សៀមរាបៈ អង្គការមូលនិធិទំពាំងស្នងប្ញស្សី (NGO2) និងអង្គការដៃគូឈ្មោះ Ocean Recovery Alliance នឹងចាប់ផ្តើមគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀសឱ្យអនុវត្តកម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិកពីក្នុងបឹងទន្លេសាបរយៈពេល ៣ ឆ្នាំ (Waste Management and Harvest Plastic Program) ចាប់ពីចុងខែវិច្ឆិកានេះតទៅ។
ការប្រកាសអនុវត្តគម្រោងនេះ បានធ្វើឡើងស្របពេលអាជ្ញាធរខេត្តសៀមរាប អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ នឹងរួមគ្នារៀបចំទិវាអនាម័យបរិស្ថានជាតី២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» នៅថ្ងៃទិ២៣ វិច្ឆិកាខាងមុខ ខណៈថ្ងៃទី ២៤ វិច្ឆិកា នឹងរួមគ្នាប្រារព្ធទិវាសម្អាតអនាម័យបរិស្ថាន ដែលធ្វើឡើងនៅក្នុងសហគមន៍ចុងឃ្នៀស។
តាមលិខិតរបស់មន្ទីរបរិស្ថានខេត្ត ដាក់ជូនរដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី ១៥ វិច្ឆិកា បានឱ្យដឹងថា តាមគម្រោងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នឹងប្រារព្ធធ្វើឡើងនៅបរិវេណសួនច្បារជាប់មាត់ស្ទឹងជិតព្រះរាជដំណាក់ និងការប្រារព្ធទិវាសម្អាតបរិស្ថាន នឹងធ្វើឡើងនៅសហគមន៍ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
លោក ឃឹន សុគុណវិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បាននិយាយថា មន្ទីរបរិស្ថានខេត្ត ដោយសហការជាមួយរដ្ឋបាលក្រុងសៀមរាប នឹងរៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» និងទិវាសម្អាតអនាម័យបរិស្ថាន ក្នុងគោលបំណងធានាបាននូវគុណភាពបរិស្ថាន សោភណភាពទីប្រជុំជន និងសុខភាពសាធារណៈ។
លោកបានបញ្ជាក់ថា៖ «តាមរយៈការបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិតគ្រប់ភូមិសិក្សា ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភណភាពនៅតាមភូមិឋាន និងទីប្រជុំជន។ ក្នុងន័យនេះ គឺដើម្បីឱ្យទិវានេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលប្រសើរ»។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងប្ញស្សី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀស ក្នុងការអនុវត្តកម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិក នឹងចាប់ផ្តើមពីចុងខែវិច្ឆិកានេះតទៅ ដែលមានរយៈពេល៣ឆ្នាំ។ គម្រោងនេះ គឺនឹងត្រូវបានប្រកាសស្របពេលថ្ងៃប្រារព្ធទិវាទាំង២នោះ ដោយមានការសហការរវាងអង្គការមូលនិធិទំពាំងស្នងប្ញស្សី (NGO2) និងអង្គការដៃគូឈ្មោះ Ocean Recovery Alliance ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងកម្មវិធីដែលយើងប្រមូលផ្តុំគ្នាប្រមាណ ៥០០ នាក់ គឺមានប្រមាណ ៣០០ នាក់ ដែលជាសហគមន៍ចុងឃ្នៀសខ្លួនឯង ក្នុងការចែវទូក មានកន្ត្រង ដើម្បីដួសស្រង់យកសំរាមចាស់ដែលអណ្តែតនៅលើទឹកឱ្យអស់។ ចំណែក ១ ក្រុមទៀតប្រមាណ ២០០ នាក់ នឹងចុះតាមខ្នងផ្ទះ ដើម្បីអប់រំកុំឱ្យបោះចោលសំរាមក្នុងទឹក និងចេះពីរបៀបញែកសំរាមសេរីរាង្គ និងសំរាមប្លាស្ទិក»។
កាលពីរដូវវស្សាកន្លងទៅនេះ អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលបានដឹកនាំប្រជាពលរដ្ឋនៅក្នុងសហគមន៍ចុងឃ្នៀស ឱ្យចូលរួមធ្វើអនាម័យសម្អាតបរិស្ថាន និងប្រមូលសំណល់ប្លាស្ទិកពីក្នុងតំបន់របស់ខ្លួនសរុបបានជាង ១០០ តោន។
លោក ស៊ាង សុផល បានមើលឃើញថា សហគមន៍ចុងឃ្នៀស គឺមានការប្តេជ្ញាចិត្តខ្ពស់ ទាំងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ ក្នុងការចូលរួមសម្អាតបរិស្ថាន និងការវេចខ្ចប់ទុកដាក់សំរាម ដែលលោកអះអាងថា អង្គការមូលនិធិទំពាំងស្នងប្ញស្សី នឹងបន្តគាំត្របន្ថែមទៀត ដល់សកម្មភាពនានារបស់ពួកគេ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងខ្ញុំនឹងជំរុញបន្ថែម ក្នុងការបង្រៀនគ្រូបង្គោល និងធ្វើជាសិក្ខាសាលាក្នុងការចុះអប់រំប្រជាពលរដ្ខ ព្រមទាំងបង្កើតយន្តការសាមញ្ញងាយៗដោយផ្ទាល់ដល់សហគមន៍ខ្លួនឯងក្នុងការដោះស្រាយបញ្ហាដែលជួបប្រទះនៅក្នុងសហគមន៍នេះ។ អ្នកនៅក្នុងទឹក យើងធ្វើសកម្មភាពផ្សេងទៅ ចំណែកអ្នកនៅលើទឹកយើងធ្វើសកម្មភាពងាយៗអ៊ីចឹងទៅ»។
លោក ស៊ាង សុផល បង្ហាញក្តីរំពឹងថា នៅពេលសហគមន៍នេះ ដាក់អនុវត្តគម្រោងគាំទ្រគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិកនេះដល់ប្រជាសហគមន៍ នឹងធ្វើឱ្យសោភណភាពក្នុងតំបន់នេះ មានភាពល្អប្រសើរ និងកាត់បន្ថយសំរាមប្លាស្ទិក ដែលតែងអណ្តែតត្រៀបត្រានៅពេញផ្ទៃទឹក៕