កំពតៈ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបន្តចាញ់បោកក្រុមជនខិលខូចដែលបានគប់គិតគ្នាបោកប្រាស់ប្រជាពលរដ្ឋ ទិញលក់ដី នៅក្នុងតំបន់ការពារធម្មជាតិ ដោយអះអាងថា ជាដីស្របច្បាប់ និងអាចរត់ការធ្វើបណ្ណសម្គាល់កម្មសិទ្ធិបាន តាមពិត គឺមិនអាចទៅរួចឡើយ។
នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ក្រោយពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានទប់ស្កាត់បានសម្រេចលើក្រុមជនខិលខូចបង្កើតទំព័រហ្វេសប៊ុក និងបានដាក់ផ្ទៃដីនៃឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងតំបន់អន្លង់ក្មេងលេងស្ថិតក្នុងភូមិសាស្ត្រ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត លក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោក នេត្រ ភក្ត្រា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន បានគូសបញ្ជាក់ថា ផ្ទៃដីដែលមានទំហំ ១៨០០ ហិកតាដែលជនខិលខូច រៀបចំផែនទីដាក់លក់នោះជាផ្ទៃដីព្រៃ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ ផ្ទៃដីមួយចំនួនត្រូវបានជនទុច្ចរិតលួចចូលឈូសឆាយទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ដើម្បីលក់ដូរ ហើយត្រូវបានកសាងសំណុំរឿងនៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចរាល់ហើយដែរ។
លោកបញ្ជាក់បន្ថែមថា មន្ត្រីនៃមន្ទីរបរិស្ថានបានធ្វើការតាមដាននិងធ្វើចំណាត់លើហ្វេសប៊ុកមួយឈ្មោះថា NL Real Estate Cambodia បានដាក់បង្ហាញផែនទីនិងទីតាំងដីទំហំ ១៨០០ ហិកតា និងរូបភាពមួយចំនួនសម្រាប់លក់។ ក្រុមមន្ត្រីបានសួរនាំភ្នាក់ងារលក់ដីដែលធ្វើសកម្មភាពនោះ ដោយបានបញ្ជាក់ថា ឈ្មោះ សុខ ម៉ាប់ ជាតំណាងម្ចាស់ដី។
តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត ឈ្មោះ សុខ ម៉ាប់ នេះគឺជាជនសង្ស័យមួយរូបក្នុងចំណោម ២ រូបដែលមន្ទីរបរិស្ថានខេត្តកំពត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការទន្ទ្រានដីព្រៃខុសច្បាប់នៅក្នុងភូមិអន្លង់ក្មេងលេង ឃុំតេជោ អភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាមួយឈ្មោះ ឡៅ អាន់ ដែលជាឪពុករបស់ខ្លួន។
បច្ចុប្បន្ន សំណុំរឿងបាននិងកំពុងបន្តនីតិវិធីនៅតុលាការខេត្តកំពត។ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បានបន្តថា ជាមួយភ័ស្តុតាង និងសាក្សីថ្មីនេះ មន្ទីរបរិស្ថានខេត្តកំពត នឹងរៀបចំសំណុំឯកសារភ័ស្តុតាងបន្ថែមដាក់ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់ ដើម្បីចាត់ការលើជនទុច្ចរិត រួមនឹងបក្ខពួកនៅពីក្រោយដែលខប់ខិតគ្នាចូលរុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់។
មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាន បានឱ្យដឹងទៀតថា ពាក់ព័ន្ធក្នុងរឿងនេះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពត បាននិងកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តដាក់ភ័ស្តុតាងបន្ថែមលើសំណុំរឿង និងបានអំពាវនាវដល់ពលរដ្ឋដែលបានចាញ់បោកក្រុមជនខិលខូចទិញដីនៅតំបន់នោះ ត្រូវទាមទារលុយរបស់ខ្លួនមកវិញព្រោះទីតាំងនោះជាដីរបស់ឧទ្យានជាតិបូកគោដែលត្រូវការពារនិងអភិរក្ស។
លោកថ្លែងថា៖ «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅតាមខេត្តនានាបានឡើយ, ក្រសួងស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូចតទៅទៀត»។
លោកបានលើកឡើងថា មានប្រជាពលរដ្ឋជាច្រើនបន្តការចាញ់បោកក្រុមជនខិលខូចដែលលក់ដីខ្យល់ គ្មានដីពិតប្រាកដ និងគ្មានការកាន់កាប់ស្របច្បាប់។ ក្រុមជនខិលខូចមួយចំនួនបានដើរចង្អុលដីព្រៃដើម្បីលក់ និងខ្លះទៀត បង្កើតឯកសារក្លែងក្លាយ ដើម្បីយកដីព្រៃរបស់រដ្ឋដោយប្រឌិតថា ជាដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាយូរមកហើយដើម្បីស្នើសុំកាត់ឆ្វៀល។
លោកថា ក្រុមជនខិលខូចមួយចំនួនប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយក្នុងជម្លោះដណ្តើមដីរដ្ឋ និងមានក្រុមជនខិលខូចខ្លះបានជួលប្រជាពលរដ្ឋដើម្បីតវ៉ា និងទាមទារដីជាមួយអាជ្ញាធរពេលចុះអនុវត្តច្បាប់។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា សូមកុំជឿលើជនខិលខូចដែលអះអាងថា ទិញដីរដ្ឋហើយអាចធ្វើប្លង់រឹងជាកម្មសិទ្ធិបាននោះ នេះគឺជាការបោកប្រាស់សុទ្ធសាធ។ កាលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកមេខ្យល់ក្នុងការទិញលក់ដូរដីខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងបញ្ហា ២ គឺទី១ ការខាតបង់ប្រាក់និងទ្រពសម្បត្តិរបស់ខ្លួន និងទី២ ប្រឈមមុខនឹងច្បាប់ជាមួយនឹងជនល្មើស ដោយសារតែការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ និងទិញលក់ដូរដីព្រៃរដ្ឋជាទង្វើខុសច្បាប់៕