
ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាខេត្តសៀមរាបនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។ រូបភាព៖ ហ្វេសប៊ុក
ប្រធានផ្នែកដឹកជញ្ជូន UNESCAP លោក Weimin Ren លើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍កម្ពុជានៅតែជាបញ្ហាប្រឈមខ្លាំង ដូចទៅនឹងបណ្តាប្រទេសមួយចំនួនដែលជាប្រទេសប្រាក់ចំណូលមធ្យមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទាក់ទងបញ្ហានេះ មន្ត្រីជំនាញកម្ពុជាក៏យល់ស្របដែរក្រោមហេតុផលថា វិបត្តិគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាចេះតែបន្តកើនឡើងក្នុងសភាពគួរឱ្យបារម្ភ នារយៈពេលថ្មីៗនេះ។
ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា នាខេត្តសៀមរាបនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Weimin Ren ប្រធានផ្នែកដឹកជញ្ជូនរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) បានលើកឡើងពីការព្រួយបារម្ភរបស់លោកចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ចំពោះបណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យម។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិរូបនេះបានថ្លែងថា៖ «សុវត្ថិភាពចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចម្បងមួយ សម្រាប់យើង។ នៅក្នុងតំបន់របស់យើង ៩៧% នៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យមជាមួយនឹងអ្នកប្រើប្រាស់ផ្លូវដែលជាជនងាយរងគ្រោះរួមមាន អ្នកជិះម៉ូតូ ថ្មើរជើង និងអ្នកជិះកង់ ដែលមានចំនួនច្រើនជាង ៥០%»។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា លើកឡើងពីចំនួនតួលេខកើនឡើងខ្លាំងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២២ នេះ ដែលមានសភាពធ្ងន់ធ្ងរ។ ធ្ងន់ធ្ងរដោយក្នុងនោះ ចំនួនអ្នកស្លាប់ និងរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងក្នុងសភាពគួរឱ្យបារម្ភ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។
លោកស្រីអះអាងថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីជោគជ័យលើការប្រយុទ្ធនឹងវិបត្តិកូវីដ ១៩ កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបែរស្ទុះកើនឡើងទៅវិញចាប់តាំងពីខែតុលា ឆ្នាំ ២០២១ មក។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២២ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ ២៨៦ លើក ដែលកើនឡើងក្នុងអត្រា ២១% ក្នុងនោះ មានករណីស្លាប់ចំនួន ១ ៣៤២ នាក់ កើនឡើងប្រមាណ ២៧% ។
របាយការណ៍ដដែលបានបន្តថា ករណីរបួសធ្ងន់មានចំនួន ២០០៤ នាក់ កើនឡើងរង្វង់ ២៨% និងករណីរងរបួសស្រាល ចំនួន ២ ៣៩១ នាក់ កើនក្នុងអត្រា ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។
លោកស្រី មឹន មាណវី បានបន្តថា៖ «សភាពធ្ងន់ធ្ងរនៃវិបត្តិគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឱ្យបាត់បង់ជីវិតមនុស្ស រងរបួស ពិការ ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន បន្សល់ទុកកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនលើសង្គមកម្ពុជា និងសង្គមជាតិនានាទូទាំងពិភពលោក»។
លោកស្រីថា ផលលំបាកទាំងនោះក៏ប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនៃការដឹកជញ្ជូន ដែលជាដង្ហើមរស់របស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ទើបអង្គការសហប្រជាជាតិបានផ្តល់ជាអនុសាសន៍ដល់ប្រទេសជាសមាជិកឱ្យដាក់ចេញផែនការទសវត្សរ៍ចរាចរណ៍លើកទី ១ ពីឆ្នាំ ២០១១ ដល់ ឆ្នាំ ២០២០ ក្នុងន័យកាត់បន្ថយឱ្យបានពាក់កណ្តាលនៃចំនួនគ្រោះថ្នាក់ចរាចរណ៍។
សម្រាប់ទិសដៅផែនការនេះ កម្ពុជាមិនទាន់សម្រេចបានដូចការគ្រោងទុកឡើយ ដោយលោកស្រី មឹន មាណវី សង្កត់ធ្ងន់ដូច្នេះថា៖ «សម្រាប់កម្ពុជាគឺត្រូវកាត់បន្ថយប្រមាណ ៧ ៣៥០ នាក់នៃចំនួនប៉ាន់ស្មានរួម ១៤ ៧០០ នាក់ ប៉ុន្តែកម្ពុជាកាត់បន្ថយបានតែជាង ៤ ៧២០ នាក់ ស្មើនឹង ៦៤% នៃ ៥០% [គោលដៅពាក់កណ្តាលនៃ ១៤ ៧០០ នាក់] បើធៀបនឹងចំនួនសរុបរួមគឺបានតែ ៣១% តែប៉ុណ្ណោះ»។
ជុំវិញបញ្ហានេះ លោក គង់ រតនៈ អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ ខែវិច្ឆិកាថា មូលហេតុដែលមានកំណើនគ្រោះថ្នាក់ចរាចរណ៍នៅបណ្តាប្រទេសដែលប្រាក់ចំណូលទាប និងចំណូលមធ្យមនេះ ព្រោះតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាប្រទេសទាំងនេះមិនសូវល្អ ហើយការប្រើប្រាស់យានយន្តទៀតសោតក៏នៅមានកម្រិត។
លោក គង់ រតនៈ បានគូសបញ្ជាក់ពីបរិបទបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជានារយៈពេលថ្មីៗនេះថា៖ «យើងមើលឃើញហើយថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដោយគ្មានការថមថយទេ ពោលគឺមានតែកើនឡើងទៅទៀត ព្រោះលំហូរចរាចរណ៍មានការកើនឡើង ហើយមួយទៀតចំនួនផ្លូវជាច្រើនត្រូវបានកែលម្អ និងដាក់ឱ្យដំណើរការ»។
លោកបានបន្តថា៖ «ដូច្នេះរយៈចម្ងាយនៃការធ្វើដំណើរ វាច្រើនជាងឆ្នាំទៅ ដូច្នេះវាឆ្លើយតបគ្នាទៅលើការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា។ ចំណែកការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា យើងក៏មិនបានពេញលេញជាប់ជាប្រចាំដែរ ដូច្នេះវាឆ្លើយឆ្លងគ្នាទៅវិញទៅមក»។
អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោករូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងខិតខំសិក្សាស្វែងយល់ពីច្បាប់ និងបញ្ញត្តិចរាចរណ៍ឱ្យបានច្រើនតាមតែអាចធ្វើបាន។
ចំណែកខាងរដ្ឋាភិបាលវិញ លោកចង់ឱ្យមានការបង្កលក្ខណៈងាយស្រួល ផ្តល់ការអប់រំពីបញ្ហាចរាចរណ៍ដល់ប្រជាពលរដ្ឋ និងជួយដល់ការកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានភាពប្រសើរឡើង។ លោកបន្ថែមថា ពីផ្នែកអ្នកអនុវត្តច្បាប់វិញគួរបង្កើនការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាប្រចាំប្រកបដោយតម្លាភាពដោយគិតគូរពីសុវត្ថិភាពអ្នកដំណើរជាជាងខ្វល់ខ្វាយពីការផាកពិន័យយកលុយពីពលរដ្ឋ។
គួរជ្រាបថា គិតត្រឹមរយៈពេល ១៥ ថ្ងៃ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នេះមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧០ នាក់ បើធៀបនឹង ១៥ ថ្ងៃនៃខែតុលាដែលមានត្រឹម ៤៦ នាក់ កើន ២៤ នាក់ ស្មើ ៥២% ដែលចំនួនអ្នកស្លាប់ ជាការកើនឡើងគួរឱ្យព្រួយបារម្ភ។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ៕