ភ្នំពេញៈ អ្នកជំនាញ បង្ហាញការព្រួយបារម្ភពីស្ថានភាពជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ដោយសារប្រជាពលរដ្ឋភាគច្រើន នៅមិនទាន់បានយល់ដឹងពីរបបអាហារត្រឹមត្រូវ និងមិនចាប់អារម្មណ៍អំពីគ្រោះថា្នក់នៃជំងឺនេះ។ ទន្ទឹមគ្នានេះ អ្នកជំនាញ ក៏បារម្ភពីជំងឺនេះ ដែលកំពុងគំរាមកំហែងកាន់តែខ្លាំងដល់សុខភាព និងសេដ្ឋកិច្ចកម្ពុជាថែមទៀត។
ការលើកឡើងនេះ គឺធ្វើឡើងស្របពេលដែលពិភពលោក កំពុងរួមគ្នាប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា។ លោក ហ៊ូ ក្រើន នាយកអង្គការហេឡេន ខេល័រអន្តរជាតិ ប្រចាំកម្ពុជា (Helen Keller) បានលើកឡើងថា ជំងឺទឹកនោមផ្អែមអាចបង្កឡើងតាមរយៈការមានរបបអាហារមិនល្អចំពោះសុខភាព ធាត់លើសទម្ងន់ និងការមិនសូវបញ្ចេញកម្លាំងពលកម្មជាដើម។
លោកប្រាប់ថា៖ «បើតាមរបាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ ២០២០ ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាមានកុមារអាយុចាប់ពី ៥ ដល់ ១៩ ឆ្នាំ ប្រមាណជាង ១ ភាគ ៨ មានបញ្ហាឡើងទម្ងន់ និងជំងឺធាត់។ និន្នាការនេះ គឺនៅតែបន្តកើនឡើងជាលំដាប់ ខណៈចំនួន ២ ភាគ ៣ នៃការស្លាប់នៅកម្ពុជា គឺបណ្តាលមកពីជំងឺ[មិនឆ្លង] ហើយភាគច្រើនមានការជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារមិនប្រុងប្រយ័ត្ន»។
សម្រាប់ឆ្នាំ២០១០ អង្គការ ១ នេះ បានរកឃើញថា ក្នុងចំណោមមនុស្សពេញវ័យសរុប អ្នកមានជំងឺទឹកនោមផ្អែមមានចំនួន ៥,២ ភាគរយ និងនៅឆ្នាំ ២០១៩ តួលេខបានឡើងដល់ ៦,៤ ភាគរយ។ ដូចគ្នាដែរ ក្នុងចំណោមអ្នកមានជំងឺទឹកនោមផ្អែមទាំងអស់ មានរហូតដល់ ៦២ ភាគរយ មិនដឹងថា ខ្លួនមានផ្ទុកជំងឺទឹកនោមផ្អែមនោះទេ។
ទាក់ទងនឹងបញ្ហាជំងឺទឹកនោមផ្អែមនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ក៏បានបង្ហាញពីក្តីបារម្ភផងដែរ ដោយលោកស្រីលើកឡើងថា បញ្ហាជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម មិនត្រឹមតែធ្វើឱ្យជួបផលវិបាកសុខភាពប៉ុណ្ណោះទេ បញ្ហានេះក៏កំពុងជះឥទ្ធិពលខ្លាំងដល់និរន្តរភាពសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកស្រីបានជំរុញដល់ពលរដ្ឋកម្ពុជាទាំងអស់ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ពិសេសលើរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ ដោយត្រូវប្រកាន់ទម្លាប់ពិសាអាហារល្អ ដោយកុំពិសាប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងធ្វើលំហាត់ប្រាណ ជាប្រចាំ គឺជាមធ្យោបាយដ៏ល្អ សម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម»។
មនុស្សប្រហែល ៤២២ លាននាក់ នៅទូទាំងពិភពលោកមានជំងឺទឹកនោមផ្អែម ភាគច្រើនរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយមនុស្សចំនួន ១,៥ លាននាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ World Life Expectancy។
បើយោងតាមការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ឱ្យដឹងដែរថា អ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅកម្ពុជា សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បានរកឃើញអ្នកមានជំងឺទឹកនោមផ្អែម ២២ នាក់ស្លាប់ ក្នុង ១ ថ្ងៃ គិតក្នុងឆ្នាំ ២០១៩។
សហព័ន្ធដដែលបញ្ជាក់ថា៖ «បើនិយាយដល់ការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម ស្ថាប័នអន្តរជាតិនេះ បានរកឃើញថា អ្នកជំងឺម្នាក់ចំណាយប្រហែល ២៣៨ ដុល្លារក្នុង ១ ឆ្នាំ ឬបើនិយាយពីការចំណាយលើថ្លៃព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ ជាសរុបក្នុងឆ្នាំ ២០១៩ មានប្រហែល ១០២ លានដុល្លារអាមេរិក»។
ស្ថាប័នមួយនេះ បានប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់ ១៤៥,៩ លានដុល្លារអាមេរិកផងដែរ។
នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ អត្រាស្លាប់នៃអ្នកកើតជំងឺទឹកនោមផ្អែមបានកើនដល់ ៨ ៣២៥ នាក់ ខណៈអត្រាអ្នកកើតជំងឺនេះបានកើនដល់ជិត ៥០ ម៉ឺននាក់។
សូមបញ្ជាក់ថា ទិវាជំងឺទឹកនោមផ្អែមពិភពលោក ត្រូវបានសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ អង្គការសុខភាពពិភពលោក (WHO) និងអង្គការសហប្រជាជាតិ ប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសម្តែងក្តីបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមនេះ៕