
លោក Masahiro MIKAMI អនុញ្ញាតឱ្យប្រើឡូហ្គោផ្លូវការនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ រូបថត ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា
ភ្នំពេញៈ លោក Masahiro MIKAMI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ Logo ផ្លូវការសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍នានា នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជានាឆ្នាំក្រោយ។
តាមរយៈសារវីដេអូនៅថ្ងៃទី ១៨ ខែវិច្ឆិកា លោក Masahiro MIKAMI បានមានប្រសាសន៍អំពីឡូហ្គោផ្លូវការនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជានាឆ្នាំក្រោយ និងរបៀបនៃការដាក់ពាក្យស្នើសុំប្រើប្រាស់ឡូហ្គោផងដែររ។
លោកទូតជប៉ុនបានលើកឡើងថា នេះគឺជារូបសញ្ញាសម្រាប់ការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសជប៉ុន និងកម្ពុជានៅឆ្នាំក្រោយ។ Logo នេះត្រូវបានបង្ហាញដោយលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ក្នុងឱកាសដែលលោក Kishida បានមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ អាស៊ាន។
លោកថ្លែងថា៖ «Logo នេះអាចអនុញ្ញាត ឱ្យប្រើសម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍នានា នៃការរំឭកខួបលើកទី៧០ ដែលយល់ព្រមដោយស្ថានទូតជប៉ុន។ ឥឡូវនេះយើងខ្ញុំបានបើកទទួលពាក្យស្នើសុំពីសាធារណជនហើយ»។
លោកបានគូសបញ្ជាក់ថា របៀបនៃការដាក់ពាក្យស្នើសុំប្រើប្រាស់ឡូហ្គោនេះ សាធារណជនអាចចូលទៅកាន់តំណភ្ជាប់នេះ៖ https://www.kh.emb-japan.go.jp/itpr_ja/11_000001_01076.html
សម្រាប់ភាសាអង្គគ្លេស និងតំណភ្ជាប់នេះ https://www.kh.emb-japan.go.jp/itpr_ja/11_000001_01075.html សម្រាប់ភាសាជប៉ុន៕