ភ្នំពេញៈនៅ​សន្និ​សីទ​អាកាស​ធាតុ COP27 នា​ប្រទេស​អេ​ហ្ស៊ី​ប​ កម្ពុជា​បាន​យល់​ព្រម​ចុះ​កិច្ចព្រមព្រៀង​លក់​ឥណទាន​កាបូន​ប្រមាណ ១៥ ​លាន​តោនជា​មួយ​បណ្តា​ដៃគូ​អន្តរ​ជាតិ ក្នុងន័យ​ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន និង​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃឈើក្នុង​គម្រោង REDD+ របស់​កម្ពុជា ដើម្បី​ចូលរួម​ទប់​ស្កាត់​ការប្រែ​ប្រួល​អាកាស​ធាតុ​ជាមួយ​សកល​លោក​។​

​ក្នុង​សន្និ​សីទ​អាកា​សធាតុ COP27 ដែល​បាន​ប្រព្រឹត្ត​ទៅ​ជាង ២ ​សប្តាហ៍​ចាប់​តាំងពី​ថ្ងៃទី​ ៦ វិច្ឆិកា ដែល​បាន​បិទ​បញ្ចប់​នា​ថ្ងៃ​ទី ​១៩ វិច្ឆិកា នៅ​ប្រទេស​អេ​ហ្ស៊ី​ប សម្រាប់​កម្ពុជា​ដែល​ជា​សមាជិក​ដែរនោះ​ បាន​សម្រេច​ចុះ​កិច្ចព្រម​ព្រៀង​ជាមួយ​សាជី​វករ​អន្តរ​ជាតិ​ផ្នែក​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​បាន​ត្រួត​ពិនិត្យ​ (VERs) ប្រមាណ ១៥​លាន​ តោន ឬ ១៥​លាន​ តោន​នៃ​ឥណ​ទាន​កាបូន ​(Credit Carbon) ជា​ផ្នែក​មួយ​នគម្រោង REDD+

របស់​កម្ពុជា​ក្នុង​ន័យ​សហ​ការ​បិទ​បញ្ចប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​។​

​តាម​ការ​បញ្ជាក់​ពី​ក្រសួង​បរិស្ថាន​ រដ្ឋាភិ​បាល​កម្ពុជា​នឹងធ្វើ​ការ​ចុះហ​ត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​សាជីវ​កម្ម​ឈាន​មុខ​គេ​ដែល​ជា​ភ្នាក់​ងារ​បញ្ជា​ទិញ​ឥណ​ទាន​កាបូន​ពី​គម្រោង REDD+ ចំនួន​ ៣ របស់​ប្រទេស​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​សមា​គម​អភិ​រក្ស​សត្វ​ព្រៃ ​(WCS) និង​អង្គ​ការ​សម្ព័ន្ធ​សត្វ​ព្រៃ ​(Wildlife Alliance) ។​

​ជា​មួយ​គ្នានេះ លោក​ សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​សន្និ​សីទ​អាកាស​ធាតុ ​COP27 នៅ​អេ​ហ្ស៊ី​ប បាន​លើក​ឡើង​ថា មូល​និធិ​ដែល​បាន​មកពី​ការ​លក់​ឥណ​ទាន​កាបូន (VERs) ជួយ​ក្រសួង​បរិស្ថាន​របស់​ក​ម្ពុ​ជា អនុវត្ត​គោល​នយោ​បាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដែល​គាំទ្រ​ដល់​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​របស់​ប្រទេស​យើង​ក្នុង​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ រួមទាំង​ការ​ផ្លាស់​ប្តូរ​របស់​យើង​ទៅ​កាន់​កម្ម​វិធី REDD+ ។

​លោក​ សាយ សំ​អាល់ បាន​គូស​បញ្ជាក់​ថា ៖ «​នៅពេ​លដែល​ពិភព​លោក​កំពុង​ព្យាយា​ម​ជម្នះ ​ដើម្បី​បំពេញ​តាម​ការប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​សេចក្តី​ប្រកាស​របស់​បណ្តា​មេដឹក​នាំ​នាទី​ក្រុង Glasgow ស្តីពី​ព្រៃឈើ​ និង​ការប្រើ​ប្រាស់​ដី បទ​ពិសោធ​ន៍​របស់​ក​ម្ពុ​ជា​បង្ហាញ​ពី​របៀប​ដែល​គម្រោង ​REDD+ អាច​ជួយ​កម្ពុជា ដែល​បាន​ត្រៀម​ខ្លួន​រួចជាស្រេ​ច​ក្នុង​កិច្ចការ​ថែ​រក្សា​គម្រប​ព្រៃ​ឈើ​របស់​ខ្លួន ប្រកប​ដោយ​ចីរ​ភាព និង​ហិរញ្ញ​ប្បទាន​ទ្រង់​ទ្រាយ​ធំ​»​។​

​សូម​ជម្រាប​ផង​ដែរ​ថា ក្រប​ខ័ណ្ឌ REDD+ ជា​គម្រោង​បង្កើត​ឡើង​ដោយ​សន្និសី​ទ​អង្គកា​រសហប្រ​ជាជាតិ សំដៅ​ដល់​ការ​កា​ត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​កើត​ចេញពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ការ​សឹក​រេច​រឹល​របស់​គម្រប​ព្រៃឈើ​ ជាមួយ​យន្ត​ការ​អភិ​រក្ស ការ​គ្រប់​គ្រង​ព្រៃ​ឈើ​ប្រកប​ដោយ​និរន្ត​រភាព និង​ការលើក​កម្ពស់​ការ​ស្តុក​កាបូន​ព្រៃឈើ​​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​។

REDD+ គឺជា​យុទ្ធ​សាស្ត្រ​កាត់​បន្ថយ​វិបត្តិ​នៃ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ ដែល​អនុញ្ញាត​ឱ្យ​សហ​គមន៍ និង​រដ្ឋាភិ​បាល​ទទួល​បាន​ការ​ទូទាត់​ពី​ទីផ្សារ​កាបូន​ដោយ​ស្ម័គ្រ​ចិត្ត​ សម្រាប់​ការកាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដែល​សម្រេច​បាន​តាមរយៈ​គម្រោង​ការ​ពារ​ព្រៃឈើ​​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ លោក​ស្រី Suwanna Gauntlett នាយិកាប្រតិបត្តិ​នៃ​សម្ព័ន្ធ​សត្វ​ព្រៃ ​(Wildlife Alliance) បាន​ថ្លែងថា គម្រោង ​REDD+ របស់​កម្ពុជា ត្រូវបាន​ផ្ទៀង​ផ្ទាត់​ដោយ​ឯករាជ្យ​បំផុត ក្នុងការ​ត្រួតពិ​និត្យ និង​វាយ​តម្លៃ ដើម្បី​ធានា​បាន​ការកា​ត់ប​ន្ថយ​ការ​បំ​ភាយ​ឧស្ម័ន កា​រពារ​គម្រប​ព្រៃ​ឈើ ​ព្រមទាំង​ការពារ​បាន​នូវ​ចំនួន​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ផង​។​

​លោកស្រី​នាយិកាប្រតិ​បត្តិ​សម្ព័ន្ធ​សត្វព្រៃ​រូបនេះ​សង្កត់​ធ្ងន់​ថា ៖ «​ចំពោះ​សារៈ​សំខាន់​នៃ​គម្រោង​ឥណ​ទាន​កាបូន​ REDD+ ដូច្នេះ​ថា​៖ អត្ថ​ប្រយោជន៍​ទាំងនេះ បង្កើន​កំណើន​សេដ្ឋកិច្ច​ ខណៈ​វា​បាន​ចូលរួម​ថែរក្សា​សម្រស់​ធន​ធាន​ធម្មជាតិ​នៃ​ប្រទេស​របស់​ពួកគេ​ក្នុង​ពេល​តែ​មួយ​ផង​»​។​

​កាលពី​ថ្ងៃទី ​១៦ ​វិច្ឆិកា ឆ្នាំ​ ២០២២ លោក ​សាយ សំ​អាល់ បាន​ថ្លែង​សុន្ទរ​កថា​នៅ​សន្និសីទ​​អាកាសធា​តុ COP27 ដោយ​អំពាវនា​វ​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្ពស់ បង្ហាញ​ភាព​ជា​អ្នក​ដឹក​នាំ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​។

​លោក​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​បដិ​ភាគ​ថវិកា​ប្រមាណ ​២,៣​ភាគរយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សុ​រប ​(GDP) សម្រាប់​សកម្ម​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ បង្កើន​ការ​ប្រើ​ប្រាស់​ថា​មពល​កកើត​ឡើង​វិញ ការពារ​ព្រៃឈើ​ និង​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្ត​គោល​នយោ​បាយ​ផែន​ការ​នានា​ជាអាទិ៍ យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​រយៈ​ពេល​វែង​ប្រក​បដោយ​អព្យា​ក្រឹត​កាបូន ​និង​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​ការ​ចូលរួ​មចំ​ណែក​រប​ស់​ជាតិ​ ដើម្បី​អនុវត្ត​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជាជាតិ​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុ​។​

​យោង​តាម​ទិន្នន័យ​ពីសារ​ជីវ​ករ​ឥណ​ទាន​កាបូន​អន្តរ​ជាតិ កម្ពុជា​បានរៀបចំ​បន្ថែម​ផ្ទៃដី ១,១៩​ លាន​ហិកតា​ បន្ថែម​ទៀត ដែល​នាំ​ឱ្យ​តំបន់​សម្រាប់​គម្រោង REDD+ របស់​កម្ពុជា​បាន​ឈាន​ដល់​ប្រមាណ ១ ​ភាគ​ ៣ នៃ​តំបន់​គម្រប​ការពារ​ព្រៃ​ឈើ​ទាំង​មូល​របស់​កម្ពុជា​។​

​ពាក់ព័​ន្ធ​នឹង​បញ្ហា​នេះ លោក ​ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រា​វ និង​តស៊ូ​មតិ​នៃ​សមា​គម​បណ្តាញ​យុវជន​កម្ពុជា (CYN)និង​ជា​អ្នក​តាម​ដាន​បញ្ហា​បរិស្ថានយល់​ឃើញ​ថា វត្តមាន​គម្រប​ព្រៃឈើ​បាន​ដើរតួ​នាទី​យ៉ាងសំ​ខាន់ ​មិន​ត្រឹម​សម្រាប់​កម្ពុជា​នោះទេ ប៉ុន្តែ​ក៏មាន​តម្លៃ​ជា​សកល​ផងដែរ ដើម្បី​ទ​ប់ទល់​វិបត្តិ​ការ​ប្រែប្រួល​អាកាស​ធាតុ ​ដែល​សាជី​វករ​ឥណទា​ន​កាបូន​​អន្តរ​ជាតិ​តែង​សម្លឹង​ឃើញ​។​

​លោក ហេង គឹមហុង ថា​៖ «​យោង​តាម​បទពិ​សោធន៍​នៃ​ការល​ក់​ឥណទា​ន​កាបូន​កន្លង​មក កម្ពុជា​បាន​យក​ចំណូល​ទាំង​នោះ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​សហ​គមន៍​ផង ហើយ​កម្មវិធី REDD+ នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​លើក​មុខ​មាត់​កម្ពុជា​»​។​

​លោក​ថា ដើម្បី​ជំរុញ​ការលក់​ឥណទា​ន​កាបូន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព ​ទាក់ទាញ​ទីផ្សារ​កាបូន​អន្តរជាតិឱ្យ​បន្ត​មក​​ទិញ​កាបូន​​នៅ​កម្ពុជា​បន្ត​បន្ទាប់​មក​ទៀត ទាល់តែ​កម្ពុជា​អនុវត្ត​កម្មវិធី​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ បើសិន​​មានការ​រេច​រឹល​គម្រប​ព្រៃឈើ​កម្ពុជា យើង​ពិបាក​ធានា​ណាស់​ថា យើង​អាច​បន្ត​កម្មវិធី​ឥណទាន​កាបូន​នេះ​បាន ។​

​អ្នកឃ្លាំ​មើល​បញ្ហា​បរិស្ថាន​រូបនេះ​បាន​អំពាវនាវ​ឱ្យ​ក្រសួងប​រិស្ថាន​ ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​គួរ​ដាក់ចេញ​នូវ​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ដើម្បី​ធានា​សុវត្ថិ​ភាព​គម្រប​ព្រៃឈើ​កម្ពុជា ពី​ការកាប់​បំផ្លាញ​នានា ដើម្បី​ធានា​បាន​នូវ​និ​រន្ដរភាព​កម្មវិធី REDD+​។

​លោក​ហេង គឹមហុង បាន​​បញ្ជាក់ថា​ ៖ «​​បើសិនជា ព្រៃឈើ​កម្ពុជា​ទទួលរង​ការ​គំរាម​កំហែង​កាប់បំ​ផ្លាញ ដៃគូ​អន្តរជាតិ​នៃ​ឥណ​ទាន​កាបូន អាច​នឹង​ពិចារ​ណា​លុប​ការទិ​ញ​ឥណទាន​កា​បូន​ទាំងឡា​យ​ពី​កម្ពុជា​»​។​

​សូម​រំឭក​ថា កាល​ពី​ថ្ងៃទី ​៣ ខែសីហា ឆ្នាំ ២០២២ កន្លង​ទៅ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋម​ន្ត្រីកា​របទេស​អាស៊ាន ​លើក​ទី​៥៥ ​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កម្ពុជា​ជា​ម្ចាស់ប្រមុខ​ការទូត​អាស៊ាន ​បាន​ស្វាគមន៍​ចំពោះ​ការអនុម័ត​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ នៅ​សន្និសីទ​អង្គការ​សហ​ប្រ​ជាជាតិ​ស្តីពី​អាកាស​ធាតុ COP 26 ក្នុង​ទីក្រុង Glasgow នៅ​ចក្រ​ភព​អង់គ្លេស​។

​ប្រមុខ​ការទូត​អាស៊ាន ក៏បាន​បញ្ជាក់​ឡើងវិ​ញ​នូវ​ការប្តេជ្ញាចិត្ត ចំពោះ​អនុសញ្ញា​ក្រប​ខ័ណ្ឌ​អង្គការ​ស​ហប្រជា​ជាតិ​ស្តីពី​កា​រប្រែ​ប្រួល​អាកាស​ធាតុ (UNFCCC) ផ​ងដែរ​។​

​កាលពី​ឆ្នាំ ២០២០ កម្ពុជា​ជា​ប្រទេស ​១ ក្នុ​ងចំណោម​​ប្រទេស ៧២ ដែល​បានដាក់​របាយ​ការណ៍​ប​ច្ចុ​ប្បន្ន​ភាព នៃ​ការ​ចូល​រួមចំ​ណែក​រប​ស់​ខ្លួន ក្នុង​ការ​អនុវត្ត​អ​នុសញ្ញា​ក្រប​ខ័ណ្ឌ​សហប្រ​ជាជាតិ​ស្ដីពី​ការប្រែ​ប្រួល​អាកាស​ធាតុ (NDC) ទៅ​លេខាធិ​ការ​ដ្ឋាន UNFCCC មុន​ពេល​កំណត់​។ នៅ​ឆ្នាំ ២០២១ កម្ពុជា​បាន​ដាក់​ជូន​នូវ​យុទ្ធសា​ស្ត្រ​អភិវឌ្ឍន៍​រយៈ​ពេល​វែង​ប្រកប​ដោយ​អព្យា​ក្រឹត​កាបូន​ ឬ ”Cam​bodia’s Long Term Strategy for Carbon Neutrality (LTS4CN)” ជា​មួយ​គោល​ដៅ​លើ​ការ​បញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​នៅ​ត្រឹម​ឆ្នាំ ២០៥០ ​៕