ភ្នំពេញៈ កុមារាអាយុ ១៤ ឆ្នាំ ដែលមានជំងឺបេះដូងចំហពីកំណើតដែលបានជួបស្ត្រីទី១ កូរ៉េខាងត្បូង លោកស្រី Kim Keon-hee អាចនឹងទទួលការវះកាត់ និងព្យាបាលនៅមន្ទីរពេទ្យ Seoul Asan Medical Center ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានជនជាតិកូរ៉េជាច្រើនរូប បានប្រកាសជួយជាថវិកា និងការចំណាយផ្សេងៗ។
កុមារ អោក រដ្ឋា គឺជាកុមារម្នាក់ក្នុងចំណោមបងប្អូនទាំង ១២ នាក់ (ស្លាប់ ២ នាក់) ដែលបានជួបលោកស្រី Kim Keon-hee កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងអំឡុងពេលលោកស្រីអមដំណើរជាមួយលោកប្រធានាធិបតី Yoon Suk Yeol ដែលជាស្វាមីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។
បន្ថែមពីនេះលោកស្រី Kim Keon-hee ក៏បានត្រឡប់ទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ដែលត្រូវបានបង្កើតឡើងដោយគ្រូពេទ្យកុមារកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៣ វិច្ឆិកាម្តងទៀតផងដែរ មុនពេលលោកស្រីចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីក្នុងជើងទី ២ នៃដំណើរទស្សនកិច្ចថ្នាក់តំបន់ជាមួយស្វាមី។
លោក Lee Young-don ប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron Medical Center បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៦ វិច្ឆិកាថា បន្ទាប់ពីបានជួបជាមួយកុមារ រដ្ឋា លោកស្រី Kim Keon-hee នៅតែបន្តតាមដានព័ត៌មានអំពី រដ្ឋា ដើម្បីឱ្យប្រាកដថា រដ្ឋា ពិតជាអាចបន្តការព្យាបាល និងវះកាត់នៅប្រទេសកូរ៉េក្នុងពេលឆាប់ៗ។
លោកបានបញ្ជាក់ថា៖ «HMC បានណែនាំ រដ្ឋា ទៅកាន់ស្ត្រីទី១ នៃប្រទេសកូរ៉េ គឺលោកស្រី Kim Keon-Hee ហើយលោកស្រីបានទៅលេងផ្ទះរបស់ រដ្ឋា ដោយផ្ទាល់ និងបានជួប រដ្ឋា ។ លោកស្រីមានចិត្តអាណិតអាសូរ រដ្ឋា ជាខ្លាំង ហើយលោកស្រីក៏ចាប់ឱប រដ្ឋា ដោយដៃលោកស្រីផ្ទាល់តែម្តង។ ព័ត៌មាន និងរូបភាពត្រូវបានផ្សព្វផ្សាយពេញកាសែតកូរ៉េ បន្ទាប់មកមានសប្បុរសជនម្នាក់ និងមន្ទីរពេទ្យនៅប្រទេសកូរ៉េបានអះអាងចូលខ្លួនមកជួយ រដ្ឋា »។
ជាមួយនឹងការនាំយក រដ្ឋា ទៅព្យាបាលនៅប្រទេសកូរ៉េ លោក Lee Young-don បានប្រាប់បន្តថា រដ្ឋា និងសមាជិកគ្រួសាររបស់គាត់អាចនឹងធ្វើដំណើរទៅព្យាបាលនៅប្រទេសកូរ៉េក្នុងពេលឆាប់ៗ បន្ទាប់ពីពួកគេបានទទួលលិខិតឆ្លងដែន និង វីសា រួមទាំងបានបំពេញលក្ខខណ្ឌផ្សេងៗផងដែរ។ ប្រធានមជ្ឈមណ្ឌលរូបនេះបានអះអាងថា រាល់ការចំណាយ និងការព្យាបាលនានានឹងត្រូវបានធានា ហើយមន្ទីរពេទ្យ Seoul Asan Medical Center នឹងទទួលក្នុងការព្យាបាល និងវះកាត់លើ រដ្ឋា ។
លោកបានបញ្ជាក់ថា៖ «សប្បុរសជនម្នាក់ និងមន្ទីរពេទ្យនឹងផ្តល់ការគាំទ្រក្នុងការចំណាយទាំងមូល រួមទាំងការដឹកជញ្ជូន និងថ្លៃព្យាបាល ហើយខាង Hebron នឹងជួយពួកគេជាមួយនឹងប្រាក់ដែលទទួលបានពីការបរិច្ចាគមកយើងដោយស្ត្រីទី ១ របស់កូរ៉េ និងកងអង្គរក្សផ្ទាល់របស់លោកស្រី។ ប្រជាជនកូរ៉េជាច្រើនបានប្រមូលផ្តុំគ្នាជួយដល់ រដ្ឋា ។
យើងសង្ឃឹមថា ការវះកាត់លើ រដ្ឋា អាចទទួលបានជោគជ័យ គ្រាន់តែពេលខ្លះ ការវះកាត់ជាច្រើនទៀតអាចច្រើនជាង ១ ដែលនឹងត្រូវបានធ្វើឡើងលើ រដ្ឋា »។
បច្ចុប្បន្ន កុមារា អោក រដ្ឋា មានអាយុ ១៤ ឆ្នាំ ប៉ុន្តែទម្ងន់ខ្លួនរបស់គេត្រឹមតែ ១៩ គីឡូក្រាមប៉ុណ្ណោះ។ រដ្ឋា មានជំងឺបេះដូងពីកំណើតដ៏ស្មុគស្មាញ ដូចជា TOF (Tetralogy of Fallot) និង PFO (Patent Foramen Ovale) ហើយគេធ្លាប់ទទួលបានការវះកាត់បឋមម្តងកាលពីឆ្នាំ ២០១៨ ។ ប៉ុន្តែ រដ្ឋា មិនត្រូវបានក្រុមគ្រួសារនាំមកតាមដានជំងឺឱ្យបានល្អ និងប្រើប្រាស់ថ្នាំបានទៀងទាត់នោះទេ។ ហេតុដូចនេះហើយ លោក Lee Young-don បានអះអាងថា សរសៃឈាមខ្លះ ឬផ្នែកខ្លះនៃបេះដូងរបស់ រដ្ឋា ត្រូវបានស្ទះ ហើយ រដ្ឋា ពិតជាពិបាកក្នុងការដកដង្ហើម ព្រោះវាគឺជាផលវិបាកដែលកើតចេញពីជំងឺបេះដូងរបស់គេ។
លោកបានបន្ថែមថា៖ «យើងសង្ឃឹមថា បងប្រុសរបស់គាត់អាចទៅជាមួយគាត់បានក្នុងអំឡុងពេលទៅព្យាបាលនៅប្រទេសកូរ៉េ ព្រោះម្តាយរដ្ឋាក៏ឈឺដែរ។ ខ្ញុំមិនមានមោទនភាពប៉ុន្មានទេ ប៉ុន្តែខ្ញុំពិតជារីករាយដែលបានជួយមនុស្សក្នុងប្រទេសដទៃ។ ថ្វីដ្បិតតែយើងមិនមានជំនាញ និងមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ក៏ដោយ ក៏យើងចង់ក្លាយជាចំណែកតូចមួយ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាជនដែលខ្វះខាតនៅកម្ពុជា ព្រោះយើងស្រឡាញ់ពួកគេ»។
អ្នកស្រី ស៊ន សាឌី ជាអ្នកគ្រប់គ្រងផ្នែកថែទាំកុមារក្រោយការវះកាត់បេះដូងកុមារ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឪពុករបស់កុមាររូបនោះបានស្លាប់មុនពេលរូបគេកើត ហើយគេជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រី ១២ (ស្លាប់ ២ នាក់)។ អ្នកស្រីបានបន្តថា កុមារ រដ្ឋា ព្រមទាំងម្តាយចាស់ជរា និងមានជំងឺផ្នែកស្មារតីផងនោះ កំពុងរស់នៅជាមួយនឹងបងប្រុសរបស់គេ ដែលបច្ចុប្បន្ន ក៏កំពុងមានបញ្ហាសុខភាព ខណៈបន្ទុកក្នុងគ្រួសារ និងការមើលថែជាប្រចាំថ្ងៃ ត្រូវធ្លាក់ទៅលើបងស្រីថ្លៃម្នាក់ ដែលមានរបរជាអ្នកអនាម័យ។
ជាអ្នកថែកុមារ អោក រដ្ឋា ផ្ទាល់ ក្រោយការវះកាត់ក្នុងឆ្នាំ ២០១៨ អ្នកស្រី សាឌី បានប្រាប់ថា៖ «ក្រោយវះកាត់លើកទី ១ គឺរដ្ឋា បានគ្រាន់បើបន្តិចហើយ និងត្រូវបន្តប្រើប្រាស់ថ្នាំជាប្រចាំ ដើម្បីរង់ចាំការវះកាត់លើកទី ២ ។ ប៉ុន្តែដោយសារតែស្ថានភាពគ្រួសារគាត់ក្រីក្រ និងលំបាក ដែលគាត់មិនបាននាំយក រដ្ឋា មកបន្តការព្យាបាលតាមការណាត់រហូតជិត ៣ ឆ្នាំ។ ហេតុនេះ ធ្វើឱ្យស្ថានភាព រដ្ឋា កាន់តែធ្ងន់ធ្ងរ»។
លោក អោក ណារ៉ា ដែលត្រូវជាបងប្រុសបង្កើត រដ្ឋា ហើយកំពុងមានជំងឺប្រចាំកាយដែរនោះធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ដោយបង្ហាញក្តីត្រេកអរចំពោះការជួយព្យាបាលជំងឺប្អូនប្រុសពៅរបស់ខ្លួនពីស្ត្រីទី ១ របស់ប្រទេសកូរ៉េ ព្រោះតែកន្លងមក លោកពិតជាពុំមានលទ្ធភាពក្នុងការព្យាបាល រដ្ឋា នោះទេ។
ខណៈរៀបរាប់ពីស្ថានភាពគ្រួសារដែលកំពុងស្នាក់នៅបន្ទប់ជួលតូចមួយក្នុងរាជធានីភ្នំពេញ និងមានសមាជិក ៧ នាក់ លោក អោក ណារ៉ា បានថ្លែងថា៖ «ប្អូនខ្ញុំគាត់ចង់ចូលរៀនណាស់។
ប៉ុន្តែអាការគាត់មិនអាចឱ្យគាត់ទៅសាលាបានទេ។ គាត់ធ្លាប់បានទៅសាលាបាន ១ ខែ ប៉ុន្តែដោយសារតែស្ថានភាពជំងឺធ្វើឱ្យគាត់មិនអាចទៅរៀនបាន។ រាល់ថ្ងៃ គាត់ចង់តែទៅរៀន និងចង់ទៅសាលាដូចគេ»។
មន្ទីរពេទ្យ Hebron Medical Center មានទីតាំងនៅរាជធានីភ្នំពេញ ហើយជាមន្ទីរពេទ្យមួយ ដែលបង្កើតដោយវេជ្ជបណ្ឌិតកូរ៉េខាងត្បូងចំនួន ៣ នាក់ កាលពីឆ្នាំ ២០០៧ ។ មន្ទីរពេទ្យនេះ បានផ្តល់ការព្យាបាល និងប្រឹក្សាដល់អ្នកជំងឺសរុបប្រហែលជាង ៦ ម៉ឺននាក់ក្នុង ១ ឆ្នាំ ក្នុងនោះ ការពិនិត្យព្យាបាលដល់កុមារ គឺមានចន្លោះពី ៥ ទៅ ១០ ភាគរយ ខណៈមានជាង ៣០០ នាក់ត្រូវបានជួយវះកាត់ជំងឺពាក់ព័ន្ធនឹងបេះដូង ដោយក្រុមគ្រូពេទ្យរបស់ HMC និងមួយចំនួនតូចត្រូវបានបញ្ជូនព្យាបាលនៅប្រទេសកូរ៉េដោយផ្ទាល់៕