ការផ្សព្វផ្សាយយ៉ាងទូលំទូលាយរបស់បណ្តាញព័ត៌មានទាំងក្នុងស្រុក និងទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងត្បូង បានធ្វើឱ្យព័ត៌មានស្តីពីការបំពេញទស្សនកិច្ចរបស់ស្ត្រីទី ១ របស់កូរ៉េខាងត្បូង Kim Keon-hee ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron នៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីវិធីផ្តល់ការព្យាបាលដល់កុមារកម្ពុជា ដែលមានជំងឺបេះដូងពីកំណើត បានជ្រូតជ្រាបដល់ប្រជាជនកូរ៉េ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។
ទីភ្នាក់ងារព័ត៌មាន Yonhap បានដកស្រង់សម្ដីប្រធានមន្ទីរពេទ្យលោក Lee Young-don ឱ្យដឹងថា៖«ដោយសារមានការផ្សព្វផ្សាយពីជំនួបរវាងលោកជំទាវទី ១ របស់កូរ៉េ និងកុមារដែលមានជំងឺបេះដូង មានជនជាតិកូរ៉េជាច្រើនចង់ជួយ ក្នុងនោះមានជនជាតិកូរ៉េមួយរូបចង់ជួយជាថវិកាលើការព្យាបាល និងចំណាយផ្សេងៗសម្រាប់នាំកុមារទៅព្យាបាលមែនទែន»។
ការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃចន្ទថា ស្ត្រីទី ១ Kim Keon-hee បានមកទៅមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីវិធីផ្តល់ការព្យាបាលដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត។
លោកស្រី Kim Keon-hee បានត្រឡប់ទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ដែលត្រូវបានបង្កើតឡើងដោយគ្រូពេទ្យកុមារកូរ៉េខាងត្បូង ហើយនៅតែដំណើរការយ៉ាងទូលំទូលាយដោយអ្នកជំនាញវេជ្ជសាស្ត្រកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ២ថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី និងប៉ុន្មានម៉ោងមុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងជើងទី២នៃដំណើរទស្សនកិច្ចថ្នាក់តំបន់ជាមួយប្រធានាធិបតី Yoon Suk-yeol ។ នេះបើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងដដែល។
ការចុះទៅសួរសុខទុក្ខជាលើកទី ២ ធ្វើឡើងបន្ទាប់ពី លោកស្រី បានទៅលេងផ្ទះកុមារកម្ពុជា ឈ្មោះ រដ្ឋា អាយុ ១៤ ឆ្នាំ ដែលបានទទួលការវះកាត់បេះដូងនៅមន្ទីរពេទ្យ ហើយដឹងថា គ្រួសារមានលទ្ធភាពតិចតួចក្នុងការចំណាយលើការវះកាត់លើកទី២ ដោយសារឪពុកបានស្លាប់មុនរដ្ឋាកើតទៅទៀត។ ពេលកើតមក ម្តាយមិនមានសុខភាពល្អ ទុកគាត់ឱ្យបងស្រីដែលធ្វើការជាអ្នកបោសសម្អាតជាអ្នកមើលថែ៕