ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ បង្ហាញភាពជាអ្នកដឹកនាំ និងទទួលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្សុំា នឹងការប្រែប្រួលអាកាសធាតុ។
ការថ្លែងរបស់លោករដ្ឋមន្ត្រីបែបនេះធ្វើឡើង នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងឱកាសដែលលោកបានថ្លែងសុន្ទរកថា ក្នុងសន្និសីទកំពូលលើកទី ២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ នាឱកាសនោះ លោក សាយ សំអាល់ ក៏បានជំរុញឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ផ្តល់ថវិកា ដូចការសន្យាឱ្យបានឆាប់រហ័សដល់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
លោកសាយ សំអាល់ បានបញ្ជាក់ថា៖
«ជាពិសេស ការប្តេជ្ញាចិត្តផ្តល់ថវិកា ១០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យាឱ្យបានលឿន និងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ»។
លោករដ្ឋមន្ត្រីមានប្រសាសន៍ ថា ក្នុងនាមជាប្រធានអាស៊ានប្តូរវេន កម្ពុជាបានផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីតម្រង់ទិសអាស៊ាន ឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាពផងដែរ។
លោកបានបន្ថែមថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើន នៃសេដ្ឋកិច្ច ២ ទសវត្សរ៍ចុងក្រោយ កម្ពុជាបានប្រែក្លាយពីប្រទេស ដែលមានចំណូលទាប ទៅជាប្រទេស ចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ថែមទៀត។ ប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។
ទោះយ៉ាងណា លោកសាយ សំអាល់ បញ្ជាក់ថា ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វផងដែរ។
លោកសាយ សំអាល់ បានថ្លែងថា៖ «ជាការឆ្លើយតប កម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយផែនការនានា»។
លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយផែនទាំងនោះ មានជាអាទិ៍ យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បី អនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការលើកឡើងរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ឆ្លើយតបទៅនឹងការងារគ្រប់គ្រងបរិស្ថាន ជាទូទៅ បាននិងកំពុងមានការរីកចម្រើន។
លោកភក្ត្រា ថ្លែងថា៖ «កម្ពុជាក៏ដូចជាតំបន់ មានមោទនភាព ដែលអាស៊ានផ្តល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀតដល់សកម្មភាព និងកិច្ចសហការផ្សេងៗ សម្រាប់តំបន់ និងសកល ក្នុងនោះមានកិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលអាស៊ានកំពុងផ្តោតការគិតគូរជាយុទ្ធសាស្ត្រ»។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី ១៤ ខែកញ្ញា កន្លងទៅនៅខេត្តសៀមរាប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន ឆ្នាំ ២០២២ បានលើកឡើងថា អាស៊ាន គួរតែពិចារណាទៅលើគំនិតផ្តួចផ្តើម ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។ ព្រោះថា ការធ្វើឡើងបែបនេះ ដោយយោងទៅលើស្ថានភាពបច្ចុប្បន្ន ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ ។
លោកនាយករដ្ឋមន្ត្រីសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាត ឱ្យតំបន់របស់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងការប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច។
ដោយឡែក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ ដែលបានប្រព្រឹត្តទៅ កាលពីខែសីហា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឱ្យមានការបង្កើតឡើង នូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលអាចអនុញ្ញាតឱ្យតំបន់របស់អាស៊ាន ធ្វើអន្តរកាលជាបណ្តើរៗ ទៅជាសហគមន៍ ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់៕