កោះកុងៈ រដ្ឋបាលស្រុកស្រែអំបិល បានចេញសេចក្តីជូនដំណឹងទៅលោកមេឃុំទាំង ៦ នៃស្រុក ស្រែអំបិល ស្តីពីការចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី និងអ្នកអស់សុពលភាពឆ្នាំ២០២២ និងបានជំរុញមេឃុំទាំង ៦ នៃស្រុក ស្រែអំបិល ចាត់ចែងផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋតាមភូមិក្នុងឃុំរបស់ខ្លួន ដែលគ្រប់អាយុ ១៥ឆ្នាំ និងអ្នកផុតសុពលភាពឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា។
តាមលិខិតចុះថ្ងៃទី១៧ ខែវិច្ឆិកា ជម្រាបជូនទៅលោកមេឃុំទាំង៦ នៃស្រុក ស្រែអំបិល លោក ហុង ប្រុស អភិបាលស្ដីទីស្រុកស្រែអំបិល បានឱ្យដឹងថា ដើម្បីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងអ្នកអស់សុពលភាពឆ្នាំ ២០២២ ជូនប្រជាពលរដ្ឋ បានប្រើប្រាស់ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល នឹងចាត់ក្រុមការងារ ដោយអនុវត្តតាមផែនការដែលបានគ្រោងទុក គឺចុះធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋគ្រប់អាយុ ១៥ឆ្នាំ និងអ្នកផុតសុពលភាពឆ្នាំ២០២២ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់នៅឃុំដងពែង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវត្តទ័ពជាង ភូមិបាក់អង្រុត និងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាឃុំដងពែង។ សម្រាប់ឃុំជ្រោយស្វាយ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាភ្នំស្រឡៅ និងចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយស្វាយ។ សម្រាប់ ឃុំបឹងព្រាវ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅភូមិស្ទឹងឆាយ និងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាអនុវិទ្យាល័យបឹងព្រាវ។
សម្រាប់ឃុំជីខលើ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅសាលាឃុំជីខលើ និង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាល ឃុំជីខលើ។ សម្រាប់នៅឃុំជីខក្រោម ចាប់ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅប៉ុស្តិ៍នគបាលឃុំជីខក្រោម។ សម្រាប់ឃុំស្រែអំបិល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលាអនុវិទ្យាល័យវាល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលាឆទានភូមិខ្លុង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលាឆទានភូមិទ្រៀក។ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅភូមិចម្ការក្រោម៕