ភ្នំពេញៈ កម្ពុជា-ឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវចម្រុះ ការគ្រប់គ្រងសត្វព្រៃឈើដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រកនៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខានេះធ្វើឡើងដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី ទេស្ប៉ានី យុប្រាហ្គឺដឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ខ្លឹមសារនៃអនុស្សរណៈនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំង ២ ទៅលើបញ្ហាមួយចំនួនរួមមាន ជំរុញការអភិរក្សជីវចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារសត្វខ្លាធំនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗ រួមមានជួរភ្នំក្រវាញ និងខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជ ផ្តល់ពូជសត្វខ្លាធំពីប្រទេសឥណ្ឌា និងជំរុញកិច្ចសហប្រតិបត្តិការការពារសត្វខ្លាធំឱ្យរស់នៅក្នុងព្រៃធម្មជាតិបានជោគជ័យ។
បន្ថែមពីនេះគឺត្រូវចែករំលែក និងផ្លាស់ប្តូរជំនាញ និងសមត្ថភាពក្នុងគោលដៅជំរុញការអភិរក្សសត្វខ្លាធំក្នុងប្រទេសទាំង ២ និងជំរុញការអភិរក្សសត្វព្រៃ ដោយចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្តបច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រកសត្វព្រៃ និងការគ្រប់គ្រងជីវចម្រុះប្រកបដោយនិរន្តរភាព។ ប្រទេសទាំង ២ នឹងគាំទ្រឱ្យមានការវិវឌ្ឍទៅមុខនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ និងគោរពទស្សន:គា្នទៅវិញទៅមក។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា កម្ពុជាបានចូលរួមក្នុងវេទិកាអន្តរជាតិកាលពីឆ្នាំ ២០១០ ស្តីពីការអភិរក្ស និងបង្កើនចំនួនសត្វខ្លាធំនៅក្នុងព្រៃឱ្យបានចំនួនទ្វេដងនៅឆ្នាំ ២០២២ និងបានរៀបចំផែនការសកម្មភាពរបស់ខ្លួនស្ដីពីសត្វខ្លាធំ (ឆ្នាំ ២០១៥-២០២៤)។
លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជាគាំទ្រកម្មវិធីស្តារសត្វខ្លាធំ ហើយការគាំទ្រផ្នែកនយោបាយលើកម្មវិធីនេះបានធ្វើឱ្យកម្ពុជាជាប្រទេសទី ១ នៅតំបន់អាស៊ានធ្វើការនាំយកសត្វខ្លាធំចូលព្រៃធម្មជាតិវិញ»។ បើតាម លោក ភក្ត្រា បណ្តាប្រទេសនៅលើពិភពលោកដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌាជាប្រទេសមានចំនួនសត្វខ្លាធំច្រើនជាងគេបំផុតបានគាំទ្រកម្ពុជាក្នុងការអនុវត្តកម្មវិធីស្តារសត្វខ្លាធំឡើងវិញ។
លោកបន្ថែមថា អនុស្សរណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុនៃសាធារណរដ្ឋឥណ្ឌាស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវចម្រុះការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា ដែលអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកអនុវត្តនៅតំបន់អភិរក្សកែវសីមា។
លោកថ្លែងថា៖ «ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការបង្កើនទំនាក់ទំនង និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឥណ្ឌា ជាពិសេសរវាងក្រសួងបរិស្ថាន- កម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌាក្នុងវិស័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ»៕