បាត់ដំបងៈ ប្រជានេសាទនៅតាមដងស្ទឹងសង្កែ នៅខេត្តបាត់ដំបង កំពុងរីករាយក្នុងមុខរបររបស់ខ្លួន ខណៈការមកដល់នៃរដូវរំហើយឆ្នាំនេះ ត្រីនៅតាមដងស្ទឹងសង្កែ បានចាប់ផ្ដើមត្រូវ គួរឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់ផ្នែកខាងក្រោមនៃទំនប់សាលាតាអន ស្ថិតក្នុងភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
ប្រជានេសាទនៅភូមិ-ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ហែម សាន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងរយៈពេល ១ សប្ដាហ៍កន្លងទៅនេះ ត្រីនៅក្នុងស្ទឹងសង្កែ បានចាប់ផ្ដើមត្រូវ គួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទត្រីរៀល និងត្រីឆ្នូត។ ប៉ុន្តែទំហំដងខ្លួនរបស់ពួកវា នៅតូចៗនៅឡើយ គឺភាគច្រើនទើបនឹងធំប៉ុនៗម្រាមដៃ និងខ្លះទៀតធំប៉ុន ២ ធ្នាប់ដៃប៉ុណ្ណោះ។
លោកនិយាយថា៖ «កាលពីជាង ១ សប្ដាហ៍ មុនត្រីត្រូវខ្លាំងគួរសម ពួកយើងអាចដាក់មង និងបង់សំណាញ់ចាប់ត្រីលក់ក្នុង ១ ថ្ងៃ បានប្រាក់កម្រៃ ពី ១០-១៥ ម៉ឺនរៀល ដោយត្រី ក្នុង ១ គីឡូក្រាម អាចលក់បានក្នុងតម្លៃចន្លោះពី ១ ៥០០ រៀល ទៅ ៤ ០០០ រៀល អាស្រ័យលើប្រភេទ និងទំហំដងខ្លួនរបស់វា»។
បើតាមលោក ហែម សាន ក្នុងរយៈពេល ២-៣ ថ្ងៃចុងក្រោយនេះ ត្រីមិនសូវជាត្រូវប៉ុន្មានទេ ដោយសារមានការប្រែប្រួលអាកាសធាតុ គឺផ្ទៃមេឃមានសភាពចុះអ័ព្ទ និងមានភ្លៀងធ្លាក់។ ថ្វីបើយ៉ាងដូច្នេះក្ដី លោក សាន ដែលមានបទពិសោធន៍នេសាទត្រី ក្នុងដងស្ទឹងសង្កែជាង ៤០ ឆ្នាំមកនេះ បានអះអាងថា រដូវត្រីត្រូវ សម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ នឹងចាប់ផ្ដើមនៅចុងខែវិច្ឆិកា និងដើមខែធ្នូខាងមុខនេះ។
ចំណែកប្រជានេសាទនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ អ្នកស្រី ម៉ាត់ អាលីហ្សា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រដូវរំហើយឆ្នាំនេះ ត្រី និងកំពឹស បានចាប់ផ្ដើមត្រូវ តាំងពីដើមរដូវមកម្ល៉េះ ហើយគ្រួសាររបស់អ្នកស្រី អាចចាប់វាបានចន្លោះពី ៥០-៦០ គីឡូក្រាម ក្នុង ១ ថ្ងៃ ដោយប្រើឧបករណ៍ថ្នង មង និងសំណាញ់។
ស្ត្រីខ្មែរអុីស្លាមរូបនេះបន្តថា នៅឆ្នាំនេះ ឃើញសម្បូរប្រភេទត្រីឆ្នូត និងត្រីរៀល ច្រើនជាងគេ បន្ទាប់មកគឺត្រីកញ្ចុះ ត្រីឆ្ពិន និងត្រីច្រកែង ហើយកំពឹសក៏សម្បូរផងដែរ។ តម្លែត្រីកញ្ចុះលក់បានថ្លៃជាងគេ គឺក្នុង ១ គីឡូក្រាម ថ្លៃ ៥ ០០០ រៀល ខណៈត្រីច្រកែង និងត្រីឆ្ពិន ថ្លៃ ៤ ៥០០ រៀលក្នុង ១ គីឡូក្រាម។ ចំណែកត្រីរៀល និងត្រីឆ្នូត ថ្លៃចន្លោះពី ១ ៥០០ រៀល ទៅ ៤ ០០០ រៀល អាស្រ័យទៅលើទំហំត្រី។ រីឯកំពឹសវិញ លក់បាន ២ ៥០០ រៀលក្នុង ១ គីឡូក្រាម។
ជាមួយនឹងប្រាក់ចំណូល បានមកពីការលក់ត្រី ដែលនេសាទបានពីក្នុងស្ទឹងសង្កែ ក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមកនេះ អ្នកស្រីអាលីហ្សា បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំអាចរកប្រាក់ចំណូលពីការលក់ត្រីដែលចាប់បានពីក្នុងស្ទឹងសង្កែបាន ពី ២០-៣០ ម៉ឺនរៀល ក្នុង ១ ថ្ងៃ»។
ទោះជាយ៉ាងណា អ្នកស្រីក៏បានអំពាវនាវដល់អ្នកនេសាទ និងក្រុមឈ្មួញដែលធ្វើអាជីវកម្មក្នុងវិស័យជលផលទាំងអស់ បញ្ឈប់ការប្រើប្រាស់ឧបករណ៍អ៊ុយ និងណរ៉ាវ រួមទាំងឧបករណ៍នេសាទទាំងអស់ ដែលត្រូវបានហាមឃាត់ដោយច្បាប់ ដើម្បីធានាបាននូវនិរន្តរភាពធនធានត្រីនៅកម្ពុជា៕