​ភ្នំពេញៈ យូ​នី​សេ​ហ្វ និង​ដៃគូ​អំពាវនាវ​ដល់​មនុស្ស​គ្រប់រូប​ឱ្យ​លើកកម្ពស់​សិទ្ធិ​កុមារ ដើម្បី​កសាង​ពិភពលោក​កាន់តែ​ល្អ​ជាមួយ​ពួកគេ​។

​នា​ថ្ងៃទី​ ១៨ ខែវិច្ឆិកា យូ​នី​សេ​ហ្វ បានប្រារឰ​ទិវា​កុមារ​ពិភពលោក​ជាមួយ​ព្រឹត្តិការណ៍​រំលេច​ទេពកោសល្យ​យុវជន ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​វិជ្ជមាន​សម្រាប់​អនាគត​ប្រកបដោយ​សមភាព និង​បរិ​យា​ប័ន្ន​។

​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​កុមារ យុវជន និង​អ្នកគាំទ្រ​នានា​ដែល​រួមមាន​មន្ត្រីជាន់ខ្ពស់​មកពី​រាជរដ្ឋាភិបាល​កម្ពុជា មនុស្ស​មាន​ឥទ្ធិពល អ្នកតំណាង និង​សហគ្រិន​មកពី​សហគមន៍​អភិវឌ្ឍន៍ និង​ការទូត​។

​ទិវា​កុមារ​ពិភពលោក​នៅ​ឆ្នាំនេះ​ផ្ដោត​សំខាន់​ទៅលើ​កុមារ និង​យុវជន ដែល​កំពុង​ជួយ​កសាង​ពិភពលោក​មួយ​ដែល​កាន់​តែមាន​សមភាព និង​បរិ​យា​ប័ន្ន​។ ព្រឹត្តិការណ៍​នៅ​ក្រុងភ្នំពេញ​នេះ​ផ្ដោតលើ​អ្នកដឹកនាំ​វ័យក្មេង​នៃ​កម្មវិធី​ជំនាន់​ថ្មី ដែលជា​គំនិត​ផ្ដួចផ្ដើម​មួយ​របស់​យូ​នី​សេ​ហ្វ ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​កុមារ និង​យុវជន​ជាង ២ ០០០ ​នាក់​រួចមកហើយ នៅក្នុង​ឆ្នាំនេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន​យូ​នី​សេ​ហ្វ បញ្ជាក់​នា​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ថា​៖ «​ទិវា​កុមារ​ពិភពលោក គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់ធ្វើ​សកម្មភាព ដែល​ត្រូវ​ប្រារព្ធ​ឡើង​ដោយ​កុមារ និង​យុវជន និង​សម្រាប់​កុមារ និង​យុវជន​។ នៅថ្ងៃនេះ យូ​នី​សេ​ហ្វ និង​ដៃគូ សូម​អំពាវនាវ​ដល់​ម​នុស្ស​គ្រប់រូប​ឱ្យ​លើកកម្ពស់ និង​អបអរសាទរ​ដល់​ទិវា​សិទ្ធិ​កុមារ ដែល​នាំទៅ​ធ្វើ​សកម្មភាព​នានា ដើម្បី​កសាង​ពិភពលោក​កាន់តែ​ល្អ​ជាមួយ​ពួកគេ​»​។

​លោក ពុធ សា​មិត្ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​ទូទៅ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែងថា ព្រឹត្តិការណ៍​នេះ មាន​សារៈសំខាន់ និង​អត្ថន័យ​ធំធេង ដើម្បី​បណ្តុះ​នូវ​គំនិត និង​មហិច្ឆតា​របស់​កុមារ និង​យុវជន​ឱ្យមាន​ជំនឿ​ជឿជាក់ និង​ក្តីសង្ឃឹម​ដ៏​មុតមាំ​ចំពោះ​អនាគត​ដ៏​ត្រចះត្រចង់ តាមរយៈ​ការទទួលបាន​ការអប់រំ​មានគុណ​ភាព និង​ការឆ្លើយតប​។

​លោក​ត្រូវបាន​ស្រង់​សម្ដី​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ក្រសួង​គាំទ្រ​នូវ​កម្មវិធី​នេះ​ដូចដែល​បានដាក់​អាទិភាព​នៅក្នុង​ផែនទី​បង្ហាញផ្លូវ​ការអប់រំ​នៅ​កម្ពុជា​ឆ្នាំ​២០៣០ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​៥​ឆ្នាំ និង​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ ក្នុងការ​វិនិយោគ​លើ​ការអប់រំ​សម្រាប់​យុវជន​»​។​

​លោក ចូ​សែ​ហ្វ សូ​យ័រ អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ថ្លែងថា អនាគត​ប្រកបដោយ​ចីរភាព​នឹងមិន​អាច​កសាងបាន​ទ្បើ​យ បើសិនជា​មិនមាន​ការចូលរួម​ពី​កុមារ​និង​យុវជន ដែលជា​ក្រុមមនុស្ស​នឹង​រស់នៅក្នុង​អនាគត​នោះ​។ គ្រប់គ្នា​នៅ​អង្គការសហប្រជាជាតិ គាំទ្រ​ពេញទំហឹង​ដល់​យុវជន​ឱ្យចូល​រួម​នៅ​គ្រប់​វិស័យ​ទាំង​អស់នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​។

​លោក​ត្រូវបាន​ស្រង់​សម្ដី​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​យើង​ត្រូវ​លើកកម្ពស់​សកម្មភាព​យុវជន នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ឧបករណ៍​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​។ កម្មវិធី​ជំនាន់​ថ្មី​គឺជា​ឧទាហរណ៍​មួយ​នៃ​គម្រោង​ដែល​កសាង​ប្រព័ន្ធ​គាំទ្រ​ដល់​គំនិត​ដ៏​ត្រចះត្រចង់​របស់​យុវជន​ឆ្នើមៗ​»​។

​លោក អានៀរ​បាន ឆា​តឺ​រ​ជី តំណាង​ស្តីទី​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា កម្មវិធី​ជំនាន់​ថ្មី​បានចាប់ផ្តើម​អនុវត្ត ដើម្បី​ផ្ដល់ឱកាស​ដល់​យុវជន អាចដឹកនាំ​គម្រោង​របស់ខ្លួន អភិវឌ្ឍ​ឆ្ពោះទៅ​អនាគត​ដែល​ផ្តល់ អាទិភាព​ដល់​តម្រូវកា​រ និង​ក្តីសង្ឃឹម​របស់​កុមារ​។ កុមារ និង​យុវជន​កម្ពុជា​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនាគត​កាន់តែ​ប្រសើរ​។ យូ​នី​សេ​ហ្វ​នឹង​បន្ត​គាំទ្រ​ពួកគេ​នៅ​គ្រប់​វិស័យ​នៃ​ជីវិត​របស់​ពួកគេ ដូចជា​ការអប់រំ សុខភាព និង​កិច្ចការពារ​កុមារ​។

​លោក​ថា​៖ «​យើង​ឱ្យ​តម្លៃ​លើ​កុមារ​ជា​ស្នូល​នៃ​កម្មវិធី​ទាំងអស់​របស់​យើង​។ ប៉ុន្តែ​គ្មាន​អ្វីដែល​ធ្វើឱ្យ​យើងខ្ញុំ​រំភើប​ជាង​ពេលដែល​ឃើញ កុមារ និង​យុវជន ដឹកនាំ​គម្រោង​របស់ខ្លួន​លើ​វិស័យ​ទាំងនោះ ដូចដែល​ពួកគេ​បានបង្ហាញ​ឱ្យ​យើង​ឃើញ​នៅថ្ងៃនេះ ដែល​នេះ​គឺជា​ឧទាហរណ៍​នៃ​ស្មារតី​របស់​ទិវា​កុមារ​ពិភពលោក​»៕