ភ្នំពេញៈ តំណាងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួន និងតំណាងក្នុងវិស័យឯកជន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបញ្ជាក់ពីភាពកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ នៅកម្ពុជា។ យោងតាមលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ចាក់នៅក្នុងសិក្ខាសាលា។
សិក្ខាសាលានេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ មកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, អង្គការ ILO, ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, សមាគមនិយោជក, សហភាពសហជីព, សហព័ន្ធសហជីព, សភាពាណិជ្ជកម្មកម្ពុជា, និងសភាពាណិជ្ជកម្មអន្តរជាតិនានាប្រចាំនៅកម្ពុជា។
លោក អុិត សំហេង បានថ្លែងថា ៖ «ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, នៅកម្ពុជាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនា និងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ»។
លោក អុិត សំហេង បានថ្លែងថា អត្រាសះជានៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការកើនឡើងជាលំដាប់ ដែលកត្តានេះសរបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាពនិងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទនិងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
លោកបានបញ្ជាក់ថា ៖«វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០% នូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ»។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល រួមមាន ប្រភេទវិវាទបុគ្គល, ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ, ប្រភេទសេចក្តីបង្គាប់, និងបន្ទុកភ័ស្តុតាង។
យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែតុលា បានឱ្យដឹងថា ក្រសួងបានដោះស្រាយវិវាទបុគ្គល និងដោះស្រាយវិវាទការងាររួមនៅតាមរោងចក្រ សហគ្រាស ក្នុងរយៈពេល៥ឆ្នាំកន្លងមកទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ខណៈការធ្វើកូដកម្មមានការថយចុះមកនៅត្រឹម ០,១ ភាគរយ។
របាយការណ៍ដដែលបានបន្តថា ករណីវិវាទបុគ្គលដែលត្រូវបានដោះស្រាយសះជានៅកម្រិតក្រសួងកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ ២០១៨ មាន ៥៧ ករណី, ២០១៩ មាន ៣០ ករណី, ២០២០ មាន ៤១ ករណី, ២០២១ មាន ៦០ ករណី និងឆ្នាំ ២០២២ ដោះស្រាយបាន ៦២ករណី។
ក្រសួងបានបញ្ជាក់ថា ៖«អត្រាសះជានៃវិវាទបុគ្គលនៅកម្រិតក្រសួង បន្តកើនឡើងជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងភាពប្រសើរឡើងនៃសមត្ថភាពរបស់មន្ត្រីផ្សះផ្សា»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនាសន្និសីទសារព័ត៌មាន កាលពីដើមខែតុលាថា៖ «សម្រាប់ដោះស្រាយវិវាទរួមឃើញថា ការសះជានៅកម្រិតរបស់សហគ្រាស និងក្រសួងមានការកើនឡើង ដូចជានៅឆ្នាំ ២០២២ នេះ កម្រិតសះជានៅក្រសួងឡើងដល់ ៦០ ភាគរយ នៃវិវាទការងាររួម ហើយនៅជាង ៣០ ភាគរយ ក៏មានការសះជានៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល»៕