ភ្នំពេញៈ កាក​បាទ​ក្រហម​កម្ពុជា សំណូមពរ​ឱ្យ​សមាគម​ជាតិ​អឌ្ឍចន្ទ​ក្រហម​គុយ​វ៉ែត ជួយ​លើការ​កសាង​សហ​គមន៍​ឱ្យមាន​ភាពធន់​នឹង​គ្រោះ​មហន្ត​រាយ ខណៈ​អឌ្ឍចន្ទ​ក្រហម​គុយវ៉ែត នឹង​អាច​ចាប់​ផ្តើម​ទំនាក់​ទំនង​ធ្វើ​ការ​ងារម​នុស្សធម៌​ជាមួយ​នឹង​កាក​បាទ​ក្រហម​កម្ពុជា​។

នេះ​ជាការ​លើក​ឡើង​របស់​លោក Abdul Rahman Saleh Al-Saleh ប្រធាន​នាយក​ដ្ឋាន​បញ្ជា​ទិញ និង​ភ័ស្តុភារ នៃ​សមាគម​ជាតិ​អឌ្ឍចន្ទ​ក្រហម​គុយ​វ៉ែត ក្នុង​ជំនួប​ពិភាក្សាការងារ​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​មនុស្ស​ធម៌ ជា​មួយ​លោក​ស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេ​ខាធិការ​រង​ទី១ កាក​បាទ​ក្រហម​កម្ពុជា នា​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២​។

លោក Abdul Rahman Saleh Al-Saleh​​ បាន​លើកឡើ​ង​ក្នុង​ជំនួប​នោះ​ថា នេះជា​លើក​ដំបូង​ហើយ ដែល​គណៈ​ប្រតិភូ​អឌ្ឍ​ចន្ទ​ក្រហម​គុយ​វ៉ែត បាន​មក​ទស្សន​កិច្ចផ្ទាល់​នៅទី​ស្នាក់​ការ​កណ្តាល​ កាក​បាទ​ក្រហម​កម្ពុជា ហើយ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​អឌ្ឍចន្ទ​ក្រហម​គុយ​វ៉េត បាន​ធ្វើ​សកម្ម​ភាព​មនុស្សធម៌​ជួយ​ដល់​បណ្តាស​មាគម​ជាតិជាង​៩​០ប្រទេស ដែល​ជាសមា​ជិករបស់​សហព័ន្ធ​អន្តរ​ជាតិ ដែល​ជួប​ប្រទះ​នឹង​គ្រោះមហន្ត​រាយ​ផ្សេង​ៗ។

លោក Abdul Rahman Saleh Al-Saleh មាន​ប្រសាសន៍​ថា ៖ «ប៉ុន្តែ​សម្រាប់​កាក​បាទ​ក្រហម​កម្ពុជា ខាង​អឌ្ឍ​ចន្ទ​ក្រហម​គុយ​វ៉ែត មើល​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​កាក​បាទ​ក្រហម​កម្ពុជា មាន​សមត្ថ​​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​គ្រោះ​មហន្ត​រាយនៅ​ក្នុង​ប្រទេស​របស់​ខ្លួន​»។

លោក​សង្ឃឹម​ថា អឌ្ឍចន្ទ​ក្រហម​គុយ​វ៉ែត និងកា​កបាទ​ក្រហម​កម្ពុជា​ នឹង​អាច​ចាប់​ផ្តើម​ទំនាក់​ទំន​ងធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​ការងារ​មនុស្ស​ធម៌​នេះ។​

យោង​តាម​កាក​បាទ​ក្រហម​កម្ពុជា បាន​ឱ្យដឹង​ថា នៅ​ល្ងាច​ថ្ងៃទី ​១៥ វិច្ឆិកា​ លោក Abdul Rahman Saleh Al-Saleh ក៏​បាន​ជួប​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​កម្ពុជា ដើម្បី​ស្វែង​យល់​ពីការ​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា ហើយ​ពាក់​ព័ន្ធ​នឹង​ការផ្តល់​ថវិកា​ទៅមន្ទីរ​ពេទ្យ​កុមា​រគន្ធ​បុប្ផា​នេះ ខាង​អឌ្ឍ​ចន្ទ​ក្រហម​គុយ​វ៉ែត គឺ​មាន​បំណង​ផ្ញើ​ថវិកា តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា​។

ក្នុង​ឱកាស​ជំនួ​ប​ពិភាក្សា​ការងារ​នោះ​ដែរ លោក​ស្រី ម៉ែន នារីសោ​ភ័គ ក៏​បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​អឌ្ឍចន្ទ​ក្រហម​គុយ​វ៉ែត ដែល​មាន​ចំណាប់​អារម្មណ៍​ជួយ​កាក​បាទ​ក្រហម​កម្ពុជា និង​បាន​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​គ្នាចាប់​ពី​ពេល​នេះ​​ផងដែរ។

លោក​ស្រីមា​ន​ប្រសាស​ន៍ថា៖ «​ការងារ​ធំៗ​ដូច​ជាការ​ឆ្លើយ​តប​គ្រោះមហន្ត​រាយ គ្រោះទឹក​ជំនន់​ជាដើម​នោះ រាជរដ្ឋាភិបាល​កម្ពុជា មាន​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ និង​មាន​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែល​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅនឹង​គ្រោះ​មហន្ត​រាយ​ទាំង​នោះ»​។

លោក​ស្រី​បញ្ជាក់​ថា ប៉ុន្តែ​អ្វីដែល​កាក​បាទ​ក្រហម​កម្ពុជា ត្រូវ​សម្លឹង​សម្រាប់​ទិសដៅ​អនាគត​នោះ ​គឺការ​កសាង​សហគ​មន៍​ឱ្យមាន​ភាព​ធន់​នឹង​គ្រោះ​មហន្ត​រាយ ដូច្នេះ​កាក​បាទ​ក្រហម​កម្ពុជា បាន​សំណូមពរ​ឱ្យ​អឌ្ឍចន្ទ​ក្រហម​គុយ​វ៉ែត ជួយ​លើការងារ​នេះ។

សូម​បញ្ជាក់ថា ក្នុង​រយៈ​ពេល​កន្លង​មក អឌ្ឍចន្ទ​ក្រហម​គុយ​វ៉ែត ក៏​បាន​ទាក់​ទង​ដើម្បីជួយ​កាក​បាទ​ក្រហម​កម្ពុជា​ផង​ដែរ ប៉ុន្តែ​មិន​បាន​ដឹង​ថា និន្នាការ​របស់​កាក​បាទ​ក្រហម​កម្ពុជា​ផ្តោត​ទៅលើ​អ្វីខ្លះ តែពេល​នេះ​ស្ថាប័ន​​ជាតិទាំង ​២ នឹង​ធ្វើការ​ជាមួយ​គ្នាឱ្យ​បាន​រលូន​ក្នុង​សកម្មភាព​មនុ​ស្សធម៌៕