ភ្នំពេញៈ ក្រសួងកសិកម្មបានសម្ដែងការហួសចិត្ត បន្ទាប់ពីមន្ត្រីរបស់ខ្លួនម្នាក់ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាននៃសហរដ្ឋអាមេរិក នាថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងអំឡុងពេលកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំនៅប្រទេស ប៉ាណាម៉ា។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួង កសិកម្ម នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា បានបញ្ជាក់ថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំងដោយបានទទួលដំណឹងថា លោក គ្រី ម៉ះផល ត្រូវបានឃាត់ខ្លួន»។
តាមការប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា លើគេហទំព័ររបស់ក្រសួង យុត្តិធម៌ សហរដ្ឋអាមេរិក លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។
ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា៖ «ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ វាជារឿងដ៏គួរឱ្យហួសចិត្តជាទីបំផុត ដែលលោក គ្រីម៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការដើម្បីការពារសត្វ និងរុក្ខជាតិជិតផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំង ២ គឺកម្ពុជា និង សហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ»។
ក្រសួងបន្តថា នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជា នៅរមណីយដ្ឋាន វត្តភ្នំ ក្នុងរាជធានីភ្នំពេញ ជាដើម។ សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅ វេជ្ជសាស្ត្រ ជាពិសេស សម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។
បើតាមក្រសួងកសិកម្ម សត្វស្វាក្តាម ទាំងនេះមិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅប្រទេសនោះទេ។ ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។
ក្រសួងបន្តថា សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឱ្យនាំចេញសត្វ ស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុនដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ៕