ភ្នំពេញៈ ឯកអគ្គរាជទូត​អង់គ្លេស​ថ្មី​ប្តេជ្ញាចិត្ត​ជាមួយ​នគរបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន និង​បញ្ជាក់​ពី​ការជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​នគរបាលជាតិ​កម្ពុជា​បន្តទៀត​។

នា​ថ្ងៃទី​ ១៧ ខែវិច្ឆិកា លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ជួប​ជាមួយ​លោក Dominic Williams ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅឯ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រាជធានី​ភ្នំពេញ​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹងថា លោក Williams បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ «​ដ៏ល្អ​» កន្លងមក​រវាង​ផ្នែក​ស្ថាន​កុងស៊ុល​នៃ​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា និង​នគរបាលជាតិ​កម្ពុជា​ក៏ដូចជា​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ផងដែរ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម [​លោក Williams] ក៏បាន​ថ្លែង​ការកោតសរសើរ​រាល់​កិច្ចសហប្រតិបត្តិការ​តែងតែ​រក្សាបាន​នូវ​ការគោរព​សិទ្ធិមនុស្ស ក្នុង​នោះ​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ជាមួយ​នគរបាល​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន ជាពិសេស​បទល្មើស​រំលោភ​ផ្លូវភេទ​លើ​កុមារ ព្រមទាំង​បានបញ្ជាក់​អំពី​ការជួយ​គាំទ្រ​ទាំង​បទពិសោធន៍ និង​ការបណ្តុះបណ្តាល​ជំនាញ​ដល់​នគរបាលជាតិ​កម្ពុជា​បន្តទៀត​ផងដែរ​»​។

លោក នេត សាវឿន ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ជាតិ (NCA) របស់​ចក្រភព​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​មន្ត្រី ការផ្តល់​អាហារូបករណ៍​ដល់​មន្ត្រី​នគរបាលជាតិ​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស និង​ការផ្តល់​ជា​មធ្យោបាយ​សម្ភារ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។

លោក​សង្ឃឹមថា​ភាគី​ទាំង ​២​ នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​មាន​លទ្ធផល​ល្អ​បន្ថែមទៀត​៕