ភ្នំពេញៈ កិច្ចសន្ទនាគោលនយោបាយប្រចាំឆ្នាំ ២០២២ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីសកម្មភាពរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជា ដូចជាគម្រោង ដែលកំពុងដំណើរការគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ កម្មវិធីវគ្គបណ្តុះបណ្តាល សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ និងការពិភាក្សាអំពីការរៀបចំគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៥។
កិច្ចសន្ទនាគោលនយោបាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងឱ្យកយកា និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក-CRDB/CDC) កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក នោ ហ្យន់ជូន បានសង្កត់ធ្ងន់លើជំហានបន្ទាប់ នៃការធ្វើការជាមួយគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក-CRDB/CDC) និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីដែលអាចនឹងធ្វើទៅបានសម្រាប់ឆ្នាំ ២០២៥ ផងដែរ។
លោក នោ ហ្យន់ជូន បញ្ជាក់ថា៖ «នៅឆ្នាំនេះ យើងបានធ្វើការរួមគ្នាជាមួយ CDC ដើម្បីកំណត់គម្រោងថ្មីសម្រាប់ឆ្នាំ ២០២៤។ ជាលទ្ធផលយើងទទួលបានឯកសារគោលគំនិតគម្រោងថ្មី (PCPs) ចំនួន ៦ ពីក្រសួងពាក់ព័ន្ធចំនួន៥ នៅកម្ពុជា តាមរយៈជុំទី១ និងជុំទី២ ក្នុងការកំណត់អត្តសញ្ញាណ នៃគម្រោងរបស់យើង»។
លោកបន្តថា៖ «ឆ្នាំក្រោយ ឆ្នាំ ២០២៣ ក្នុងការប្រារព្ធខួបលើកទី២០ នៃការបើកការិយាល័យ KOICA នៅកម្ពុជា យើងនឹងអនុវត្តគម្រោងថ្មីចំនួន ២ រួមជាមួយគម្រោង និងកម្មវិធីដែលកំពុងដំណើរការផ្សេងៗទៀត។ គម្រោងថ្មីចំនួន ២ នោះ គឺទី១ គម្រោងកសាងសមត្ថភាព ICT នៃ TVETs នៅកម្ពុជា និងទី២ ការបង្កើតវិទ្យាស្ថានស្រាវជ្រាវជាតិសុវត្ថិភាព និងអនាម័យផលិតផលបសុសត្វនៅកម្ពុជា»។
លោក ឈៀង យ៉ាណារ៉ា នាឱកាសនោះ ក៏បានឱ្យតម្លៃខ្ពស់នូវរាល់អ្វីជាសមិទ្ធផល ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA សម្រេចបានសម្រាប់ប្រទេសកម្ពុជា។ លោកថ្លែងអំណរគុណថា៖ «ចំពោះ KOICA រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីជាច្រើននៅកម្ពុជា»។
ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ លោកនោ ហ្យន់ជូន បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលប្រកបដោយផ្លែផ្កាពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានធ្វើឡើង កាលពីខែវិច្ឆិកា សប្តាហ៍មុន នៅប្រទេសកម្ពុជា។
ក្នុងនាមជាមិត្តពិតរបស់កម្ពុជា KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើវិស័យស្នូលចំនួន ៤ ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំកសិកម្ម ការអភិវឌ្ឍជនបទ និងការដឹកជញ្ជូន តាមរយៈគម្រោង និងកម្មក្របខ័ណ្ឌ ជំនួយអភិវឌ្ឃន៍ផ្លូវការ (ODA) ផ្សេងៗ ដែលមានតម្លៃប្រហែល ៣៣៦,៧ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២២៕