ភ្នំពេញៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នក្នុងការផ្ទេរប្រាក់ ឬវិនិយោគណាមួយតាមអនឡាញ ខណៈមន្ត្រីជំនាញកំពុងស៊ើបអង្កេត ក្រោយទទួលបានពាក្យបណ្ដឹងជាច្រើនពាក់ព័ន្ធបទល្មើសឆបោក ជាពិសេសការវិនិយោគតាមបណ្ដាញសង្គមគ្មានប្រភពច្បាស់លាស់។
សេចក្ដីបំភ្លឺព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថា ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយចំនួនបានចុះផ្សាយព័ត៌មានដែលមិនមានមូលដ្ឋានគ្រប់គ្រាន់ពាក់ព័ន្ធនឹងការដំណើរការរបស់នាយកដ្ឋាន ដែលធ្វើឱ្យមានការភាន់ច្រឡំពីសាធារណជន។ ហេតុដូចនេះ នាយកដ្ឋានអះអាងថា ក្រុមហ៊ុន French OL Group ដែលជ្រកក្រោមគេហទំព័រភ្នាល់បាល់ឈ្មោះ ol669.vip និង ol668.online បានធ្វើសកម្មភាពអូសទាញពលរដ្ឋឱ្យសាកល្បង និងចូលរួមវិនិយោគដាក់ប្រាក់ ដោយណែនាំថា នឹងបានប្រាក់ចំណេញ និងប្រយោជន៍ផ្សេងៗ។
ប៉ុន្តែពេលសមាជិកបានបន្តដាក់ប្រាក់វិនិយោគកាន់តែច្រើនក្រុមហ៊ុនមិនបានផ្ទេរប្រាក់ជូនសមាជិកវិញទេ ហើយសមាជិកទាំងនោះ ក៏មិនអាចដកប្រាក់វិញបានដែរ។ នេះបើតាមការអះអាងរបស់នាយកដ្ឋាន។
ភ្លាមៗក្រោយពីទទួលបានព័ត៌មានអំពីសេចក្តីបដិសេធរបស់ក្រសួងការបរទេសពីថ្ងៃទី ២៥ តុលា ឆ្នាំ ២០២២ នាយកដ្ឋានបានចាត់មន្ត្រីជំនាញឱ្យស៊ើបអង្កេតរកបទល្មើសរបស់ម្ចាស់ក្រុមហ៊ុននេះ ដើម្បីឈានដល់ការចាត់វិធានតាមនីតិវិធី។
ប្រភពដដែលបានបញ្ជាក់ថា៖ «ដោយករណីនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ នាយកដ្ឋានមិនទាន់អាចជូនដំណឹងលម្អិតបានទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរនៃការស៊ើបអង្កេត។ ទន្ទឹមនឹងនេះ ក៏មានពលរដ្ឋមួយចំនួនបានមកដាក់ពាក្យបណ្តឹងផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ»។ នាយកដ្ឋានបានសង្កត់ធ្ងន់ថា «ដោយឃើញថា បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្ដឹងជាច្រើន គួរឱ្យកត់សម្គាល់ពាក់ព័ន្ធបទល្មើសឆបោក ជាពិសេសការវិនិយោគតាមបណ្ដាញសង្គម...»។
លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី ១៧ វិច្ឆិកានេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពេលនេះលោកមិនអាចនិយាយអ្វីបានក្រៅពីព័ត៌មានក្នុងលិខិតរបស់នាយកដ្ឋាននោះទេ ព្រោះគ្រប់យ៉ាងគឺកំពុងស៊ើបអង្កេត។
យ៉ាងណាក្ដី លោកបានអះអាងថា រាល់ពាក្យបណ្ដឹងរបស់ពលរដ្ឋត្រូវបាននាយកដ្ឋានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវឱ្យមានប្រសិទ្ធភាព ដើម្បីឈានដល់ការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
ទម្រង់នៃការបោកប្រាស់បែបគឺមិនមែនជារឿងថ្មីទេ ដែលកន្លងមកទម្រង់នេះធ្លាប់ត្រូវបានជនខិលខូចប្រើប្រាស់ក្នុងឈ្មោះក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន PAYEER ក្រុមហ៊ុន ABC ឬក្រុមហ៊ុន OL Football ជាដើម។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាធ្លាប់ព្រមានឱ្យពលរដ្ឋដែលទិញកាក់ ឬដាក់លុយវិនិយោគលើក្រុមហ៊ុនទាំងនោះគួរបញ្ឈប់ជាបន្ទាន់ និងថាការប្រើប្រាស់ឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីទាក់ទាញគឺជារឿងបោកប្រាក់។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា មានសមាគមចំនួន ៣ គឺសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងសមាគមធនាគារនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានបដិសេធចំពោះការផ្សព្វផ្សាយរបស់ក្រុមហ៊ុន PAYEER ថា មិនមានជាប់ពាក់ព័ន្ធនឹងសមាគមខ្លួននោះទេ៕