ភ្នំពេញៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលោក លី ច័ន្ទតុលា បានដឹកនាំគណៈប្រតិភូគណៈមេធាវីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកច្បាប់ ឡអេស៊ា (LAWASIA) នៅប្រទេសអូស្ត្រាលី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យច្បាប់។
កិច្ចប្រជុំប្រចាំឆ្នាំ ឡអេស៊ា លើកទី៣៥ ត្រូវបានធ្វើឡើងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី ១៨-២១ វិច្ឆិកា ឆ្នាំ ២០២២ និងមានប្រតិភូគណៈមេធាវីកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះចំនួន ៣០ រូប។ ក្នុងពិធីនេះ មានការចូលរួមពីប្រធាន LAWASIA លោកស្រី Melissa K Pang អតីតប្រធាន LAWASIA សមាជិកប្រតិបត្តិ ប្រធានគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវី មកពីប្រទេសតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកចូលរួមប្រមាណ ៤០ ប្រទេស។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើងដើម្បីជាវេទិកាសម្រាប់ប្រធានគណៈមេធាវី អ្នកវិជ្ជាជីវៈច្បាប់ អង្គការវិជ្ជាជីវៈ ព្រមទាំង មេធាវីមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំដើម្បីពិភាក្សាអំពីបញ្ហា និងការវិវឌ្ឍរបស់ច្បាប់ក្នុងតំបន់ រួមទាំងការអនុវត្តច្បាប់ដោយតុលាការ ការអប់រំច្បាប់ ពាណិជ្ជកម្មឆ្លងប្រទេស ច្បាប់ស្តីពីការវិនិយោគ ព្រមទាំងយន្តការដោះស្រាយវិវាទផងដែរ។
នាឱកាសនោះ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក លី ច័ន្ទតុលា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយប្រធានឡអេស៊ា លោកស្រី Melissa K Pang និងថ្នាក់ដឹកនាំរបស់ឡអេស៊ាមួយចំនួន ដើម្បីពិភាក្សាការងារ និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឡអេស៊ា។
លោក លី ច័ន្ទតុលា បានជម្រាបជូនអង្គប្រជុំអំពីគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិក:មេធាវី និងបានបញ្ជាក់ជូនចំពោះគណៈប្រតិភូឡអេស៊ា អំពីគោលបំណងរបស់គណៈមេធាវីកម្ពុជា ដែលតែងតែបន្តកិច្ចសហប្រតិបត្តិការ ជានិច្ចជាមួយឡអេស៊ា។
លោកថ្លែងថា៖ «ជាពិសេស គឺផ្តោតសំខាន់ទៅលើការធ្វើសិក្ខាសាលារួមគ្នា និងជំនាញក្នុងការគ្រប់គ្រងការិយាល័យ វិជ្ជាជីវ:មេធាវី ក្នុងគោលបំណងផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ និងជំនាញដល់មេធាវីទាំងអស់ និងដើម្បី [ការប្រកួតប្រជែង] របស់មេធាវីកម្ពុជា»។
លោកស្រី Melissa K Pang ប្រធានឡអេស៊ា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឡអេស៊ា កន្លងមក។ លោកស្រីក៏បានចាប់អារម្មណ៍លើប្រព័ន្ធជំនួយផ្នែកច្បាប់នៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកស្រីបានសម្តែងការគាំទ្រ និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
លោក លី ច័ន្ទតុលា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ វិច្ឆិកា ពីប្រទេសអូស្ត្រាលី មកថា សម្រាប់ឆ្នាំនេះ លោកបានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ៣០ រូប ដើម្បីចូលរួមកិច្ចប្រជុំនេះ រួមមានសមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី និងមេធាវីមួយចំនួនទៀត។ លោកបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់ ឡអេស៊ា គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់គណៈមេធាវីកម្ពុជា ក្នុងនាមជាសមាជិក ដើម្បីផ្តល់ជាយោបល់ និងបង្កើនកិច្ចសហការ រវាងគ្នា និងគ្នាលើវិស័យច្បាប់។
លោកថា៖ «កិច្ចប្រជុំប្រចាំឆ្នាំរបស់ ឡអេស៊ា យើងទទួលបានផលប្រយោជន៍ច្រើន សម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចគណៈមេធាវីដែរ ដែលជាការបង្ហាញនូវមុខមាត់របស់គណៈមេធាវីកម្ពុជា ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់មេធាវីកម្ពុជានៅក្នុងក្របខ័ណ្ឌ ឡអេស៊ា ក៏ដូចជាឆាកអន្តរជាតិ»។
លោកបន្តថា ក្រៅពីបង្ហាញមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ កម្ពុជាក៏បានទទួលប្រយោជន៍មួយទៀត គឺពង្រឹងនូវចំណងទំនាក់ទំនងរវាងគណៈមេធាវីកម្ពុជា និងឡអេស៊ា និងជាមួយគណៈមេធាវីដទៃទៀត។
លោកថ្លែងថា៖ «មកដល់នេះខ្ញុំបានធ្វើការប្រជុំជាមួយប្រធាន និងអនុប្រធាន ឡអេស៊ា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងមានកិច្ចប្រជុំទ្វេភាគីជាមួយបណ្តាប្រធានគណៈមេធាវី នៃប្រទេសផ្សេងៗ រួមមាន កូរ៉េខាងត្បូង ឥណ្ឌា សិង្ហបុរី និងអូស្ត្រាលីជាដើម»។
លើសពីនេះ កិច្ចប្រជុំទ្វេភាគីដែលបានធ្វើជាមួយថ្នាក់ដឹកនាំ ឡអេស៊ា លោកបានជជែកអំពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនជាងនេះ។ ជាពិសេស កម្ពុជាបានស្នើធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទ ឬទស្សនកិច្ចសិក្សាផ្សេងៗដែលពាក់ព័ន្ធជាមួយកិច្ចការងារផ្នែកច្បាប់។ នេះបើតាមលោកលី ច័ន្ទតុលា។
លោកថា៖ «បន្ថែមពីលើនេះ កិច្ចប្រជុំនេះ យើងបានអញ្ជើញមេធាវី ឬចៅក្រម ដែលមានជំនាញ ដើម្បីផ្តល់ និងចែករំលែកបទពិសោធន៍ទៅលើប្រធានបទធំៗ ដែលមានចែកជាផ្នែករដ្ឋប្បវេណី ពាណិជ្ជកម្ម សិទ្ធិមនុស្ស និងនីតិរដ្ឋ។ អ៊ីចឹងនៅទីនេះមានមេធាវីយើង ដែលបានចូលរួមក្នុងសន្និសីទបានស្តាប់វាគ្មិន ហើយក៏បានចែករំលែកនូវមតិយោបល់ និងការយល់ឃើញរបស់យើងផងដែរ»។
លើសពីនេះ កិច្ចប្រជុំ LAWASIA ប្រចាំឆ្នាំនេះក៏ជាវេទិកា ១ ដើម្បីឱ្យអ្នកវិជ្ជាជីវៈច្បាប់អាចចែករំលែកនូវមតិយោបល់ បទពិសោធន៍នានា បង្កើនទំនាក់ទំនងថ្មីៗ ជំរុញការពង្រឹងគោលការណ៍ «នីតិរដ្ឋ» នៅតាមបណ្តា យុត្តាធិការនានាក្នុងតំបន់។ ជាពិសេស គឺការចូលរួមក្នុងការលើកតម្កើងការប្រកបវិជ្ជាជីវៈមេធាវី ដូចគ្នានឹងគោលការណ៍ដឹកនាំរបស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី ១៤ «រួមគ្នាដើម្បីលើកតម្កើងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី» ។
លោក លី ច័ន្ទតុលា ឱ្យដឹងដែរថា កាលពីឆ្នាំ ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រចាំឆ្នាំ របស់ ឡអេស៊ា ដែលបានរៀបចំធ្វើទៅក្រុងសៀមរាប ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ឡអេស៊ា (LAWASIA) គឺជាសមាគម ១ ដែលប្រមូលផ្តុំនូវគណៈមេធាវី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន មេធាវី ចៅក្រម និងអង្គការផ្នែកច្បាប់ ដែលមានសមាជិកប្រមាណ ៤០ ប្រទេស៕