សៀមរាបៈ អាយឆាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ ២០២២ នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យ និងពិភាក្សាលើបញ្ហាមួយចំនួន រួមមានបរិស្ថាន និងបញ្ហាសិទ្ធិមនុស្សនៅតំបន់អាស៊ាន ហើយត្រៀមអនុម័តលើឯកសារមួយចំនួន។
កិច្ចប្រជុំអាយឆា នេះធ្វើឡើងក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ ដែលរៀបចំប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៥-១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ ចាប់ពីថ្ងៃទី ១៥-១៧ វិច្ឆិកា លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធាន អាយឆា ឆ្នាំ ២០២២ នឹងដឹកនាំកិច្ចប្រជុំពិសេសលើកទី ២ ឆ្នាំ ២០២២ របស់ អាយឆា ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំ អាយឆា និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំពិសេសលើកទី២ របស់ អាយឆា នេះនឹងធ្វើការពិនិត្យ ពិភាក្សា លើឯកសារ ទស្សនទាននៃសកម្មភាពអាទិភាពរបស់ អាយឆា ឆ្នាំ ២០១៩-២០២២ បច្ចុប្បន្នភាពនៃសកម្មភាព អាទិភាពរបស់ អាយឆា ពីឆ្នាំ ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួចហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ អាយឆា កម្ពុជា ចុះថ្ងៃទី ១៥ ខែវិច្ឆិកា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំពិសេសលើកទី ២ របស់ អាយឆា លោក កែវ រ៉េមី នឹងដឹកនាំគណៈប្រតិភូ អាយឆា ក្នុងកិច្ចប្រជុំដាច់ដោយឡែករវាង អាយឆា និងអង្គការសហប្រជាជាតិនៅរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរបស់ អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន។
សេចក្តីប្រកាសដដែលបន្តទៀតថា នៅថ្ងៃទី ១៨ វិច្ឆិកា អាយឆា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួបលើកទី ១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្សរបស់អាស៊ាន ហើយដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញ នៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ ២០១២ ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមជំនួយការរបស់តំណាងប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស បានឱ្យដឹងថា កិច្ចប្រជុំបានពិនិត្យពិភាក្សា និងកែសម្រួលទៅលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ចំនួន ៧ ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរបស់ អាយឆា កិច្ចជំនួបនានារវាង អាយឆា ជាមួយភាគីពាក់ព័ន្ធ និងកម្មវិធីផ្សេងៗ ដែលបានរៀបចំនាពេលកន្លងមក។
កិច្ចប្រជុំក៏បានពិភាក្សាទៅលើវឌ្ឍនភាពនៃឯកសារ ទស្សនទានស្តីពីកម្មវិធីអាទិភាពរបស់ អាយឆា ឆ្នាំ ២០១៩-២០២២ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ក្នុងការលើកកម្ពស់ និងការពារសិទ្ធិសុខភាព សិទ្ធិទទួលបានទឹកស្អាត និងអនាម័យ អន្តរសាសនា ការវាយតម្លៃលើផលប៉ះពាល់បរិស្ថានដោយផ្អែកលើអភិក្រមសិទ្ធិមនុស្ស និងការបញ្ជ្រាបសិទ្ធិជនមានពិការភាព។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងថា ទិដ្ឋភាពចុងក្រោយនេះ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅតំបន់អាស៊ាន មានការធ្លាក់ចុះ និងមានការរំលោភសិទ្ធិមនុស្ស ដូចជានៅមីយ៉ាន់ម៉ា និងបណ្តាប្រទេសអាស៊ានមួយចំនួន។
លោកបន្តថា ជាក់ស្តែងអាស៊ានក៏មានធម្មនុញ្ញអាស៊ានស្តីពីសិទ្ធិមនុស្សដែរ ប៉ុន្តែការចែងពីសិទ្ធិមនុស្សនៅមានតិច ហើយសេចក្តីថ្លែងការណ៍រួមស្តីពីសិទ្ធិមនុស្សក៏មិនទាន់មានលក្ខណៈគ្រប់គ្រាន់។
លោកបញ្ជាក់ថា៖ «ទោះជាយ៉ាងណាអាស៊ាន មានប្រទេសចម្រុះបានន័យថា ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងប្រកាន់របបផ្សេងគ្នាហើយយន្តការសិទ្ធិមនុស្សប្រទេសនីមួយៗមានលក្ខណៈខុសៗគ្នា។ អ៊ីចឹងគឺជារឿងផលពិបាកសម្រាប់អាស៊ាន ប៉ុន្តែទោះជាយ៉ាងណា ក្នុងនាមជាកម្ពុជាឆ្នាំនេះជាប្រធានអាស៊ាន គួរតែបង្ហាញពីគំរូល្អពាក់ព័ន្ធសិទ្ធិមនុស្ស ទាក់ទងបញ្ហាចម្រូងចម្រាសដើម្បីឱ្យកម្ពុជាមានការកែលម្អទៅលើបញ្ហាសិទ្ធិមនុស្ស»។ ត្រង់ន័យនេះលោក អំ សំអាត គូសបញ្ជាក់ថា ព្រោះនៅកម្ពុជាក៏នៅមានការរិះគន់ផងដែរ ទាក់ទិនសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាដើម។
ពាក់ព័ន្ធកិច្ចប្រជុំនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន ថ្លែងថា នឹងជូនលទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំ។ សេចក្តីប្រកាសព័ត៌មានរបស់ អាយឆា កម្ពុជាបញ្ជាក់ថា៖ «បន្ទាប់ពីការពិនិត្យ និងកែសម្រួលនៅក្នុងកិច្ចប្រជុំក្រុមជំនួយការ ឯកសារទាំងអស់ខាងលើនឹងត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពិសេសលើកទី ២ របស់ អាយឆា ដើម្បីពិនិត្យ និងអនុម័ត»៕