ភ្នំពេញៈ ក្រសួងបរិស្ថាន នឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។ កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបញ្ជាក់ថា៖ «ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី នឹងប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានទៅដល់ សាធារណជន សិស្ស និស្សិត ជាពិសេស ជំរុញចលនាគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព»។
កម្មវិធីនេះ ផ្តោតសំខាន់លើចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈក្នុងការចូលរួម ធ្វើអនាម័យបរិស្ថាន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៣០-៩:៣០នាទី នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕