ភ្នំពេញៈ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងមកនេះ បានចេញ​សារ​តាម​លិខិត​ចំហ បញ្ជាក់​បន្ថែមទៀត ចំពោះ​ចំណងមិត្តភាព​ចិន និង​កម្ពុជា​កាន់តែ​រឹងមាំ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ចិន​មក​កម្ពុជា និង​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​រាជធានី​ភ្នំពេញ​។​

​លោក Wang ថ្លែង​នៅក្នុង​លិខិត​ចំហ​ កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកាថា ​ចំណុច​លេចធ្លោ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ជាការ​បន្ត​ពង្រឹង​ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក​លើ​នយោបាយ និង​ការ​​កសាង​សហគមន៍​វាសនា​រួម ត្រូវបាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ក្រអៅ​បេះ​​ដូង​ប្រជាជន​។​

​លោក Wang ថ្លែងថា​៖ «​ភាគី​ចិន​បានបញ្ជាក់​ជាថ្មី​ម្ដងទៀត​ចំពោះ​ការ​​គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា គាំទ្រ​ប្រជា​​ជនកម្ពុជា​ដើរ​លើ​មាគ៌ា​នៃ​ការអភិវឌ្ឍ​ដែល​សមស្រប​នឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន ខិតខំ​ប្រឹងប្រែង​ជួយ​កម្ពុជា​ក្នុងការ​​ការពារ​ស្ថិរភាព សម្រេចបាន​នូវ​ការ​​អភិវឌ្ឍ និង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​»​។

​លោក​បន្តថា​៖ «​ភាគី​ទាំង​ ២ ​បាន​សង្កត់ធ្ងន់ថា នឹង​ព​ន្លឿ​ន​ការកសាង​សហគមន៍​វាសនា​រួម​រវាង​ចិន ​និង​កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ក្នុងសម័យ​កាលប្រវត្តិ​សាស្ត្រ​ថ្មី​ពិភាក្សា និង​ចុះ​ហត្ថ​​លេខា​លើ​ផែនការ​សកម្មភាព​ថ្មី​ក្នុង​ការកសាង​សហគមន៍​វាសនា​រួម​រវាង​ចិន​ និង​កម្ពុជា និង​រួមគ្នា​បញ្ជូន​សារ​វិជ្ជមាន​ថា ចិន​ និង​កម្ពុជា​ បន្តម​រត​កប​ឋ​ម​ចិត្ត​និង​ចំណងមិត្តភាព​ដោយ​មិន​ងាករេ​»​។​

​លោក លី កេ​ឈាង (Li Keqiang) ​នាយករដ្ឋមន្ដ្រី​ចិន​បានមក​បំពេញ​​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ៤ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៨-១១ ខែវិច្ឆិកា​។ ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នេះ លោក​បាន​ចូល​​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា នៅ​រាជធានី​​ភ្នំពេញ ដែល​បាន​បិទ​បញ្ចប់​កាលពី​ប្រមាណ​ ១​ សប្តាហ៍​មុន​។

លោក Wang Wentian ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាថ្លែងថា លោក Li បានជ្រើសរើស​ប្រទេស​កម្ពុជា​ សម្រាប់​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ ​១៩ បាន​ឆ្លុះបញ្ចាំង​ពី​ការយក​​ចិត្ត​ទុកដាក់​ខ្ពស់ របស់​ភាគី​ចិន​សម្រាប់​ទំនាក់ទំនង​ចិន​ និង​កម្ពុជា ហើយក៏​បង្ហាញ​ពី​លក្ខណៈ​សំខាន់​ពិសេស​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។​

​លោក​ថ្លែងថា​៖ «​ដំណើរ​ទស្សនកិច្ច​​នា​លើក​នេះ​បាន​ជួយ​លើកកម្ពស់​កិច្ច​​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ រវាង​ចិន​ និង​កម្ពុជា ​ឱ្យ​កាន់តែ​ស៊ី​​ជម្រៅ​ថែម​មួយកម្រិត​ទៀត ជំរុញ​ទំនាក់​​ទំនង​រវាង​ប្រទេស​ទាំង​២​ឱ្យ​កាន់តែ​ស៊ី​​ជម្រៅ​ក្នុង​កម្រិត​ខ្ពស់ ផ្តល់​អត្ថ​ប្រ​យោជន៍​កាន់តែ​ល្អប្រសើរ​ជូន​ដល់​ប្រជា​​ជន​ទាំង ២​»​។

លិខិត​នេះ​បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​នៃ​ការបំពេញ​ទស្សន​​កិច្ច​នៅ​កម្ពុជា លោក Li បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា និង​មាន​ជំនួប​ជា​​មួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ភាគី​ទាំង​ ២​ បាន​ពិភាក្សាគ្នា​យ៉ាង​​ស៊ីជម្រៅ​លើ​ប្រធានបទ​ដូចជា​ការ​រឹតចំណង​មិត្ត​ភាពជា​ប្រពៃណី ការលើក​​កម្ពស់​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ជាក់​​ស្តែង​លើ​បណ្តា​វិស័យ និង​បញ្ហា​អន្តរជាតិ​និង​ក្នុង​តំបន់​ដែលជា​ក្តីបារម្ភ​រួម និង​បានកំណត់​ជា​កុងសង់ស៊ីស​យ៉ាង​​ទូលំទូលាយ​។​

​ភាគី​ទាំង​ ២ ​បានប្រកាស​រួមគ្នា​ថា ឆ្នាំ​ ២០២៣​ ជា «​ឆ្នាំមិត្តភាព​រវាង​ចិន ​និង​កម្ពុជា​» និង​បានចេញ​សេចក្ដី​ថ្លែង​​ការណ៍​រួម ព្រមទាំង​បាន​ចុះ​​ហត្ថលេខា​លើ​ឯកសារ​កិច្ច​​សហប្រតិបត្តិការ​ទ្វេភាគី​ចំនួន​ ១៨​ ឯកសារ​។

​ចិន និង​កម្ពុជា ​ក៏បាន​ប្តេជ្ញា​បន្ត​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការជាក់ស្ដែង​ឱ្យ​កាន់តែ​ស៊ី​​ជម្រៅ និង​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​​ជ្រោយ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ ភាគី​ទាំង ​២​ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ការពារជាតិ​ និង​ការអនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ ២ និង​ជំរុញ​បង្ក្រាប​សកម្មភាព​ជួញដូរ​មនុស្ស ល្បែងស៊ីសង​អន​​ឡាញ សកម្មភាព​ឆបោក​តាម​ទូរគមនាគមន៍ និង​បទឧក្រិដ្ឋ​កម្ម​ដែល​ពាក់ព័ន្ធ​។

​ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ​បញ្ជាក់ថា ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​គ្នាព​ន្លឿ​ន​ការកសាង​រួមគ្នា​នូវ​ខ្សែក្រវាត់ ​និង​ផ្លូវ​ដែលមាន​គុណភាព​ខ្ពស់ លើក​​កម្ពស់​កិច្ចសហប្រតិបត្តិការ​ផលិត​កម្ម​និង​វិនិយោគ ព​ន្លឿ​ន​គម្រោង​ធំៗ ដើម្បី​ជួយ​កម្ពុជា ព​ន្លឿ​ន​ការកសាង​ប្រព័ន្ធ​ឧស្សា​​ហ​កម្ម​ទំនើប​នីយកម្ម សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក យង់ ពៅ អគ្គលេខា​​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការចុះ​កិច្ច​​ព្រមព្រៀង និង​ឯកសារ​យ៉ាង​​ច្រើន​រវាង​កម្ពុជា និងចិន​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់លោក Li គឺ​សម្រាប់​ជាការ​​បញ្ជាក់​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន​។ ម្យ៉ាង​​ទៀត នៅក្នុង​ទិដ្ឋភាព​នៃ​ភូមិ​​សាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​នេះ គឺ​កម្ពុ​ជាមាន​តួនាទី​សំខាន់​ណាស់​រវាង​ទំនាក់ទំនង​កម្ពុជា​-​ចិន ក្នុង​បរិបទ​អាស៊ាន​នេះ​។ កម្ពុជា និង​ចិន​ត្រូវការ​គ្នា​ទៅវិញទៅមក​។​

​លោក​ថា​៖ «​ដូច្នេះ អគ្គរដ្ឋទូត​ចិន​ប្រចាំ​ព្រះរាជា​ណា​កម្ពុជា ចេញ​លិខិត​ចំហ​នេះ ជា​ការពិតហើយ គឺ​កម្ពុជា​-​ចិន​ ជា​មិត្ត​គ្រប់​ជ្រុងជ្រោយ​យ៉ាង​ដូច្នេះ​ប្រាកដ​មែន​»៕