទេសអាស៊ាន និងចិន គឺជាប្រទេសចូលរួមយ៉ាងសកម្ម និងជាប្រទេសរួមចំណែកដ៏សំខាន់ចំពោះសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក និងមានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគោលនយោបាយជាមួយគ្នា»។
ភាគីទាំង ២ បានប្តេជ្ញាខិតខំធានាសន្តិសុខស្បៀង សម្រាប់ប្រជាជន ជាង ២ ពាន់លាននាក់ នៅក្នុងតំបន់ ធានាស្ថិរភាពទីផ្សារស្បៀង ក្នុងតំបន់ និងធ្វើជាគំរូសម្រាប់អភិបាលកិច្ច សន្តិសុខស្បៀងសកល។
សេចក្តីថ្លែងការណ៍រួមដដែលបានបញ្ជាក់ថា៖ «យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យពង្រឹងសន្តិសុខស្បៀងជាមូលដ្ឋាន។ យើងបានព្រមព្រៀងគ្នាចាត់វិធានការជាក់ស្តែងដោយអនុលោមតាមសសរស្តម្ភទាំង ៤ នៃសន្តិសុខស្បៀង ដែលរួមមាន ការអាចរកបាន ការទទួលបាន ការប្រើប្រាស់ និងស្ថិរភាពនៃស្បៀងអាហារ»។
អាស៊ាន-ចិន ប្តេជ្ញាលើកកម្ពស់ផលិតភាពស្បៀង-អាហារ ដោយពង្រឹងការផ្លាស់ប្តូរគោលនយោបាយ និងការរៀនសូត្រ ពីគ្នាទៅវិញទៅមក នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើននូវផលិតភាពនៃស្រូវ ពោត សណ្ដែក និងដំណាំសំខាន់ៗផ្សេងទៀត និងធានានូវភាពអាចរកបានស្បៀង ដោយពង្រីកការផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពនៃស្បៀងអាហារចម្រុះ។ ភាគីទាំង ២ បានលើកទឹកចិត្តឱ្យប្រទេសអាស៊ាន និងចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលថ្នាក់ជាតិ រដ្ឋាភិបាលថ្នាក់មូលដ្ឋាន អង្គការក្នុងតំបន់ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។
លោក លី កេឈាង នាយករដ្ឋមន្ត្រីចិន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ នៅទីក្រុងភ្នំពេញថា នាពេលបច្ចុប្បន្ន បញ្ហាក្នុងពិភពលោក និងតំបន់មានលក្ខណៈស្មុគស្មាញ។ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក នៅតែមានភាពយឺតយ៉ាវ។ ស្ថានភាពសន្តិសុខពិភពលោក នៅមិនទាន់មានស្ថិរភាព។ ហានិភ័យ និងបញ្ហាប្រឈមនៃថាមពល ស្បៀងអាហារ និងហិរញ្ញវត្ថុ នៅតែបន្តកើនឡើង។
លោកថ្លែងថា៖ «ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងថាមពល ប្រទេសចិន ជឿជាក់ថា វាជារឿងចាំបាច់ក្នុងការបន្តការប្រើប្រាស់កាបូនទាបប្រកបដោយតុល្យភាព និងភាពត្រឹមត្រូវ ធានាការផ្គត់ផ្គង់ថាមពល ដែលអាចទទួលបាន និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការផលិតកម្ម និងជីវភាពរស់នៅ និងធានាសុវត្ថិភាពនៃថាមពល និងសន្តិសុខស្បៀង»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌល-មេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា ស្ថិតក្នុងបរិបទសន្តិសុខអន្តរជាតិ ដែលមានសភាពស្រួចស្រាល់ អាស៊ាន និងចិនដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់សន្តិសុខតំបន់ ជាពិសេសសន្តិសុខស្បៀងអាហារ និងថាមពល។
លោកថ្លែងថា៖ «ចិន និងអាស៊ាន គឺជាទីផ្សារពិភពលោកដ៏ធំ ដែលមានប្រជាជនជាង ២ ពាន់លាននាក់ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ប្រយោជន៍រួម និងស្ថិរភាពតំបន់។ កម្ពុជាក្នុងនាមជាប្រធានអាស៊ានពិតជាមានមោទនភាព និងអរគុណមិត្តចិនដែលបានគាំទ្រកម្ពុជាកន្លងមក ហើយចិននឹងនៅតែបន្តគាំទ្រកម្ពុជា និងអាស៊ានក្នុងការកសាងសហគមន៍វាសនាតែ ១ ផងដែរ»៕