ភ្នំពេញៈ កូរ៉េខាងត្បូងគ្រោងបង្កើតសួនដាំដើមឈើអាស៊ានមួយនៅខេត្តសៀមរាប នៅដើម ឆ្នាំ ២០២៣ ដើម្បីជានិមិត្តរូបនៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ានកូរ៉េខាងត្បូង និងដើម្បីទាក់ទាញលំហូរវិនិយោគ ពាណិជ្ជកម្ម និងទេសចរពីកូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ាន មកកម្ពុជា។
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ថា នៅពេលនេះ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបកំពុងចុះសម្របសម្រួលការងារជាមួយក្រុមជំនាញការនៃប្រទេសកូរ៉េខាងត្បូង ដើម្បីពិនិត្យមើលទីតាំងបង្កើតសួនដាំឈើអាស៊ានមួយ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមគម្រោង សួនដាំដើមឈើអាស៊ាននេះនឹងចាប់ផ្ដើមដំណើរការស្ថាបនាឡើងនៅដើមឆ្នាំ ២០២៣ លើផ្ទៃដីសរុប ៣,៥ ហិកតា ក្នុងតំបន់ព្រៃចម្ការគ្រញូង។ គម្រោងនេះ គឺជានិមិត្តរូបនៃការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអាស៊ានកូរ៉េខាងត្បូង និងដើម្បីទាក់ទាញលំហូរវិនិយោគ ពាណិជ្ជកម្ម និងទេសចរពីកូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ាន មកកម្ពុជា។
ព្រៃចម្ការឈើគ្រញូង គឺជាតំបន់ការពារ និងអភិរក្សពូជឈើគ្រញូងធម្មជាតិដ៏ធំបំផុតមួយនៅកម្ពុជា ដែលមានផ្ទៃដីសរុប ១ ៨៨៨ ហិកតា លាតសន្ធឹងចាប់ពីឃុំឃុនរាមនៃស្រុកបន្ទាយស្រី រហូតដល់ឃុំកន្ទួតនៃស្រុកស្វាយលើ ខេត្តសៀមរាប និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមការបញ្ជាក់ពី លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
លោក ប៊ុនលឹម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីពេលថ្មីៗនេះ ភាគីកូរ៉េខាងត្បូង បានបញ្ជូនក្រុមជំនាញការ ១ ក្រុមចុះមកសិក្សាទីតាំងចម្ការឈើគ្រញូងធម្មជាតិ និងបានសម្រេចជ្រើសយកទីតាំងនៅក្នុងភូមិសាស្ត្រ ភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី លើផ្ទៃដីទំហំទទឹង ៥០ ម៉ែត្រ និងបណ្ដោយ ៧០០ ម៉ែត្រ សម្រាប់បង្កើតសួនដាំឈើអាស៊ាន។
លោកថ្លែងថា៖ «បើតាមការបញ្ជាក់ពីក្រុមជំនាញការកូរ៉េខាងត្បូង ការបង្កើតសួនដាំឈើអាស៊ានគឺដើម្បីរំឭកនូវអនុស្សាវរីយ៍ និងចំណងទាក់ទងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងអាស៊ាន និងកូរ៉េខាងត្បូង ជាពិសេសទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងកូរ៉េខាងត្បូង និងកម្ពុជា»៕